Breaking News

ឯកឧត្តម ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញសម្ពោធសមិទ្ធផលនានា វត្តនិគ្រោធនរលក្ខណ៍ (ហៅជ្រៃហូរព្នៅ)

ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងឱ្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញ សម្ពោធសមិទ្ធផលនានា វត្តនិគ្រោធនរលក្ខណ៍ (ហៅជ្រៃហូរព្នៅ) ស្ថិតក្នុងភូមិត្បូងភ្នំ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ឯកឧត្តម ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា ៖ សន្តិភាពជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងគ្រួសារ ហើយយើងទាំងអស់គ្នាត្រូវតែចូលរួមការពារឲ្យបានដាច់ខាតនូវម្លប់សន្តិភាពនេះជាមួយរាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដ៏ឧត្តុង្គឧត្ដម។ ជាតឹកតាង វត្តនិគ្រោធនរលក្ខណ៍ (ហៅជ្រៃហូរព្នៅ) ស្ថិតក្នុងភូមិត្បូងភ្នំ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានចាប់ផ្ដើមកសាងឡើងនូវឆ្នាំ១៩៤១ មានព្រះគ្រូចៅអធិការព្រះនាម អ៊ុង ផ្ដើមកសាង និងមានការជួយជ្រោមជ្រែងឧបត្ថម្ភពីពុទ្ធបរិស័ទចំណុះជើងវត្តទាំងមូល។ ប៉ុន្តែ សមិទ្ធផលទាំងនេះត្រូវបានបំផ្លាញអស់នៅចន្លោះឆ្នាំ១៩៧៥-១៩៧៩ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលធ្វើឲ្យប្រជាជនខ្មែរបានរស់រានមានជីវិតឡើងវិញទាន់ពេលវេលារួចផុតពីទារុណកម្ម និងអំពើកាប់សម្លាប់ដ៏សាហាវឃោរឃៅ។ 

ឯកឧត្តម ចាន់ អ៊ាន បន្តថា ថ្ងៃជ័យជម្នះ ៧មករា” បានដណ្ដើមជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់ យ៉ាងដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប៉ុល ពត បញ្ចប់សករាជដ៏ខ្មៅងងឹតបំផុតរបស់កម្ពុជា និងបានបើកឡើងវិញនូវសករាជថ្មី គឺ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្ត្រដែលបានផ្ដល់កំណើតទី២ ដល់យើងគ្រប់គ្នា។ ក្នុងស្មារតី ចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ហើយបានត្រួតដៃគ្នាការពារ កសាង និងអភិវឌ្ឍប្រទេសជាតិឲ្យមានភាពរីចម្រើនរហូតមកដល់បច្ចុប្បន្ននេះ។

ឯកឧត្តម ចាន់ អ៊ាន ថ្លែងបន្ថែមថា សមិទ្ធផលដែលត្រូវដាក់ឱ្យសម្ពោធនាឱកាសនេះ រួមមាន៖

១. សាលាធម្មសភា សាលាទទួលភ្ញៀវ កុដិ ក្លោងទ្វារ សាលាបាលី របេងជុំវិញ ដងទង់១គូ ជួសជុលព្រះវិហារ

២. ជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុង និងក្រៅវត្ត រួមទាំងសមិទ្ធផលនានាដែលបច្ចុប្បន្នបានសាងសង់រួចរាល់។ ដោយសមិទ្ធផលទាំងអស់នេះ បានចំណាយថវិកាអស់ចំនួន ៩២៣.៨៤៨ ដុល្លារអាមេរិក ក្នុងនោះប្រាក់រៀល មានចំនួន ៤១០.០០០.០០០ រៀល ដែលជាថវិកាប្រកបដោយសទ្ធាជ្រះថ្លារបស់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្ដម លោកជំទាវ ឧកញ៉ា លោក លោកស្រី សប្បុរសជន កងកម្លាំងទាំងបី មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបង ប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ចំណុះជើងវត្ត។

ឯកឧត្តម ចាន់ អ៊ាន សូមប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាលាធម្មសាលា និងសមិទ្ធផលនានា ក្នុងវត្តនិគ្រោធនរលក្ខណ៍ (ហៅជ្រៃហូរព្នៅ) ស្ថិតក្នុងភូមិត្បូងភ្នំ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចាប់ពីពេលនេះតទៅ និងសូមឧទ្ទិស សមិទ្ធផលទាំងនេះក្លាយជាសម្បត្តិវប្បធម៌ជាតិ សម្បត្តិព្រះពុទ្ធសាសនា និងជាប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋក្នុងឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក៏ដូជាប្រជាពលរដ្ឋនៅទូទាំងប្រទេស៕ដោយ៖ សិរី នាគ

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *