ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជាបានអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នារសៀលថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានលើកឡើងពីសភាពការណ៍គ្រឿងញៀនអន្តរជាតិ តំបន់ និងនៅកម្ពុជាថា “បង្រ្កាបបទល្មើសគ្រឿងញៀនសរុបចំនួន ៨.០៦៣ ករណី/៦.៣៩០ ករណី ច្រើនជាង ១.៦៧៣ ករណី កើនលើស ២៦,១៨%។ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២០.០០២ នាក់។ គ្រឿងញៀនចាប់យកបានចំនួនជាង២តោន ៩៨៨គ.ក្រ ។សារធាតុគីមីផ្សំ រឹបអូសបានជាង១តោន ៤៦៩គ.ក្រ រួមទាំងមធ្យោបាយ សម្ភារ និងឧបករណ៍ កែច្នៃផលិតគ្រឿងញៀន ដែលបានចាប់យកក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន និងបានបញ្ជូនទៅសាលាដំបូងរាជធានី ខេត្ត ជាច្រើនផងដែរ ។ បានដុតកម្ទេច និងបន្សាបនូវគ្រឿងញៀននិងសារធាតុពាក់ព័ន្ធសរុបចំនួនជាង៣៤៧ តោន ៣៣៨ គីឡូក្រាម និង ១.២០៧ គ្រាប់។
សូមជំរាបថា បញ្ហាប្រឈមនិន្នាការនៃការចរាចរ ជួញដូរ និងការលួចលាក់កែច្នៃផលិតគ្រឿងញៀនខុសច្បាប់ នៅតែជាបញ្ហាប្រឈមខ្ពស់ ជាពិសេសកលល្បិចវិធីសាស្រ្ត និង បច្ចេកទេស នៃការដឹកជញ្ជូន ការចែកចាយ ការកែច្នៃផលិតគ្រឿងញៀនរបស់ឧក្រិដ្ឋជន និងមានលក្ខណៈកាន់តែស្មុគ្រស្មាញខ្លាំងឡើង។ ការអនុវត្តវិធានការបង្ការទប់ស្កាត់បង្រ្កាបការចរាចរការជួញដូរខុសច្បាប់ ឆ្លងកាត់ព្រំដែន នូវគ្រឿងញៀន និងសារធាតុគីមីដែលអាច ផ្សំជាគ្រឿងញៀននៅមានការខ្វះចន្លោះ និងការត្រួតពិនិត្យ ការប្រើប្រាស់សារធាតុគីមីផ្សំក្នុង ប្រទេសនីមួយៗពុំទាន់បានគ្រប់ជ្រុងជ្រោយ និង មានប្រសិទ្ធភាព។ល ៕