ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារាចរណែនាំ ស្តីពី ការចូលរួមកាន់ទុក្ខព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងសារាចរណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញផ្សាយនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានយាងចូលព្រះទិវង្គតនៅវត្តឧណ្ណាលោម កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧:៤០នាទី ដោយព្រះជរាពាធ ក្នុងព្រះជន្ម ៩៣ព្រះវស្សា។
នៅក្នុងសេចក្តីទុក្ខដ៏ក្រៀមក្រំបំផុតនេះ រាជរដ្ឋាភិបាលបានប្រកាសយកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃកាន់ទុក្ខផ្លូវការ ព្រមទាំងបាននិងកំពុងរៀបចំព្រះរាជពិធីបុណ្យ ថ្វាយព្រះបរមសព ប្រព្រឹត្តទៅប្រកបដោយភាពអធិកអធមនិងជាទីសក្ការៈ ស្របតាមប្រពៃណីជាតិ សក្តិសមនឹង ព្រះកិត្តិនាមនិងព្រះកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចព្រះមហាសង្ឃរាជ។
ដើម្បីរៀបចំព្រះរាជពិធីដង្ហែនិងថ្វាយ ព្រះភ្លើងព្រះបរមសព ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ឱ្យសក្តិសមនឹងព្រះគុណូបការៈដ៏ធំធេងរបស់សម្តេច ដែលបានបូជាថ្វាយចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសម្តេចបានខិតខំអស់ពីព្រះកាយពល ក្នុងការដឹកនាំព្រះសង្ឃ ការទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យបានឧត្តុង្គឧត្តមឡើងវិញ អស់មួយព្រះជន្មព្រះអង្គ រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចតទៅ៖
១៖ ប្រកាសថ្ងៃកាន់ទុក្ខជាផ្លូវការលើកទី២ រយៈពេល១ (មួយ)ថ្ងៃ គឺថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤។
២៖ គ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈរបស់រដ្ឋនិងឯកជនទាំងអស់ គ្រប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ មួយភាគបីនៃដង ពីលើចុះមកក្រោម។
៣៖ គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិនិងឯកជនទាំងអស់ ត្រូវផ្អាកការសម្តែងនិងចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤៕