Breaking News

ឆេះរថយន្តកំពុងដឹកសិស្សសាលា ២៣នាក់ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ រថយន្តដឹកសិស្សសាលាឯកជនមួយគ្រឿង បានឆាបឆេះ ខណៈកំពុងបើកបរដឹកសិស្សចេញពីសាលាជូនទៅដាក់តាមផ្ទះវិញ នៅវេលាម៉ោង ១០:២០នាទី ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១-២២ ស្ថិតក្នុងភូមិបាក់ក ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

យោងតាមការឱ្យដឹងពីសមត្ថកិច្ចមូលដ្ឋាន ថារថយន្តដែលរងការឆាបឆេះនេះជារថយន្តដឹកសិស្សនៃសាលារៀនឯកជន ដែលមានទីតាំងក្នុងស្រុកគងពិសី។ រថយន្តនេះមានម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2X -2304 បើកបរដោយឈ្មោះ កើក ហោ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិសន្លង់ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ រថយន្តនេះ ខណៈកំពុងបើកបរដឹកកូនសិស្សតូចៗប្រមាណ ២៣នាក់ ចេញពីសាលាខាងលើ ក្នុងទិសដៅពីខាងត្បូងទៅជើងដើម្បីយកសិស្សទៅដាក់តាមផ្ទះវិញ។ ខណៈកំពុងធ្វើដំណើរលើផ្លូវស្រាប់តែរថយន្តនេះបានឆាបឆេះឡើងបង្កជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅតែម្តង។ ក្នុងឧបទ្ទវហេតុនេះ សិស្សទាំង២៣នាក់ ត្រូវបានសង្គ្រោះ មិនមានសិស្សណាម្នាក់រងរបួសនោះទេ រួមទាំងអ្នកបើកបរផងដែរ។

ករណីនេះសមត្ថកិច្ចជំនាញបានអន្តរាគមន៍ ដោយប្រើប្រាស់ទឹកអស់មួយរថយន្តដើម្បីបាញ់ពន្លត់រថយន្តដឹកសិស្ស ទើបភ្លើងរលត់ទៅវិញ។ សមត្ថកិច្ចសន្និដ្ឋានបឋមថា ផ្តើមចេញការឆ្លងចរន្តអគ្គិសនីក្នុងរថយន្ត ទើបបង្កឱ្យមានឧបទ្ទវហេតុឆាបឆេះ។ បច្ចុប្បន្នករណីនេះកើតមានញឹកញ៉ាប់ណាស់ទៅលើរថយន្តចាស់ដែលមានការតម្លើងនិងកែច្នៃខុសបច្ចេកទេស៕

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *