ខេត្តក្រចេះ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ផ្តាំផ្ញើដល់ក្រុមការងាររាជរដ្ឋាភិបាលថ្មី ចុះមូលដ្ឋាន ក្រុង ស្រុក ទាំង ៧ នៃខេត្តក្រចេះ ត្រូវតែខិតខំប្រឹងប្រែង ក្នុងការបម្រើប្រជាពលរដ្ឋដើម្បីឆ្លើយតបទៅនឹងជំនឿទុកចិត្ត របស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំប្រទេសជាតិ បានកាន់តែរីកចំរើន និងរក្សាបានសុខសន្តិភាពទៅមុខទៀត។
លោកបន្តថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ដែលបានបង្កើតឡើងនេះ គឺជាផ្នែកមួយតំណាងឱ្យរាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ដើម្បីរួមគិតនិងដោះស្រាយបញ្ហា ក្នុងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានការរីកចម្រើន។
លោកបានមានប្រសាសន៍បែបនេះ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក នៃខេត្តក្រចេះ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។
លោក នេត្រ ភក្ត្រា បានបន្តថា ប្រធានក្រុមការងាររបស់ ក្រុង ស្រុក នីមួយៗ គឺមានតួនាទីក្នុងការកំណត់នូវសក្តានុពលទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច នៅមូលដ្ឋាននីមួយៗដែលមានលទ្ធភាពតម្រង់ទិសខេត្ត ក្នុងផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ ដើម្បីរៀបចំទីតាំងឱ្យសមស្រប មានហេដ្ឋារចនាសម្ពន្ធ័ ផ្លូវ ទឹក ភ្លើង អោយគ្រប់គ្រាន់ ដើម្បីទាក់ទាញអ្នកវិនិយោគទុន ចូលមកខេត្តរបស់យើង ។
សូមបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ មានប្រធាន អនុប្រធាន និងសមាជិកសរុប ១៤១ នាក់ ដែលជាសមាសភាពអញ្ជើញមកពីក្រសួងស្ថាប័ននានា ដែលជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ទីប្រឹក្សា អស់លោក លោកស្រី ជាអគ្គនាយករង និងថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំសង្កាត់ផងដែរ៕