ខេត្តកណ្តាល៖ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពក្នុង ពិធីបិទវគ្គបណ្តុះបណ្តាលលើសៀវភៅណែនាំ ស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ” ដោយមានការចូលរួមពី កងកម្លាំងទាំងបី អភិបាលក្រុង ស្រុក មន្ទីរ និងការិយាល័យពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្តកណ្តាល ។
ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ វគ្គបណ្តុះបណ្តាលដែលបានរៀបចំក្នុងរយៈពេលពេញមួយថ្ងៃនេះ ក្នុងគោលបំណងជួយលើកកម្ពស់ការយល់ដឹង របស់លោក លោកស្រី ជាមន្ត្រីនៅថ្នាក់ ក្រុងស្រុក ដើម្បីពង្រឹងសមត្ថភាពក្នុងនាមជាគ្រូបង្គោលរបស់រដ្ឋបាល ក្រុងស្រុក និងអ្នកពាក់ព័ន្ធ ដើម្បីការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឱ្យកាន់តែមានភាពត្រឹមត្រូវ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ តាមខ្លឹមសារនៃសៀវភៅ ណែនាំស្តីពីការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ព្រមទាំងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីក្លាយជាគ្រូបង្គោល បណ្តុះបណ្តាលបន្តទៅដល់ឃុំ សង្កាត់ និងយកទៅអនុវត្តគោលនយោបាយប្រកបដោយភាពជោគជ័យ។
ឯកឧត្តម អភិបាលរងខេត្ត ក៏បានបន្តទៀតថា ការរក្សាបានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ គឺជាកត្តាគន្លឹះដែលផ្ដល់ភាពអនុគ្រោះដល់ កិច្ចដំណើរការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត ឱ្យមានការរីកចម្រើនស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលដំបូងរបស់រាជរដ្ឋាភិបាល។បច្ចុប្បន្នយើងមានសន្តិភាព និងស្ថិរភាពពេញផ្ទៃប្រទេស ប៉ុន្តែបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្ដល់សេវាចាំបាច់នានា នៅតែជាបញ្ហាអាទិភាព ដែលត្រូវផ្ដោតការយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឲ្យប្រជាពលរដ្ឋគ្រប់រូប និងសង្គមជាតិទាំងមូលមានសុវត្ថិភាព និងសុខដុមរមនា។
ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់ លោក លោកស្រីទាំងអស់ត្រូវបន្តខិតខំ យកចិត្តទុកដាក់អនុវត្តឱ្យបានល្អនូវលក្ខណសម្បត្តិទាំង៧នៃគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ជាពិសេសត្រូវអនុវត្តឱ្យបានមុឺងម៉ាត់នូវរាល់បញ្ហា របស់រដ្ឋាភិបាលពាក់ព័ន្ធនឹងល្បែងស៊ីសងព្រោះថា ល្បែងស៊ីសងនេះ គឺជាមេរោគមហារីកនៃសង្គម វាជាប្រភព និងជាដើមចមនៃបទល្មើសជាច្រើនដូចជា បទល្មើសលួច ឆក់ ប្លន់ ជាដើម ៕SRN