ខេត្តកំពង់ឆ្នាំង៖ សាច់ប្រហិតខុសច្បាប់ទម្ងន់ជាង ២ តោន ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ច ខេត្តកំពង់ឆ្នាំងស្ទាក់ចាប់បាន នៅវេលាម៉ោង១និង៣០ រសៀលថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០២៣នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៧១ និង៧២ លើកំណាត់ ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀខេត្តកំពង់ឆ្នាំង។ វត្ថុតាងខាងលើនេះសមត្ថកិច្ចបានប្រគល់ជូនមន្ត្រីជំនាញនៃការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំងចាត់ការតាមនីតិវិធី។
លោក នួន សុភក្តី នាយរងការិយាល័យប្រឆាំងបទ ល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ឲ្យដឹងថា អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ ឆ្នាំង ដោយមានការសម្របសម្រួលរបស់លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបាន ស្ទាក់ចាប់បានរថយន្តធុនតា្រ១គ្រឿង ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BM 9649 ដែលបានដឹកប្រហិតចម្រុះជាង២តោន ចេញពីព្រំប្រទល់ខេត្តបន្ទាយមានជ័យឆ្ពោះទៅក្រុងភ្នំពេញ។
ក្នុងករណីនេះដែរសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្ត ឈ្មោះ ពេជ្រ ភារម្យ មានទីលំនៅភូមិបាណន់ ស្រុកសង្កែខេត្ត បាត់ដំបង និងព្រូររថយន្តម្នាក់ទៀត។ វត្ថុតាង និងមនុស្ស២នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ត្រីជំនាញនៃការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ដើម្បីអនុ វត្តបន្តតាមនីតិវិធី។
មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យា បាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាការដឹកជញ្ជូនប្រហិតចម្រុះខាងលើនេះគឺខុសច្បាប់ដែលបានហាមឃាត់ការដឹក ជញ្ជូននិងលក់លើទីផ្សារជាដាច់ខាត។ សូមបញ្ជាក់ សមត្ថកិច្ចនិងមន្ត្រីជំនាញបានយកសាច់ប្រហិតទាំងនោះទៅធ្វើការដុតកម្ទេចចោល នៅព្រឹកថ្ងៃទី 24 ខែធ្នូឆ្នាំ 2023នេះ៕