Breaking News

អគ្គស្នងការនគរបាលជាតិ៖ ការងារសន្តិសុខ ជាសសរទ្រូង និងជាបង្អែកដ៏រឹងមាំសម្រាប់គាំទ្រការវិនិយោគ និងការរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិផ្សេង

សៀមរាប៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា ខេត្តសៀមរាប គឺជាភូមិសាស្ត្រដ៏ពិសេស ជាប៉ូលទេសចរណ៍ សេដ្ឋកិច្ច ដ៏សំខាន់បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ដូច្នេះការងារសន្តិសុខសណ្ដាប់ធ្នាប់ ជាសសរទ្រូង និងបង្អែកដ៏រឹងមាំសម្រាប់គាំទ្រ ទៅដល់ការវិនិយោគ វិស័យទេសចរណ៍ និងការរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិផ្សេងៗ។

លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានលើកឡើងបែបនេះ នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំង លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ មកជា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀរាប ខណៈលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ត្រូវផ្ទេរភារកិច្ចជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។

លោក នាយឧត្តមសេនីយ៍ ស ថេត លើកឡើងថា ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជា បានបង្ហាញនូវកិត្តិនាមយ៉ាងល្បីល្បាញដល់ពិភពលោក តាមរយៈការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗជាច្រើន ដែលមានការចូលរួមពីថ្នាក់ដឹកនាំ នៃប្រទេសមហាអំណាចពិភពលោក ក្នុងនោះ ខេត្តសៀមរាប ក៏ជាគោលដៅទស្សនកិច្ច និងទេសចរណ៍ដ៏ទាក់ទាញ និងប្រភពចំណូលសម្រាប់សេដ្ឋកិច្ចជាតិ។ សម្រាប់អាណត្តិទី៧ នៃរដ្ឋសភានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តការពារ និងថែរក្សាសមិទ្ធផល ដែលទទួលបានពីនយោបាយឈ្នះឈ្នះ និងសន្តិភាពរយៈពេលដ៏វែង ដែលកម្ពុជាមិនធ្លាប់ទទួលបាន និងបន្តបង្កើតនូវសមិទ្ធផលថ្មីៗបន្ថែមទៀត។

លោក នាយឧត្តមសេនីយ៍ បន្ថែមថា សម្រាប់ខេត្តសៀមរាប គឺជាភូមិសាស្ត្រដ៏ពិសេសមួយ ដែលទាមទារឲ្យការងារសន្តិសុខសណ្ដាប់ធ្នាប់ ជាសសរទ្រូង និងបង្អែកដ៏រឹងមាំសម្រាប់គាំទ្រ ទៅដល់ការវិនិយោគ វិស័យទេសចរណ៍ និងការរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិផ្សេងៗ។ ដូច្នេះ ដើម្បីរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងខេត្តបានល្អប្រសើរ ត្រូវមានការដឹកនាំបញ្ជាកងកម្លាំងនគរបាល និងកិច្ចសហការជាមួយកងកម្លាំងរាជអាវុធហត្ថខេត្ត ព្រមទាំងកម្លាំងដទៃទៀត ដោយប្រើកម្លាំងសរុប និងមធ្យោបាយសរុប និងស្ថិតនៅក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពខេត្ត។

លោក នាយឧត្តមសេនីយ៍ ក៏បានណែនាំដល់ លោកស្នងការនគរបាលខេត្ត ទើបចូលកាន់តំណែង ត្រូវដឹងពីរចនាសម្ព័ន្ធរបស់នគរបាលក្នុងខេត្តរបស់ខ្លួន និងត្រូវចាត់ចែងប្រគល់ភារកិច្ចទៅដល់ស្នងការរង ការិយាល័យ និងជំនាញនីមួយៗ ចៀសវាងការប្រមូលអំណាច និងប្រើតែមនុស្សរបស់ខ្លួន និងចាត់ទុកអ្នកផ្សេងមិនចេះធ្វើការ។ លោក បន្ថែមថា ចំពោះការដឹកនាំបញ្ជា កងកម្លាំងនគរបាល ត្រូវមានរបបប្រជុំប្រចាំសប្ដាហ៍ ប្រជុំប្រចាំខែ ដើម្បីតាមដាន និងវាយតម្លៃលើការងារ ដែលបានប្រគល់ទៅតាមជំនាញនីមួយៗ ចំពោះមន្ត្រីនគរបាលដែលមិនខិតខំបំពេញភារកិច្ច ឬអសកម្ម ថ្នាក់ដឹកនាំត្រូវអនុវត្តតាមវិន័យកម្លាំងនគរបាលជាតិ។

យោងតាមសុន្ទរកថាស្វាគមន៍របស់អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ បានឲ្យដឹងថា ក្រោមការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ជាពិសេសស្នងការនគរបាលខេត្ត គណៈបញ្ជាការរដ្ឋបាលខេត្តសៀមរាប បានគ្រប់គ្រងសណ្ដាប់ធ្នាប់សាធារណៈ បទល្មើសគ្រប់ប្រភេទ ជាពិសេសគ្រឿងញៀន ជួញដូរមនុស្ស ប្រដាប់អាវុធ និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត។ លើសពីនោះ ការចុះផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព ដើម្បីបង្ការ និងកាត់បន្ថយបទល្មើសតាមមូលដ្ឋាន ខេត្តសៀមរាប បានទទួលជ័យលាភីលេខ១ ក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាពឆ្នាំ២០២៣។ លោក បន្ថែមថា ការរក្សាបាននូវសុខសន្តិភាព សណ្ដាប់ធ្នាប់ក្នុងខេត្តនេះ ជាកត្តាដ៏សំខាន់ ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត មានការរីកចម្រើនទៅមុខជាលំដាប់៕ដោយ៖ សិរី នាគ

Check Also

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *