Breaking News

ឥណ្ឌា-កម្ពុជា រំពឹងថា ទំនាក់ទំនង វិស័យនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ នឹងត្រូវបានលើកកម្ពស់បន្ថែមទៀត, នាយករដ្ឋមន្ដ្រីថ្មីទ្វេភាគីនឹងជួបគ្នា នាពេលខាងមុខនេះ

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា​ ទំនាក់ទំនង វិស័យនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ នឹងត្រូវបានលើកកម្ពស់បន្ថែមទៀត ហើយសង្ឃឹមថា នៅឆ្នាំនេះនាយករដ្ឋមន្ត្រីថ្មី នៃប្រទេសឥណ្ឌា និងសម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងមានឱកាសជួបគ្នា។ ជាមួយគ្នានេះលោកស្រីក៏បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ច នៅប្រទេសឥណ្ឌាក្នុងតួនាទីជាប្រធានព្រឹទ្ធសភា ហើយប្រទេសឥណ្ឌា នឹងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្ដេចនាពេលខាងមុខផងដែរ។

ការថ្លែងនេះរបស់លោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នាឱកាសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកស្រីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ​នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ​ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ សម្ដេចតេជោ បានរំលឹកថា កាលពីជំនួបលើកមុន សម្ដេច និងលោកស្រីបានពិភាក្សាគ្នាលើការរៀបចំព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទៅកាន់ប្រទេសឥណ្ឌា ក្នុងឱកាសខួបទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយក៏បានពិភាក្សាគ្នាលើការត្រួសត្រាយទស្សនកិច្ចរបស់សម្ដេចធិបតី ដែលកាលនោះជាអគ្គមេបញ្ជាការកងទ័ពជើងគោក។

ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត​ បានសម្តែងការពេញចិត្ត និងកោតសរសើរ​ចំពោះទស្សនវិស័យ និងការគិតគូរប្រកបដោយភាពច្បាស់លាស់ របស់សម្ដេចតេជោក្នុងការលះបង់អំណាចដើម្បីផ្ទេរដល់អ្នកជំនាន់ក្រោយ ហើយប្រកបដោយភាពរលូន។ លោកស្រីក៏បានសម្តែងនូវការពេញចិត្តចំពោះរាជរដ្ឋាភិបាលអាណត្តិថ្មីដែលដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីនៅតែចាត់ទុកសម្តេចតេជោ ជាមគ្គុទេសក្នុងការដឹកនាំប្រទេសកម្ពុជានាពេលកន្លងមក ឲ្យមានប្រជាធិបតេយ្យ និងការអភិវឌ្ឍរីកចម្រើន។

ជាមួយគ្នានេះលោកស្រីក៏បានថ្លែងអំណរគុណចំពោះក្រុមការងារទាំងក្រសួងការបរទេសកម្ពុជា និងផ្នែកពាក់ព័ន្ធនានា ក្នុងការរៀបចំព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាប្រវត្តិសាស្ត្រទី១ប្រកបដោយភាពជោគជ័យ។

លោកស្រីបានមានប្រសាសន៍ថា ក្នុងទំនាក់ទំនងជាង៦០ឆ្នាំកន្លងមកនេះ ដំណើរព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជាទៅកាន់ប្រទេសឥណ្ឌា គឺជាព្រះរាជទស្សនកិច្ចកំពូល ហើយលោកស្រីក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោដែលបានផ្ដួចផ្ដើមគំនិតឲ្យមានព្រះរាជទស្សនកិច្ចរបស់ព្រះអង្គ ដូចជាការផ្ដួចផ្ដើមឲ្យមានដំណើរទស្សនកិច្ចរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោកនាពេលនោះ ទៅកាន់ប្រទេសឥណ្ឌាផងដែរ។

ទន្ទឹមនឹងនោះ លោកស្រីក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានផ្ដួចផ្ដើមឲ្យមានការតភ្ជាប់ការហោះហើរត្រង់ ពីឥណ្ឌាមកកម្ពុជា ដែលនឹងដំណើរការក្នុងពេលឆាប់ៗនេះ ដោយលោកស្រីចាត់ទុកថា សុបិនរបស់កម្ពុជា-ឥណ្ឌាបានក្លាយជាការពិត ដែលទាំងអស់នេះនឹងជួយឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជន មានជំនឿជឿទុកចិត្តគ្នាបន្ថែមទៀត ក៏ដូចជាការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរផងដែរ។

បើតាមលោកស្រីឯកអគ្គរដ្ឋទូត ​កម្ពុជា-ឥណ្ឌា មានទំនាក់ទំនងគ្នាជាយូរលង់ណាស់មកហើយ។ ហើយកន្លងទៅនេះ ទោះបីជាមានការរាតត្បាតដោយជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏ឥណ្ឌា និងកម្ពុជានៅតែធ្វើការជាមួយគ្នាបាន។ លោកស្រីក៏បានស្នើឲ្យសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា មើលឃើញប្រទេសឥណ្ឌាជាដៃគូដ៏គួរឲ្យទុកចិត្តជាមួយនឹងកម្ពុជា ។ លោកស្រីក៏បានសម្តែងនូវក្តីរីករាយដែលថាកម្ពុជាជាដៃគូ ជាមិត្តចាស់ ដែលមានតុល្យភាពក្នុងបញ្ហាការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយនៅក្នុងតំបន់។

ក្នុងគ្រានោះដែរ សម្ដេចតេជោ ក៏បានអបអរសាទរចំពោះការតភ្ជាប់ហោះហើរត្រង់ រវាងរដ្ឋធានីនៃប្រទេសទាំងពីរ ដែលទាំងនេះនឹងជំរុញឲ្យទំនាក់ទំនងរវាងប្រជាជននិងប្រជាជនកាន់តែមានភាពជិតស្និទ្ធ និងល្អប្រសើរបន្ថែមទៀត៕SRN

Check Also

អគ្គនាយក ក្រុមហ៊ុន Truly Nolen International (Cambodia) បានធ្វើការចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នា (MOU) ជាមួយនឹងក្រុមហ៊ុន Garam of Nature ផលិតផលថែរក្សាសម្រស់ដែលមានគុណភាពល្អបំផុតពី ប្រទេសកូរ៉េ

Leave a Reply

Your email address will not be published. Required fields are marked *