បាត់ដំបង៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង លោក កើត រិទ្ធ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំដោយ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណក្នុងដំណាក់កាលទី១ ក្នុងការពង្រឹងវិស័យអប់រំជាពិសេស ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្តោតលើអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសគឺបច្ចេកវិទ្យា Digital សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មជំនាន់ ទី៤ និងបរិវត្តកម្ម Digital នៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា សំដៅកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យរបស់កម្ពុជានាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់និងជាប្រទេសមានចំណូលខ្ពស់ដូចអារ្យប្រទេសនានានៅលើសកលលោក ។
ថ្លែងនៅក្នុងពិធីប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ខេត្តបាត់ដំបង បានធ្វើឡើងកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ នៅស្រុកបាណន់ ខេត្តបាត់ដំបង ។ តាមសេចក្តីសម្រេចរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបងដោយបានចាត់តាំងនិងប្រគល់ការកិច្ចដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ជូនសន្តិបណ្ឌិត សុខ ផល ជាប្រធានក្រុមការងារ និងមានអនុប្រធានក្រុម ព្រមទាំងសមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ និងឃុំទាំង៨ នៃស្រុកបាណន់សរុបទាំងអស់ចំនួន១,៥៣៥នាក់ ។
លោក កើត រិទ្ធ បានធ្វើការវាយតម្លៃខ្ពស់ចំពោះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ដែលកន្លងមកបានខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍលើសមិទ្ធផលសំខាន់ៗជាច្រើន ដើម្បីបម្រើផលប្រយោជន៍រួម ក្នុងមូលដ្ឋាន និងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនបានល្អប្រសើររហូតសម្រេចបានលទ្ធផលជាច្រើនជូនប្រជាពលរដ្ឋ ។
លោក បានបញ្ជាក់ថា បេសកកម្មរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ គឺនៅតែបន្តបេសកកម្មរបស់ខ្លួនបន្ថែមទៀត ថ្វីត្បិតតែក្រុមការងារត្រូវបានរៀចំថ្មី យ៉ាងណាក៏ដោយ តែបេសកកម្មនៅតែបម្រើប្រជាជនក្នុងមូលដ្ឋាននៅតែដដែល ។
លោក កើត រិទ្ធ បន្តថា ក្រុមការងារចុះមូលដ្ឋានស្រុកបាណន់ មិនមែនមកបម្រើការងារជំនួសរដ្ឋបាលមូលដ្ឋាននោះទេ រដ្ឋបាលមូលដ្ឋានត្រូវប្រកាន់ខ្ជាប់តួនាទី ភារកិច្ចជាម្ចាស់មូលដ្ឋាន ក្នុងការទទួលខុស ត្រូវលើការអនុវត្តតួនាទីភារកិច្ចតាមតួនាទីនៃច្បាប់ ដើម្បីបម្រើប្រជាពលរដ្ឋ ហើយក្រុមការងារដែលចុះមកនេះ មានបេសកកម្មជាអ្នកតម្រង់ទិស ផ្តល់ការគាំទ្រ និងជំរុញលើកកម្ពស់សមត្ថភាពរបស់ស្ថាប័ននៅមូលដ្ឋាន ដើម្បីរដ្ឋបាលមូលដ្ឋានអាចពង្រឹងការទទួលខុស ត្រូវរបស់ខ្លួន ពង្រឹងភាពជាម្ចាស់ និងពង្រឹងសមត្ថភាពអាជ្ញាធរមូលដ្ឋាន ក្នុងការបម្រើដល់ប្រជាពលរដ្ឋ ការជួយដោះស្រាយនូវការលំបាក និងសេចក្តីត្រូវការនានាទៅតាមសមត្ថភាពរបស់ខ្លួន ដើម្បីជួយដល់ប្រជាពលរដ្ឋ និងការជំរុញដល់ការអភិវឌ្ឍមូលដ្ឋាន សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានភាពល្អប្រសើរឡើង ៕