Breaking News

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​៖​ ឆាប់ៗនេះ កម្ពុជា​ ក្លាយជាប្រទេសគំរូមួយ លើពិភពលោក​ ចំពោះការកម្ចាត់ជំងឺរបេង​ ប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ៖​ សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានគូសបញ្ជាក់​ថា​ ២០ឆ្នាំមុន ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលមាន អត្រាអ្នកកើតជំងឺរបេងខ្ពស់ជាងគេ ក្នុងពិភពលោក តែក្នុងរយៈពេលយ៉ាងខ្លី កម្ពុជាបានក្លាយជាប្រទេសគំរូមួយ លើពិភពលោកចំពោះការងារ កម្ចាត់ជំងឺរបេង យ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព​ ។

យោងតាមសារលិខិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសប្រារព្ធទិវាពិភពលោក​ កម្ចាត់រោគរបេង ក្រោមប្រធានបទ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន»​ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ​ ​​ សម្ដេចធិបតី បានលើកឡើងថា ការប្រារព្ធទិវានេះ គឺក្នុងគោលបំណងបន្តជំរុញ និងបង្ហាញនូវ
ការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់ការគាំពារសុខភាព​ របស់ប្រជាពលរដ្ឋ​ ឱ្យបានកាន់តែទូលំទូលាយ ព្រមទាំងបំផុសការយល់ដឹង​ លើការប្រយុទ្ធ​ នឹងជំងឺរបេង ផ្សព្វផ្សាយ​ ជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យ បានយល់អំពីបញ្ហា និងផលវិបាក​ នៃជំងឺរបេង សំដៅចូលរួមចំណែក​ លើកកម្ពស់សុខុមាលភាពរបស់ សង្គមជាតិទាំងមូល។

សម្ដេចធិបតី មានប្រសាសន៍ថា ​«ព្រះរាជាណាចក្រកម្ពុជា បានសម្រេចសមិទ្ធផល​ គួរជាទីមោទនៈ ក្នុងការប្រយុទ្ធនឹងជំងឺរបេងអស់ រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈដែល ២០ឆ្នាំមុន ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលមាន អត្រាអ្នកកើតជំងឺរបេងខ្ពស់ជាងគេក្នុងពិភពលោក តែក្នុងរយៈពេលយ៉ាងខ្លី កម្ពុជាបានក្លាយជាប្រទេសគំរូមួយ លើពិភពលោកចំពោះការងារកំចាត់ជំងឺរបេង យ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព»។

លទ្ធផល ដ៏គាប់ប្រសើរនេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់ប្រជាជាតិយើង ដែលក្នុងនោះរាជរដ្ឋាភិបាល បានពង្រីកសេវាពិនិត្យ និងព្យាបាលជំងឺរបេង តាមយុទ្ធសាស្រ្តដូតស៍ នៅគ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងអស់ រួមទាំងថ្នាក់សហគមន៍ នៅទូទាំងប្រទេសផងដែរ។ នេះជាការថ្លែងបញ្ជាក់របស់សម្ដេចធិបតី។

ក្នុងនោះ សម្តេច​នាយករដ្ឋមន្ត្រី​ ​បានថ្លែងថា​ យើងក៏បានធ្វើការស្រាវជ្រាវ និងផ្តល់ការព្យាបាលជំងឺរបេង​ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលកិច្ចការនេះ​ មានការរីកចម្រើនគួរឱ្យ កត់សម្គាល់ និងជាហេតុធ្វើឱ្យអត្រាឈឺនិងស្លាប់​ ដោយសារជំងឺរបេងក្នុងប្រទេសកម្ពុជា មានការធ្លាក់ចុះ យ៉ាងខ្លាំង ធៀបនឹងប្រទេសដទៃ។

សូមជម្រាបថា​ អត្រាស្លាប់ដោយសារជំងឺរបេង​ បានថយចុះក្នុងអត្រា ៤៥% ពី ៤២ករណី ក្នុងចំណោមប្រជាពលរដ្ឋ ១០០.០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ២៣ករណី ក្នុងចំណោមប្រជាពលរដ្ឋ ១០០.០០០នាក់ ក្នុងឆ្នាំ២០២២។ រីឯករណីឆ្លងជំងឺរបេងថ្មីក៏បានធ្លាក់ចុះពី ៥៧៩ ករណី ក្នុងចំណោមប្រជាជន ១០០.០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ៣២០ករណី ក្នុងចំណោមប្រជាជន ១០០.០០០នាក់ នៅឆ្នាំ២០២២ គឺបានថយចុះ ៤៥% ផងដែរ។

បើតាម សម្តេចធិបតី​ សមិទ្ធផលទាំងនេះបានអនុញ្ញាត ឱ្យកម្ពុជា​ សម្រេចគោលដៅអភិវឌ្ឍន៍​សហស្សវត្សរ៍​ ពាក់ព័ន្ធនឹងការកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារ ជំងឺរបេង នៅមុនកាលកំណត់ ៤ឆ្នាំ ហើយនេះគឺជាស្នាដៃមួយ​ ដែលមានប្រទេស
តិចតួចប៉ុណ្ណោះ​ នៅលើសកលលោកអាចសម្រេចបាន៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *