កំពង់ស្ពឺ៖ អតីតមន្ត្រីការិយាល័យសុរិយោដីស្រុកសំរោងទង លោក ឡុង សុភាព ត្រូវបានតុលាការខេត្តកំពង់ស្ពឺសម្រេចឃុំកាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ក្រោយពីអតីតមន្ត្រីរូបនេះបានបង្ហោះសារវាយប្រហារធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរថ្នាក់ដឹកនាំ។
យោងតាមសម្តីរបស់មន្ត្រីជាន់ខ្ពស់នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះបានឱ្យដឹងថា លោក ឡុង សុភាព ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីបុគ្គលរូបនេះបានបង្ហោះព័ត៌មានបំផ្លើសបំផ្លៃ វាយប្រហារ ថ្នាក់ដឹកនាំ ដែលចំណុចនេះធ្វើឱ្យមានការរើសអើងនិងប៉ះពាល់កិត្ដិយសសេចក្ដីថ្លៃថ្នូរ បុគ្គលដោយចេតនា។ លោក ឡុង សុភាព ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីសុរិយោដីស្រុកសំរោងទង ដោយសារតែប្រព្រឹត្ដខុសច្រើនលើកច្រើនសារមិនអនុវត្ដតាមឋានានុក្រមការងារ មិនបំពេញការងារ សេរីគ្មានច្បាប់ ប្រព្រឹត្តិអំពើពុករលួយប៉ះពាល់លើការផ្ដល់សេវា ចែកព័ត៌មានសម្ងាត់របស់មន្ទីរអង្គភាពចេញទៅខាងក្រៅដោយគ្មានការអនុញ្ញាត។
មន្រ្តីខាងលើក៏បានបន្ថែមទៀតថា ក្រោយពីបណ្តេញចេញអតីតមន្ត្រីការិយាល័យសុរិយោដីរូបនេះ នៅតែបន្តសកម្មភាពបង្ហោះសារលើបណ្តាញសង្គមវាយប្រហារម្តងហើយ ម្តងទៀតមកលើថ្នាក់ដឹកនាំខេត្ត ព្រោះតែមិនសុខចិត្តនិងការសម្រេចលុបឈ្មោះរបស់ខ្លួនចេញពីក្របខ័ណ្ឌនិងបណ្តេញចេញពីអង្គភាព ទើបតុលាការសម្រេចនាំខ្លួនមកសួរនាំនិងឃុំខ្លួនតែម្តង។
សូមបញ្ជាក់ផងដែរថាលោក ឡុង សុភាព ត្រូវបានអតីតអភិបាលស្រុកសំរោងទងលោក ស៊ីម រតនៈ សម្រេចបណ្តេញចេញពីមន្ត្រីសុរិយោដីស្រុកនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រោយបុគ្គលរូបនេះរងការរិះគន់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានថាមានភាពឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ និងប្រព្រឹត្តិអំពើពុករលួយ។ជុំវិញការលុបឈ្មោះនេះលោក ឡុង សុភាព បានបង្ហាញពហិការមិនព្រមទទួលយក ដោយអះអាងថាជាការបង្កាច់បង្ខូច ខ្លាចប៉ះផលប្រយោជន៍ និងចាត់ទុកដីកាសម្រេចនោះឈរលើគំនុំ។បន្ទាប់មកលោកក៏បានស្វែងរកកិច្ចអន្តរាគមន៍ពីគ្រប់រូបភាពដើម្បីអាចទទួលបានក្របខ័ណ្ឌវិញ៕