ភ្នំពេញ៖ គណបក្សដេីម្បីកម្ពុជា សរសេរអក្សរកាត់(គ.ដ.ក) ដឹកនាំដោយលោក ឯម សុខសុវណ្ណ ត្រូវបានឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចុះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ នៅថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២៤។
នៅក្នុងសេចក្ដីប្រកាសស្ដីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ លេខៈ ២១៩១ ប្រក នៅក្នុងប្រការ២ ចែងថា “គណបក្សដើម្បីកម្ពុជា ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តនានា ជាធរមាន និងលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ”។ ដោយឡែកការចុះបញ្ជីផ្លូវការរបស់គណបក្សដេីម្បីកម្ពុជា ត្រូវបានលោក ឯម សុខសុវណ្ណ បង្ហោះនៅលេីបណ្ដាញទំនាក់ទំនងសង្គមហ្វេសបុកផ្ទាល់ខ្លួននៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៤ ថា”មុនក្រសួងមហាផ្ទៃចុះបញ្ជីគណបក្សនយោបាយជាផ្លូវការ [គណបក្សដេីម្បីកម្ពុជា] មានបងប្អូនបង្កេីតចំនួនពីរគឺ គណបក្សអាយ៉ងខ្មែរ និងគណបក្សខ្ញុំបម្រេីខ្មែរ ដែលត្រូវបានក្រសួងមហាផ្ទៃបដិសេធមិនឱ្យបង្កេីតគណបក្ស”។ នេះមានន័យថា គណបក្សដេីម្បីកម្ពុជា ជាគណបក្សទី៣ ដែលត្រូវបានលោក ឯម សុខសុវណ្ណ ស្នេីសុំបង្កេីតគណបក្សនយោបាយនៅកម្ពុជា។
សូមបញ្ជាក់ជូនថា លេីកទីមួយ,គណបក្សអាយ៉ងខ្មែរ ត្រូវបានក្រសួងមហាផ្ទៃបដិសេធមិនឱ្យបង្កេីតគណបក្សតាមការស្នុំសុំពីលោក ឯម សុខសុវណ្ណ,លេីកទីពីរ គណបក្សខ្ញុំបម្រេីខ្មែរ ត្រូវបានក្រសួងមហាផ្ទៃបដិសេធសារជាថ្មីម្ដងទៀត។ ដោយសារមិនបោះបង់ការស្នេីសុំបង្កេីតគណបក្សនយោបាយ លោក ឯម សុខសុវណ្ណ ស្នេីសុំលេីកទីបី ដាក់ឈ្មោះ គណបក្សដេីម្បីកម្ពុជា មានសញ្ញាសម្គាល់រូប “ញញួរ” ត្រូវបានក្រសួងមហាផ្ទៃ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ទទួលស្គាល់ជាផ្លូវការនៅថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២៤ នេះ៕SRN