Breaking News

ឧបនាយករដ្ឋមន្ត្រី ស សុខា បញ្ជាឱ្យអាជ្ញាធររាជធានី-ខេត្ត បង្ក្រាបទីតាំងបញ្ចាំ និងទីតាំងល្បែងផ្សងសំណាងខុសច្បាប់

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាដោយភាពម៉ឺងម៉ាត់ «បង្ក្រាបឱ្យអស់នូវទីតាំងបញ្ចាំខុសច្បាប់ និងទីតាំងល្បែងផ្សងសំណាង ឬឡូតូខុសច្បាប់ ដែលមាននៅគ្រប់ភូមិ ឃុំ សង្កាត់»នៅទូទាំងប្រទេស។

ឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំដូចនេះ ក្នុងកិច្ចប្រជុំគណៈកម្មការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលបានរៀបចំនៅសាលាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៥ ខែកម្ភៈ ឆ្នាំ២០២៤។ លោបានលើកឡើងថា នេះជាការរំឭកបន្ថែមពីលើអ្វីដែលបានណែនាំដោយផ្ទាល់កាលពីថ្ងៃម្សិលមិញ។ នៅក្នុងនីតិកាលទី៦កន្លងទៅថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ពិតជាមិនបានព្រងើយកន្តើយចំពោះបញ្ហាទាំងនេះមែន ប៉ុន្តែបានសម្គាល់ឃើញថា វិធានការដែលបានធ្វើកន្លងមកមិនទាន់មានប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយនៅឡើយ ពោលគឺ ក្រុមជនទុច្ចរិតនៅតែមានឱកាសបើកទីតាំងទទួលបញ្ចាំខុសច្បាប់ដដែល។ ទីតាំងខុសច្បាប់ទាំងនេះត្រូវបានប្រមុខក្រសួងមហាផ្ទៃចង្អុលចំៗថា ជាជម្រកនៃការទទួលផលចោរកម្ម។

សម្រាប់ការបង្ក្រាបទីតាំងល្បែងផ្សងសំណាង ឬឡូតូ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ និងទើបតែបានថ្លែងសារពិសេសកាលពីថ្ងៃទី១៤ ខែកម្ភៈ ឆ្នាំ២០២៤ លោកបានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ យកចិត្តទុកដាក់ត្រួតពិនិត្យ និងបង្ក្រាបឱ្យបានច្បាស់លាស់ ព្រោះទិន្នន័យជាក់ស្ដែងបានបង្ហាញថា ចំនួនទីតាំងល្បែងតាមអនឡាញមួយនេះ មានច្រើនជាងចំនួនជាក់ស្ដែងដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់។

សូមបញ្ជាក់ថា ការបង្ក្រាបទីតាំងបញ្ចាំខុសច្បាប់ក្ដី និងការបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ រួមទាំងល្បែងផ្សងសំណាងនេះក្ដី សុទ្ធតែជាគោលដៅ នៃការអនុវត្តមរតកគោលនយោបាយភុមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។ ការងារនេះ ក៏ស្ថិតក្នុងកញ្ចប់ការងារអាទិភាព ៦ចំណុច ផងដែរ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *