Breaking News

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បំបែកករណីឃាតកម្មសម្លាប់ស្ត្រីមានផ្ទៃពោះប្រាំខែដោយយកប្រេងសាំងដុតសាកសពយ៉ាងសាហាវព្រៃផ្សៃបានហើយ

កណ្តាល៖ ដោយអនុវត្តភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងតាមប្រសាសន៍ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលមានការយកចិត្តទុកដាក់ខ្ពស់ និងតែងតែដាស់តឿនក្រើនរម្លឹកដល់មេបញ្ជាការគ្រប់កងឯកភាពឲ្យយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ឃាតកម្ម ក្មេងទំនើងជាដើម និងជួយសង្ក្រោះជនរងគ្រោះ។ ពិសេសអនុវត្តន៍តាមទិសស្លោករបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស «ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»។

ជាក់ស្តែងករណីឃាតកម្មគិតទុកជាមុន ដែលជនដៃដល់បានសម្លាប់រួចដុតសាកសព និងបានយកម៉ូតូជនរងគ្រោះ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នៅចំណុចព្រៃខាងជើងភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល និងប្រទះឃើញសាកសពជនរងគ្រោះនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅចំណុចខាងលើ។ បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាមលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាលបានបញ្ជាដឹកនាំកម្លាំងជំនាញនិងដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ឲ្យលោកលោកវរៈសេនីយ៌ឯក ទូច អុីណាន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល ចុះដឹកនាំផ្ទាល់និងសម្របសម្រួលសហការជាស្នងការស្រាវជ្រាវ និងបង្ក្រាបបទល្មើស អហផទ រួមទាំងអង្គភាពពាក់ពន្ធ័ បើកកិច្ចសហប្រតិបត្តិការ ស្រាវជ្រាវ ស្វែងរកឃាត់ខ្លួនមុខសញ្ញាដែលធ្វើសកម្មភាពខាងលើឲ្យបានជាដាច់ខាត។

ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ឯកឧត្តមព្រះរាជអាជ្ញារាជធានីភ្នំពេញ និងឯកឧត្តមព្រះរាជអាជ្ញាខេត្តបន្ទាយមានជយ័ ពិពេសគួបផ្សំនឹងឆន្ទៈ តស៊ូ ព្យាយាមទាំងថ្ងៃទាំងយប់មិនខ្លាចនឿយហត់ សាមគ្គី សហការគ្នា រវាងកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តកណ្តាល កងរាជអាវុធហត្ថរាជធានីភ្នំពេញ កងរាជអាវុធហត្ថខេត្តបន្ទាយមានជយ័ ដែលមានជំនាញស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះសម្របសម្រួលផ្នែកបច្ចេកទេសដោយផ្ទាល់ ទើបធ្វើការកំណត់បាននូវមុខសញ្ញាជនដៃដល់ជាឃាតករ រហូតឈានដល់ការបើកកិច្ចសហប្រតិបត្តិការរួមគ្នា ស្វែងរកឃើញនិងឃាត់ខ្លួនជនសង្សយ័ឈ្មោះ រតនា ហៅ គាង អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាឃាតករសម្លាប់ជនរងគ្រោះឈ្មោះ ថារី ហៅ ស្រីម៉ី ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន ” អែស អរ អិន “ ទទួលបាននៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ប្រភពព័ត៌មានបានបន្តថា ករណីខាងលើបាត់បង់សម្ភារៈជនរងគ្រោះរួមមានម៉ូតូចំនួន ០១គ្រឿងម៉ាក Honda beat ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ 2859 ពណ៌ទឹកប៊ិចលាយស ទូរស័ព្ទដៃចំនួន ០១គ្រឿងម៉ាក IPhone 6 កាបូបដៃចំនួន ០១ និងប្រាក់រៀលមួយចំនួន ។

ដោយឡែកសម្ភារ:ដែលសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តកណ្តាលចាប់យកពីជនសង្សយ័រួមមានទូរសព្ទ័ដៃចំនួន ២គ្រឿង ឆ្នាំងសាកទូរស័ពចំនួន ០២គ្រឿង កាបូបស្ពាយពណ៌ប្រផេះចំនួន ០១ បន្ទះសុីមកាតស្មាតប្រើរួចចំនួន ០៣ ប្រាក់រៀល ២៧០០៛ ប្រាក់បាត ០២សន្លឹក ស្មើនឹង ៤០បាត អាវចំនួន ០២ (ពណ៌ក្រហម និងពណ៌ប្រផេះក្រឡាឆ្នូតដៃវែង) ខោជើងវែងចំនួន ០១ ពណ៌ស្លែនិងទឹកអប់ចំនួន ០១ដប និងវត្ថុតាងជនរងគ្រោះទទួលពីអធិការដ្ឋាននគរបាលស្រុកអង្គស្នួល រួមមាន ម៉ូតូចំនួន ០១គ្រឿង ខោជើងវែងពណ៌ផ្កាឈូកចំនួន ០១ ស្បែកជើងចំនួន ០១ចំហៀង។

តាមប្រភពព័ត៌មានបានឲ្យដឹងទៀតថា ចំពោះដំណើររឿងហេតុដែលនាំឲ្យជនសង្សយ័សម្លាប់ជនរងគ្រោះគឺកន្លងមកជនសង្ស័យនិងជនរងគ្រោះធ្លាប់មានទំនាក់ទំនងស្នេហានឹងគ្នា ជួបគ្នាលើកចុងក្រោយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ មុនពេលកើតហេតុ ជនសង្ស័យបានទូរស័ព្ទហៅមកជួបគ្នា។ ជនរងគ្រោះក៏ព្រមព្រៀងមកជួប ​ក្រោយជួបហើយជនសង្ស័យមានគំនិតជាស្រេចត្រៀមថានឹងសម្លាប់ជនរងគ្រោះដើម្បីយកម៉ូតូ។​ ក្រោយគិតរួចជនសង្ស័យក៏បានចេញដំណើរមកជួបជនរងគ្រោះតាមការណាត់ដោយឲ្យបុរសម្នាក់ជាប្អូនសង្សារខ្លួនជិះម៉ូតូដឹកទៅគោលដៅកំណត់ ហើយបានឈប់តាមផ្លូវចូលផ្ទះលក់អីវ៉ាន់ស្ថិតក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ទិញខែ្សអង្រឹងនីឡុងពណ៌ត្រេអ៉ី ប្រវែងពីរម៉ែត្រដាក់ក្នុងហោប៉ៅខោត្រៀមទុកធ្វើសកម្មភាពសម្លាប់ រួចបន្តដំណើរទៅជិតដល់គោលដៅ ជនសង្ស័យឲ្យបុរសនោះឈប់ម៉ូតូលាក់ខ្លួនក្បែរផ្ទះសំណាក់ ។​ បន្តិចក្រោយមកជនរងគ្រោះជិះម៉ូតូ០១គ្រឿងម៉ាកហុងដាប៊ីត ពណ៌ខៀវលាយស ស្លាកលេខ 2858 មកជួបគ្នានៅទីនោះ រួចជនសង្ស័យឌុបជនរងគ្រោះចូលផ្ទះសំណាក់មួយកន្លែងក្បែរនៅភ្នំបាសិត ស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌ័ព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងរយៈពេលប្រហែលមួយម៉ោងក្រោយមកពួកគេទាំងពីរនាក់បានចេញពីផ្ទះសំណាក់រកកន្លែងដែលអំណោយផលដើម្បីធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ រហូតមកដល់កន្លែងកើតហេតុខាងលើក៏ឈប់ម៉ូតូអង្គុយលេងមួយសន្ទុះ ឃើញជនរងគ្រោះអង្គុយមិនប្រយ័ត្នក៏យកខ្សែអង្រឹងដែលត្រៀមទុកក្នុងហោប៉ៅខោមកធ្វើសកម្មភាពទាក់រឹកកជនរងគ្រោះពីក្រោយហើយទាញបង្វិលផ្កាប់មុខមិនឲ្យរើបម្រាស់រួច ពេលនោះជនរងគ្រោះដាច់ខ្យល់ស្លាប់ភ្លាមៗ រួចហើយជនសង្ស័យក៏យកខ្សែទាក់កជនរងគ្រោះអូសចូលទៅក្នុងព្រៃក្បែរនោះប្រហែល៣០ម៉ែត្រ ហើយប្រមូលស្មៅនិងមែកឈើងាប់ៗនៅជិតនោះគ្របលើសពជនរងគ្រោះ រួចជិះម៉ូតូជនរងគ្រោះទៅទិញប្រេងសាំងមួយលីត្រ និងដែកកេះមួយ នៅតូបលក់អីវ៉ាន់ក្នុងឃុំទួលព្រេជ ស្រុកអង្គស្នួល មកស្រោចលើសពជនរងគ្រោះហើយកេះដែកកេះដុតសពតែម្តង។ បន្ទាប់មកជនសង្ស័យយកម៉ូតូជនរងគ្រោះជិះគេចខ្លួនយកទៅលក់នៅម្តុំផ្សារដេប៉ូ រាជធានីភ្នំពេញ។

ក្រោយពីលក់ម៉ូតូជនរងគ្រោះបានប្រាក់ចំនួន៧៨០ដុល្លារ ជនសង្សយ័បានមកលាក់ខ្លួននៅផ្ទះសង្សារខ្លួន នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ ហើយយកប្រាក់ដើរផឹកសុី លេងល្បែងសុីសង ចាប់ពីថ្ងៃទី១៤រហូតដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ទើបដឹងថាមានសារព៌ត័មានចុះផ្សាយករណីប្រទះឃើញសាកសពស្រ្តី សង្សយ័សម្លាប់រួចដុតសពចោល។

ភ្លាមនោះជនសង្សយ័ក៏វិលទៅផ្ទះខ្លួនដែលមានទីតាំងខាងលើរហូតដល់យប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ដោយឃើញមានសមត្ថកិច្ចជាច្រើនជិះចុះឡើងៗ និងឡោមពទ្ធ័ផ្ទះខ្លួន ឃើញមានឪកាសល្អរូបគេក៏គេចខ្លួនសង្ងំលាក់ខ្លួនក្នុងព្រៃក្បែៗភូមិ រហូតដល់ព្រលប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ទើបដើរចេញពីព្រៃរហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ រូបគេដើរចេញពីព្រៃមកស្ទាក់ឡានសណ្តោងកុងទឺន័រសុំគេជិះទៅភ្នំពេញ ឈប់ត្រឹមក្លោងទ្វាវត្តស្ងួនពេជ្រទិញទូរសព្ទ័ ម៉ាកណូគាមួយគ្រឿង រួចដើរទៅជិះឡានក្រុងមិនស្គាល់កន្លែងទៅប៉ោយប៉ែតនៅម៉ោងប្រហែល 18:40នាទី។ ពេលទៅដល់ប៉ោយប៉ែតព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ចូលសង្ងំលាក់ខ្លួននៅផ្ទះសំណាក់យីហោផ្កាយព្រឹកមួយថ្ងៃមួយយប់។ ល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ចេញពីផ្ទះសំណាក់ខាងលើទៅផ្ទះសំណាក់មួយទៀតមិនស្គាល់យីហោ ក្បែរច្រកទ្វារប៉ោយប៉ែត សង្ងំលាក់ខ្លួននិងដើរទិញសុីមទូរសព្ទ័ ខោ អាវ កាបូបស្ពាយ។ លុះព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ជនសង្សយ័ឡើងឡានក្រុងពីប៉ោយប៉ែតមកដល់ភ្នំពេញ ឈប់នៅផ្សាដេប៉ូ។ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ជិះកង់បីទៅស្នាក់នៅផ្ទះសំណាក់យីហោមនោរម្យ ផ្លូវជាតិលេខ៤ រហូតដល់ម៉ោងប្រហែល 18:30នាទី ចេញពីផ្ទះសំណាក់នោះ ទៅស្នាក់នៅផ្ទះសំណាក់មួយទៀត មិនស្គាល់យីហោ នៅកាណាស៊ីធី រាជធានីភ្នំពេញ។ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ចេញផ្ទះសំណាក់ខាងលើមកផ្តុំផ្សារអ៉ីអន២ ខណ្ឌសែនសុខ រាជធានីភ្នំពេញ រហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថឃាត់ខ្លួន នៅចំណុចមុខផ្សារឃ្លាំងរំសេវថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅពេលដែលរូបគេកំពុងជិះម៉ូតូកង់បីមកជួបប្អូនស្រីបង្កើតតាមការណាត់គ្នា។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ រតនា ហៅគាង បានឆ្លើយសារភាពថា ខ្លួនពិតជាបានរៀបចំគម្រោងផែនការនិងត្រៀមសម្ភារៈទុកជាមុនដើម្បីសម្លាប់ជនរងគ្រោះឈ្មោះ ថារី ហៅស្រីមុី ពិតប្រាកដមែន។ មូលហេតុដោយគេចាញ់ល្បែង ជំពាក់លុយគេច្រើន។

ប្រភពបានបន្ថែមថា តាមការបំភ្លឺពីឈ្មោះ ទី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅបច្ចុប្បន្នឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល ត្រូវជាប្តីជនរងគ្រោះបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ថារី ហៅស្រីមុី ជាប្រពន្ធខ្លួនមានផ្ទៃពោះប្រាំខែនិងតាមព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានបង្ហើបឲ្យដឹងថាបុគ្គលឈ្មោះ រតនា ហៅគាង នេះគឺជាមនុស្សម្នាក់ញៀនល្បែង ឈ្លក់វង្វែងសប្បាយនឹងស្រីញី ពិសេសតែងតែធ្វើសកម្មភាពលួច ឆបោកគេឯងជាច្រើនលើកច្រើនសារមកហើយ តែជនរងគ្រោះទាំងនោះពុំបានប្តឹងសមត្ថកិច្ចឡើយ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលតាមនីតិវិធី និងបញ្ជូនជនសង្ស័យទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលតាមនីតិវិធីរួច៕ដោយ៖ សិរី នាគ

Check Also

ក្រសួងមហាផ្ទៃ បានដាក់ចេញប្រកាសស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលក្រុងសំពៅពូន នៃខេត្តកណ្ដាល!

Leave a Reply

Your email address will not be published. Required fields are marked *