Breaking News

ព្រឹកនេះ! សម្តេចធិបតី អញ្ជើញជាអធិបតី “បិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤”

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី “បិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្ត កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤” នៅសណ្ឋាគារសុខាភ្នំពេញ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងពិធីបើកកិច្ចប្រជុំនេះ បានមានប្រសាសន៍ថា នេះជាកិច្ចប្រជុំលើកដំបូង នៃការត្រួតពិនិត្យការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្នុងដំណាក់កាលទី៤ ដែលផ្ដោតលើគណនេយ្យភាពសមិទ្ធកម្ម។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា កិច្ចប្រជុំនេះ ប្រព្រឹត្តទៅស្របគ្នានឹងការចាប់ផ្តើមដំណើការការងាររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ស្វាហាប់, ឈ្លាសវៃ និង ប៉ិនប្រសព្វរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា និងជាអគ្គមគ្គុទ្ទេសក៍ វ័យក្មេងដ៏ឆ្នើម, ពោរពេញដោយសមត្ថភាព, ចំណេះដឹង និងថាមពល, ដែលបន្តផ្តល់អាទិភាពខ្ពស់ ដល់ការកែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងចាត់ទុកការកែទម្រង់នេះ ជាកត្តាគន្លឹះមួយ សម្រាប់កំណត់ជោគជ័យ ក្នុងការអនុវត្តរបៀបវារៈគោលនយោបាយ អាទិភាពទាំងឡាយផ្សេងទៀត ដែលត្រូវបានដាក់ចេញ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

លោកអគ្គបណ្ឌិតសភាចារ្យ បានបន្តថា កិច្ចប្រជុំនេះ គឺជាឱកាសសម្រាប់រាជរដ្ឋាភិបាល ធ្វើការពិនិត្យ និងការវាយតម្លៃលើវឌ្ឍនភាពសំខាន់ៗ នៃការងារកែទម្រង់ឆ្នាំ២០២៣ ដែលយើងទាំងអស់គ្នាខិតខំសម្រេចបាន និងក៏ជាវេទិកាសម្រាប់ឆ្លុះបញ្ចាំង នូវសមិទ្ធផលសម្រេចបានពីការងារកែទម្រង់ ដែលជាមូលដ្ឋានសម្រាប់ការបោះជំហានបន្តទៀត នៅក្នុងដំណាក់កាលទី៤ ឆ្ពោះទៅគោលដៅនៃការធានាគណនេយ្យភាពសមិទ្ធកម្ម។

មួយវិញទៀត យើងក៏មានភាពចាំបាច់ក្នុងការប្រែក្លាយលទ្ធផល នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលសម្រេចបានកន្លងមក ឱ្យទៅជាឧបករណ៍ដ៏មានប្រសិទ្ធភាព សម្រាប់ការឈានទៅបង្កើតឡើង នូវសមិទ្ធផលជាក់ស្តែងផ្សេងទៀត ឆ្លើយតបនឹងរបៀបវារៈគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការសម្រេចបាននូវវឌ្ឍនភាពជាច្រើនគួរជាទីមោទនៈ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានឆ្លងកាត់ការអនុវត្តអស់រយៈពេលជាង ២០ឆ្នាំកន្លងទៅនេះ បានធ្វើឲ្យការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ជាតិ កាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *