Breaking News

អ្នកនាំពាក្យកងរាជអាវុធហត្ថ៖ កុំថាឡើយបាញ់សត្វកុក សូម្បីតែសត្វចាបក៏មិនត្រូវបាញ់ដែរ​ព្រោះយើងជាមន្ត្រីប្រតិបត្តិច្បាប់

ភ្នំពេញ៖ ឆ្លើយតបចំពោះការរិះគន់មួយចំនួនពីមហាជន តាមបណ្តាញសង្គម ក្រោយធ្វើឃាត់ខ្លួនលោក កង សុផាណារ័ត្ន ឋានន្តរសក្តិអនុសេនីយ៍ត្រី ដោយសារតែបាញ់សត្វកុកកាលពីប៉ុន្មានថ្ងៃ​កន្លង​ទៅ​ថ្មី​ៗ​នេះ ត្រូវបានអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានលើកឡើងថា ការធ្វើការ​ឃាត់​ខ្លួន​​បុគ្គល​ខាង​លើនេះ គឺស្របទៅតាមច្បាប់ ខណៈលោក​​ជា​មន្ត្រី​ប្រតិបត្តិច្បាប់​ត្រូវ​តែ​ជា​គំរូ​ក្នុង​ការ​គោរព​ច្បាប់ កុំថាឡើយ​បាញ់​សត្វកុក​សូម្បី​តែ​សត្វ​ចាប​ក៏​មិន​ត្រូវ​បាញ់​ដែរ​ព្រោះ​យើង​ជា​មន្ត្រី​ប្រតិបត្តិ​ច្បាប់​។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃកងរាជអាវុធហត្ថលើផ្ទើប្រទេស ដែល​សារព័ត៌មាន “ អែស អរ អិន ” ទទួលបាន នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានលើកឡើងថា កងរាជ​អាវុធ​ហត្ថ​បានឃើញការផ្សព្វផ្សាយឃ្លីបវីដេអូមួយ ដោយមាន​ការ​បក​ស្រាយ​អំពី​មន្ដ្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ក្រចេះ ប្រើកាំភ្លើងខ្យល់បាញ់សត្វស្លាប។ ចំពោះការបក​ស្រាយ​របស់​អាខោន​ហ្វេស​បុក​ដែល​មាន​ឈ្មោះ ផែក វណ្ណៈ ត្រូវបានអ្នកនាំពាក្យកងរាជអាវុធហត្ថថាមិនខុសទេ ហើយ​កង​រាជ​អាវុធ​ហត្ថ​ក៏បានប្រកាសថ្លែងអំណរ គុណចំពោះអាខោនហ្វេសបុកខាងលើនេះដែរ ដែល​មាន​ចិត្ត​ឈឺ​ឆ្អាល និងក្តីស្រលាញ់ដល់កម្លាំងកងរាជអាវុធហត្ថរបស់លោក រហូត​ដល់​មាន​ការ​សុំ​ទៅ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​តំណាង​អយ្យការ​ឱ្យ​ជួយ​ទៀត​ផង​ដល់​មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ផងដែរនោះ។

យ៉ាងណាក៏ដោយឆ្លើយតបចំពោះការរិះគន់ និងការលើកឡើង របស់អាខោនហ្វេសបុកខាងលើ នេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានបញ្ជាក់ថា​រដ្ឋបាល​ព្រៃ​ឈើ​មាន​សមត្ថកិច្ច​ជា​មន្ត្រី​នគរបាលយុត្តិធម៌ ក្នុងការស៊ើបអង្កេតបទល្មើសព្រៃឈើ និង​ចង​ក្រង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដូចមានចែងក្នុងមាត្រា៧៦នៃច្បាប់ស្តីពីព្រៃឈើ។ ការឃាត់ខ្លួនឈ្មោះ កង សុផាណារ័ត្ន ប្រគល់ជូន​មន្ត្រី​រដ្ឋបាល​ព្រៃឈើគឺ​កងរាជ​អាវុធ​ហត្ថ​អនុវត្ត​ទៅ​តាម​នីតិ​វិធី​ដែល​មាន​ចែង​ក្នុង​ច្បាប់​ និង​ក្រមនីតិវិធីព្រហ្មទណ្ឌមិនមែនធ្វើតាមអារម្មណ៍ ឬធ្វើតាម​ការ​បញ្ចេញ​មតិ​ក្នុង​ប្រព័ន្ធ​ព័ត៌មាន​សង្គម ឬខ្លាចដោយមិនមានការទទួលខុសត្រូវនោះទេ។

អ្នកនាំពាក្យលោក អេង ហ៊ី បានសង្កត់ធ្ងន់ថា«ក្នុងនាមជាមន្ត្រីប្រតិបត្តិច្បាប់ ត្រូវ​តែ​ជា​គំរូ​ក្នុង​ការ​គោរព​ច្បាប់ បើប្រព្រឹត្តអំពើល្មើស ត្រូវតែអនុវត្តតាមច្បាប់។ ហើយអ្នក​ដែល​មាន​សិទ្ធិ​អំណាច​ចោទ​ប្រកាន់​មាន​តែ​តំណាង​អយ្យការប៉ុណ្ណោះ មន្ត្រី​នគរបាល​យុត្តិធម៌​មិន​អាច​តម្កល់​រឿង​ក្តី​ព្រហ្ម​ទណ្ឌ​ឥត​ចាត់​ការ​បាន​ឡើយ»។

តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ លោក អេង ហ៊ី បានបន្ថែមទៀតថា លោក​នាយ​ឧត្តម​សេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់​ចេញនូ​វ​ទិស​ស្លោក​ជា​ត្រី​វិស័យ​ក្នុង​ការ​អនុវត្ត​តួនាទី​ភារកិច្ច នាពេលកន្លងមកគឺ «ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះ​ប្រជា​ត្រូវ​តែ​បម្រើច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប»។យោធិននៃកងរាជអាវុធហត្ថគ្រប់រូប ត្រូវ​បាន​អប់រំ​បណ្ដុះបណ្តាលហ្វឹកហ្វឺន ជាពិសេសការអប់រំចិត្តសាស្ត្រជាប្រចាំ ឱ្យគោរពច្បាប់ គោរព​វិន័យ​កង​ទ័ព ប្រកាន់ខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈ «កុំថាឡើយបាញ់សត្វកុក សូម្បីតែ​សត្វ​ចាប​ក៏​មិន​ត្រូវបាញ់ទេ ព្រោះយើងជាមន្ត្រីប្រតិបត្តិច្បាប់»។

លោក អេង ហ៊ី បានលើកឡើងទៀតថា យោធិននៃកងរាជអាវុធហត្ថគ្រប់រូប ត្រូវបានយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ទាំងការហូប ការស្នាក់នៅ ការស្លៀកពាក់ពីក្បាលដល់ចុងជើង ការថែទាំ ព្យាបាលជំងឺ និង​គោល​នយោបាយដោះស្រាយទុក្ខលំបាក ដោយ​មាន​មូល​និធិ​មហា​គ្រួសារ​កង​រាជ​អាវុធ​ហត្ថ​ដែល​ជា​គំនិតផ្តួចផ្តើមរបស់លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជា​ការចូលបុណ្យដោយស្ម័គ្រចិត្ត ទ្រទ្រង់ដល់គ្រួសាររបស់យោធិននៃកងរាជអាវុធហត្ថដែលពលី មរណៈ​ក្នុង​នោះថវិ​កា​ចូលបុណ្យរបស់លោកនាយឧត្តមសេនីយ៍ ក្នុងមួយសពចំនួន ៥.០០០​.០០០​រៀល ផងដែរ៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *