Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធសមិទ្ធផល និងពិធីបិទវគ្គបណ្តុះបណ្តាល ហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន និងពិធីបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិបានថ្លែងបន្តថា សម្តេចធិបតី នាយករដ្ឋមន្ត្រី ធ្លាប់បានផ្តល់អនុសាសន៍ណែនាំជាបន្តបន្ទាប់ដល់ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បន្តយកចិត្តទុកដាក់ទៅលើការធ្វើទំនើបកម្មរចនាសម្ព័ន្ធទន់-រឹង ការធ្វើទំនើបកម្មហ្វឹកហ្វឺន និងការធ្វើទំនើបកម្មគ្រឿងបំពាក់ ជាការងារអាទិភាពបំផុតក្នុងកងយោធពលខេមរភូមិន្ទ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានថ្លែងថាសាកលវិទ្យាល័យការពារជាតិ មានភារកិច្ច បណ្តុះបណ្តាល និងហ្វឹកហ្វឺនជូនដល់នាយទាហានជាន់ខ្ពស់ នាយទាហាន នាយទាហានអាជីព និងនាយទាហានជំនាញឯកទេស ដើម្បីក្លាយជានាយទាហាននៃកងយោធ ពលខេមរភូមិន្ទ ប្រកបទៅដោយសមត្ថភាព និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការស្រាវជ្រាវ វិភាគនិង វាយតម្លៃលើការអនុវត្តវិធានការយុទ្ធសាស្រ្តគោលនយោបាយការពារជាតិ និងការអនុវត្តន៍តួនាទី ភារកិច្ច ជា នាយទាហាន ជាមេបញ្ជាការ និងជាសេនាធិការដឹកនាំបញ្ជា ។សាកលវិទ្យាល័យការពារជាតិបច្ចុប្បន្ន មាន៦មហាវិទ្យាល័យ ៣មជ្ឈមណ្ឌល ១សេនាធិការហ្វឹកហ្វឺន និង ៩ការិយាល័យ ចំណុះ ដែលមានមហាវិទ្យាល័យការពារជាតិ មហាវិទ្យាល័យបញ្ជាការសេនាធិការ មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម និងភាសា មហាវិទ្យាល័យអប់រំចិត្តសាស្ត្រនិងស្រាវជ្រាវវិទ្យាសាស្ត្រយោធា មហាវិទ្យាល័យ ពត៌មានវិទ្យា មហាវិទ្យាល័យភស្តុភារ ហិរញ្ញវត្ថុយោធា មជ្ឈមណ្ឌលបណ្តុះបណ្តាលក្រោយបរិញ្ញាបត្រ មជ្ឈមណ្ឌល កិច្ចការ សាស្ត្រាចារ្យ យោធាចារ្យ មជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍ឯកសារ និងបណ្ណាល័យ ១សេនាធិការហ្វឹកហ្វឺន និង៩ការិយាល័យចំណុះសាកលវិទ្យាល័យការពារជាតិ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានថ្លែងជំរាបពីលទ្ធផលការងារបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉ននៅសាកលវិទ្យាល័យ ថា បានអនុវត្តតាមសច្ចាប័នរបស់គណៈកម្មការដឹកនាំការងារបណ្តុះបណ្តាល និងហ្វឹកហ្វឺនកងយោធពលខេមរ ភូមិន្ទ ដែលបានដាក់ចេញជារៀងរាល់ឆ្នាំដោយផ្តោតជាសំខាន់លើយុទ្ធសាស្ត្រ យុទ្ធនាការ យុទ្ធវិធី ក្នុងវិស័យ ការពារជាតិ។ ការសិក្សានៅក្នុងថ្នាក់ ការចុះសិក្សាលើទីលានហ្វឹកហាត់ជាក់ស្តែង ការចុះធ្វើទស្សនកិច្ចសិក្សាតាមបណ្តា អង្គភាព។ ជាក់ស្តែងក្នុងរយៈពេល៥ឆ្នាំ កន្លងមក គឺពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ សាកលវិទ្យាល័យការពារជាតិ បានបណ្តុះបណ្តាល និងហ្វឹកហ្វឺននិស្សិតនៃកងយោធពលខេមរភូមិន្ទ និងនិស្សិតយោធាបរទេស សរុបចំនួន ៧៥វគ្គ ស្មើនឹង ៤.៩២៩នាក់ ។

ដោយឡែកវគ្គសិក្សាឆ្នាំ២០២៣ សាកលវិទ្យាល័យការពារជាតិបានធ្វើការបណ្តុះបណ្តាល និងហ្វឹកហ្វឺន បានចំនួន១៨វគ្គ មាននិស្សិតសិក្សាចំនួន១.៤២០នាក់ ក្នុងនោះបានធ្វើការប្រឡងបញ្ចប់វគ្គសិក្សាឆ្នាំ២០២៣ ចំនួន១២វគ្គ ដែលមាននិស្សិត៩៥៩នាក់ និងបន្តវគ្គសិក្សាក្នុងឆ្នាំ២០២៤ ចំនួន៦វគ្គដែលមាននិស្សិតចំនួន ៤៩១នាក់ ក្នុងនោះមាននិស្សិតយោធាបរទេសចំនួន៩៣នាក់ដែលមកពី៤ប្រទេស គឺមកពីប្រទេសវៀតណាម ចំនួន៥៤នាក់ ប្រទេសឡាវចំនួន២០នាក់ ប្រទេសថៃចំនួន៨នាក់ និងមកពីប្រទេសមីយ៉ាន់ម៉ាចំនួន១១នាក់ ។ ក្នុងឆ្នាំសិក្សា២០២៤នេះ សាកលវិទ្យាល័យការពារជាតិនឹងដំណើរការបើកវគ្គសិក្សាចំនួន១៧វគ្គ ក្នុងនោះ វគ្គថ្មីចំនួន១១វគ្គ មាននិស្សិតស្មើនឹង ៦១៣នាក់ និងវគ្គបន្តចំនួន៦វគ្គ មាននិស្សិតស្មើនឹង៤៩១នាក់ ដែល មាននិស្សិតជាតិ និងអន្តរជាតិសរុបទាំងអស់ ចំនួន១.១០៤នាក់៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *