Breaking News

ក្រសួងបរិស្ថាន និងក្រសួងការងារ ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «យុទ្ធនារការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាសគ្រឹះស្ថាន»

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត និងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាសគ្រឹះស្ថាន» នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នាទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក អ៊ាង សុផល្លែត បានលើកឡើងថា ការចុះអនុស្សរណៈរបស់ក្រសួងទាំងពីរនាពេលនេះ ចូលរួមចំណែកសំខាន់ ដើម្បីចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅទូទាំងប្រទេសបានជោគជ័យមួយកម្រិតទៀត។ លោកក៏បានលើកឡើងពីយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្ត្រ៣ គឺស្អាត បៃតង និងចីរភាព ដើម្បីធ្វើឱ្យកម្ពុជាស្អាតតាមរយៈការដាក់ចេញនូវយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បន្តមកមានយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការដាំកូនឈើយ៉ាងតិច ១លានដើម ក្នុងមួយឆ្នាំ រួមទាំងយុទ្ធនាការផ្សេងៗទៀត ជាដើម។ យុទ្ធនាការទាំងអស់នេះ រួមចំណែកផ្លាស់ប្តូរឥរិយាបទរបស់ប្រជាជនឱ្យចូលរួម កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប្រចាំថ្ងៃនៅកម្ពុជា និងរួមចំណែកឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែងជាសកល និងសម្រេចនូវគោលដៅយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការចុះអនុស្សរណៈ របស់ក្រសួងទាំងពីរ ដែលបង្ហាញជាផ្លូវការពីកិច្ចសហការរបស់ក្រសួងបរិស្ថាន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការធានានូវបរិយាកាស កន្លែងធ្វើការនៅតាមសហគ្រាស គ្រឹះស្ថាន ដែលមានលក្ខណៈសមរម្យ ជួយជំរុញកំណើនប្រសិទ្ធភាព និងផលិតភាពការងារ។

ម្យ៉ាងវិញទៀត ស្មារតីនៃការចុះអនុស្សរណៈនេះ នឹងជំរុញការចូលរួមកាត់បន្ថយផលប៉ះពាល់ នៃសំណល់ប្លាស្ទិក ដែលបាននិងកំពុងប្រើប្រាស់ ក្នុងសង្គមតាមរយៈ ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលកំពុងបង្កហានិភ័យដល់បរិស្ថាន៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *