Breaking News

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ រដ្ឋបាលក្រុង ស្រុក ខណ្ឌ មានកាតព្វកិច្ចក្នុងការផ្តល់សេវាអប់រំ ប្រកបដោយគុណភាពជូនដល់ប្រជាពលរដ្ឋ

បាត់ដំបង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានថ្លែងថា មុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺជាមុខងារកាតព្វកិច្ចដែលរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចាំបាច់ត្រូវតែអនុវត្តក្នុងការផ្តល់សេវាអប់រំ ប្រកបដោយគុណភាពជូនដល់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យសម្រេចបានយ៉ាងហោចត្រឹមកម្រិតស្តង់ដារអប្បបរមាដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។ ការថ្លែងបែបនេះ ក្នុងឱកាសដែលអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីសម្រាប់គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅសាលាខេត្តបាត់ដំបង នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ដែរថា ការផ្ទេរមុខងារអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺជាការផ្តល់ការទទួលខុសត្រូវច្បាស់លាស់ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលជារដ្ឋបាលមូលដ្ឋាន នៅកៀកជិតប្រជាពលរដ្ឋ ក្នុងការផ្តល់សេវាអប់រំ យុវជន និងកីឡា ជូនប្រជាជននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម។ ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តទៀតថា ជាទូទៅផ្អែកតាមគោលការណ៍នៃការផ្ទេរមុខងារ បានតម្រូវឱ្យផ្ទេរភ្ជាប់នូវធនធានហិរញ្ញវត្ថុ ធនធានមនុស្ស ការរៀបចំនីតិវិធីសម្រាប់ការអនុវត្ត ការអភិវឌ្ឍសមត្ថភាព ការតាមដាន ត្រួតពិនិត្យ និងការគាំទ្រ ដើម្បីធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មានលទ្ធភាព និងមានសមត្ថភាពសមស្របក្នុងការគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារទាំងនោះ ប្រកបដោយប្រសិទ្ធភាព និងគុណភាព ស្របតាមស្តង់ដារជាតិដែលបានកំណត់។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ក៏បានគូសបញ្ជាក់ដែរថា ការផ្ទេរមុខងារអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលកំពុងត្រូវបានអនុវត្តនៅទូទាំងប្រទេស នាពេលនេះ រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ បានអនុម័តនូវកញ្ចប់ថវិកាមានភ្ជាប់លក្ខខណ្ឌចំនួនប្រមាណជាង ៤០០លានដុល្លារ សម្រាប់ផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ សម្រាប់ប្រើប្រាស់លើការអនុវត្ដមុខងារអប់រំ យុវជន និងកីឡា ជាពិសេសថវិកាសម្រាប់ដំណើរគ្រឹះស្ថានបឋមសិក្សា គ្រឹះស្ថានមត្ដេយ្យសិក្សា និងមជ្ឈ មណ្ឌលសិក្សាសហគមន៍។ ទន្ទឹមនឹងនេះក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយនឹងក្រសួងមុខងារសាធារណៈ បាននិងកំពុងរៀបចំផ្ទេរបុគ្គលិកអប់រំ ជាគ្រូបង្រៀន ចំនួនប្រមាណ ៦០.០០០នាក់ ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌនីមួយៗ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បានបន្តទៀតថា ជាមួយនេះសេចក្តីណែនាំបច្ចេកទេសស្តីពីគោលការណ៍ បែបបទ និងនីតិវិធីសម្រាប់អនុវត្តមុខងារអប់រំ យុវជន និងកីឡា ក៏បានរៀបចំរួចរាល់និងបានកំពុងរៀបចំការបណ្តុះបណ្តាលដល់មន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធសំខាន់ៗ ទាំងនៅថ្នាក់មន្ទីរ និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស។ ជាក់ស្តែងរហូតមកដល់ពេលនេះ ផ្អែកតាមសេចក្ដីរាយការណ៍របស់តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប ការបណ្តុះបណ្តាលអំពីសេចក្ដីណែនាំនេះ បាន រៀបចំឡើង ចំនួន ៥តំបន់គោលដៅ ដែលគ្របដណ្តប់លើ ២១ខេត្ត រួចមកហើយ និងមានសិក្ខាកាមចូលរួមសរុបប្រមាណជាង ៨០០នាក់។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានគូសបញ្ជាក់ដែរថា ថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងក្របខណ្ឌនៃការផ្ទេរមុខងារអប់រំ យុវជន និងកីឡានេះ រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ បាននិងកំពុងខិតខំបំពេញនូវលក្ខខណ្ឌចាំបាច់នានា ស្របតាមគោលការណ៍ដែលបានកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត រួមមានដូចជា៖ ការផ្ទេរធនធានហិរញ្ញវត្ថុ ការផ្ទេរបុគ្គលិក ការកំណត់ស្តង់ដាសេវាអប់រំ ការរៀបចំឯកសារណែនាំបច្ចេកទេស និងការផ្តល់ការបណ្តុះបណ្តាលជាដើម ដើម្បីធានាឱ្យរដ្ឋបាល ក្រុង ស្រុក ខណ្ឌ មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តមុខងារទាំងនេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត បន្តទៀតថា ភាពជោគជ័យនៃការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទាំងនេះ អាស្រ័យទៅលើកិច្ចខិតខំប្រឹងប្រែងដឹកនាំ គ្រប់គ្រង និងចាត់ចែងរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌនីមួយៗ ដែលត្រូវធ្វើដោយស្មារតីទទួលខុសត្រូវខ្ពស់ មានតម្លាភាព គណនេយ្យភាព និងភាពស្អាតស្អំ៕ដោយ៖ សិរី នាគ

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *