កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី ២ខែមីនា ឆ្នាំ ២០២៤នេះ បានដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការកាយយកថ្មចេញពីទន្លេ ស្ថិតនៅចំណុចដីកើតហេតុ ក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានបញ្ជាក់ថា ម្ចាស់ដីដែលចាក់ថ្មរំលោភយកទន្លេ ស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ បច្ចុប្បន្នបាន និងកំពុងអនុវត្តនូវវិធានការរបស់រដ្ឋបាលខេត្ត ដោយធ្វើការកាយយកថ្មចេញពីផ្ទៃទន្លេ បានលទ្ធផល ៧០% ហើយបច្ចុប្បន្នម្ចាស់ដីកំពុងបន្តការយកថ្មចេញឲ្យបានរួចរាល់ ១០០% នៅក្នុងរយៈពេលជាង ១០ថ្ងៃទៀត។
លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ជាមួយនឹងការចុះពិនិត្យដោយផ្ទាល់នេះ លោកបានណែនាំដល់មន្ត្រីនៃមន្ទីរធនធានទឹក សហការការងារជាមួយនឹងក្រុមការងារប្រមូលថ្មចេញ ដោយត្រូវកំណត់ព្រំប្រទល់ និងការកំណត់ជម្រៅទឹក និងឈានដល់ការតាមដានអង្កេត និងការចូលរួមសហការពេលក្រុមជំនាញពាក់ព័ន្ធ មានទាំងខាងមន្ត្រីមន្ទីរធនធានទឹក និងមន្ត្រីមន្ទីរសាធារណការ ក៏ដូចជាមន្ទីរបរិស្ថានជាដើម ដើម្បីធ្វើកិច្ចការនេះឲ្យប្រាកដថា ថ្មត្រូវបានយកចេញអស់ពីទឹកទន្លេនោះ។
លោកអភិបាលខេត្ត បានយកឱកាសនោះ សូមបញ្ជាក់ជូនសាធារណៈជនដែលបានតែងតែគាំទ្រ នូវចំណាត់ការរបស់រដ្ឋបាលខេត្តកំពង់ចាម និងបានផ្ដល់នូវយោបល់មករដ្ឋបាលខេត្ត ដូចអ្វីដែលយើងបានឃើញនៅទីនេះ គឺអាជ្ញាធរខេត្តបានរួមគ្នាដោះស្រាយ ធ្វើយ៉ាងណាឱ្យភូមិ ឃុំ ស្រុក ខេត្តរបស់យើងនេះ ទទួលបាននូវការរស់នៅប្រកបដោយសុខដុមរមនា ដោយមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ជាផ្នែកមួយដែលនាំមកនូវការអភិវឌ្ឍ និងការរីកចម្រើនដល់ប្រជាពលរដ្ឋរបស់យើង៕