ភ្នំពេញ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីរាត្រីថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់រដ្ឋសភាទៅបំពេញទស្សន កិច្ចជាផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តី នៅសាធារណរដ្ឋបារាំង រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោកស្រីយ៉ា អ៊ែលប្រូនពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋបារាំង។
ដំណើរទស្សនកិច្ចនាពេលនេះ ធ្វើឡើងក្នុង គោលបំណងជំរុញលើកកម្ពស់ទំនាក់ ទំនងស្ថាប័ននីតិប្បញ្ញត្តិ និងទំនាក់ទំនាក់ ទំនងរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-បារំាងឱ្យកាន់តែជិតស្និទ្ធ។ បន្ថែមពីនេះ ដំណើរទស្សនកិច្ចនេះក៏ជាឱកាសមួយដើម្បីពង្រឹងវិស័យការទូតសភាកម្ពុជាជាមួយសភានានានៅលើសកលលោក ជាពិសេសការលើកកម្ពស់សមភាពយេន ឌ័រ គោលការណ៍ពហុភាគីនិយម ដើម្បីថែរក្សាការពារសុខសន្តិភាព ស្ថិរភាព និងវិបុលភាពសង្គមប្រកបដោយចីរភាព និងបរិយាបន្ន។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលប្រធានសភាស្រ្តីនាឆ្នាំ២០២៤ នេះ នឹងមានការអញ្ជើញចូលរួមពីប្រធានសភាជាស្រ្តីនៅទូទាំងពិភពលោក មកពីប្រទេសចំនួន ២៥ប្រទេស សំដៅជំរុញបន្ថែមនូវការទូតសភាប្រកបដោយភាពបុរេសកម្ម ដែលគិតគូរពីបញ្ហាស្រ្តី និងក្មេងស្រី ការលើកកម្ពស់សិទ្ធិស្រ្តីនៅទូទាំងពិភពលោក និងការប្រឆាំងរាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី។ សំខាន់ជាងនេះទៅទៀត សភាដើរតួនាទីនាំមុខ ក្នុង ការជំរុញឱ្យមានសមភាពរវាងស្ត្រីនិងបុរស តាមរយៈការតាក់តែងនិងអនុម័តច្បាប់ពាក់ព័ន្ធសំខាន់ៗ។ កិច្ចប្រជុំកំពូលនេះមានវេទិកាតុមូលសំខាន់ ចំនួនពីរ រួមមាន៖
១ ការអប់រំប្រកបដោយសមភាព ការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើស្ត្រី និងសុខភាពស្ត្រី
២ សមភាពនិងចំនួនស្មើគ្នារវាងស្ត្រីនិងបុរសក្នុងវិស័យនយោបាយ និងការអះ អាងអំពីតួនាទី គម្រូរបស់ស្ត្រី។
ក្នុងកំឡុងទស្សនកិច្ចជាផ្លូវការនៅសាធា រណរដ្ឋបារាំង សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងមានជំនួបសំខាន់ៗ ដែលក្នុងនោះមាន ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាបារាំង ប្រធានរដ្ឋសភាឥណ្ឌូនេស៊ី ប្រធានរដ្ឋសភា អាល្លឺម៉ង់ ប្រធានរដ្ឋសភាប៊ែល ហ្ស៊ីក និងប្រធានរដ្ឋសភាតង់ហ្សានី ព្រម ទាំងចូលរួមពិធីសម្ពោធការតាំង ពិព័រណ៍ ឧទ្ទិសដល់សិទ្ធិនយោបាយរបស់ស្រ្តីនៅលើពិភពលោក។ ក្រៅពីជំនួបពិភាក្សាការងារជាមួយប្រធានសភាជាស្រ្តី សម្តេចរដ្ឋសភាធិបតី ក៏នឹងមានជំនួបសម្តែងការ គួរសម និងពិភាក្សាការងារជាមួយប្រតិភូនៃសភានិយាយភាសាបារាំង(APF) ផងដែរ ដើម្បីជំរុញបន្ថែមវឌ្ឍនភាពនៃទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការរវាង APF និងសភាកម្ពុជា។
ក្រៅពីនេះ គណៈប្រតិភូរដ្ឋសភាកម្ពុជាក៏នឹងមានជំនួបដាច់ដោយឡែកជាមួយក្រុមមិត្តភាពសភាកម្ពុជា-បារាំង គណៈកម្មការសង្គមកិច្ចនៃរដ្ឋសភាបារាំង និងជំនួបរវាងអគ្គលេខាធិការ នៃរដ្ឋសភាកម្ពុជា និងរដ្ឋសភាបារាំងផងដែរ៕