Breaking News

ក្រសួងអប់រំ ណែនាំឱ្យទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវាក្ដីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំស្ដីពី វិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវាក្ដីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។

យោងតាមសេចក្តីណែនាំ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានសង្កេតឃើញថា សិស្សានុសិស្សមួយចំនួនតូចយល់ច្រឡំថា ថ្ងៃ១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។ ទិវានេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេ។ យុវជន មួយចំនួនតូចភ្លើតភ្លើនភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរជាបុគ្គល និងក្រុមគ្រួសារ ដោយប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ។

ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងនៅគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដូចជា៖

១. ត្រូវផ្សព្វផ្សាយអំពីអត្ថន័យទិវានៃក្តីស្រឡាញ់ ដល់សិស្សានុសិស្សឱ្យបានទូលំទូលាយ គ្រប់មធ្យោបាយ និងគ្រប់រូបភាព ដើម្បីជៀសវាងការយល់ច្រឡំដែលនាំឱ្យប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ។

២. ត្រូវពង្រឹងការអនុវត្តវិន័យឱ្យបានម៉ឺងម៉ាត់ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប់ជាប្រចាំ។

៣. ត្រូវបង្ក្រាបការអប់រំសីលធម៌ តាមមុខវិជ្ជានីមួយៗ។

៤. ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព មិត្តអប់រំមិត្ត។

៥. ត្រូវទំនាក់ទំនងជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងសហគមន៍ ដើម្បីផ្តល់ និងទទួលព័ត៌មាននានា ដែលពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី។

៦. ត្រូវរួមសហការគ្នាទប់ស្កាត់ អប់រំណែនាំ និងកែលម្អឱ្យបានទាន់ពេលវេលា។

៧. មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត គណៈគ្រប់គ្រងសាលារៀន និងគ្រប់ភាគីពាក់ព័ន្ធបន្តពង្រឹងការ អនុវត្តប្រកាសលេខ១២៥៨ អយក.ប្រក ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០០៩ ស្តីពីបទបញ្ជាផ្ទៃក្នុងសម្រាប់ គ្រឹះស្ថានបឋមសិក្សា និងប្រកាសលេខ២៧៨៦ អយក.ប្រក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០០៩ ស្តីពីបទ បញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ។

មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រងសាលារៀន និងគ្រប់ ភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់
អនុវត្តសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *