Breaking News

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចមិនបានសម្រេចឲ្យបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃ ១២ មិថុនា ២០២៤នោះទេ ព្រោះជាសិទ្ធិសម្រេចផ្តាច់មុខរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ បានបញ្ជាក់ថា សម្តេចមិនបានសម្រេចឲ្យបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី ១២ខែមិថុនា ឆ្នាំ ២០២៤ នោះទេ។ ការចេញមកបញ្ជាក់បែបនេះរបស់សម្តេចតេជោ គឺបន្ទាប់ពីមានការផ្សព្វផ្សាយថា សម្តេចបានសម្រេចឲ្យមានការសាងសង់ព្រែកជីកហ្វូណនតេជោ នៅខែមិថុនា ឆាប់ៗខាងមុខនេះ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី ២៥ខែឧសភា ឆ្នាំ ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ «ប៉ុន្មានថ្ងៃនេះមានការលើកឡើងថា ខ្ញុំសម្រេចឲ្យបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃ ១២មិថុនា ២០២៤។ មិនមានរឿងបែបនេះទាល់តែសោះ។ ការសម្រេចបើកការដ្ឋានសាងសង់នៅពេលណាវាជាសិទ្ធផ្តាច់មុខរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ មានតែការបំភ្លឺតាមបណ្តាញសង្គមបែបនេះទេទើបពន្លត់ភ្លើងបានឆាប់ដោយមិនព្រួយអង្គុយបក់ផ្សែង»។

សូមរំលឹកថា នៅក្នុងសេចក្តីថ្លែងសារទៅកាន់ជនរួមជាតិ កាលពីថ្ងៃទី ១៦ខែឧសភា សម្តេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមសុទ្ធសាទរបស់កម្ពុជា ដើម្បីឯករាជ្យភាព លើវិស័យដឹកជញ្ជូនរបស់កម្ពុជា ដែលផ្តល់នូវភាពងាយស្រួល ក្នុងការដឹកជញ្ជូនតាមផ្លូវទឹក។ ព្រែកជីកនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់វិស័យសេដ្ឋកិច្ច ជាពិសេសកាត់បន្ថយការចំណាយលើថ្លៃដឹកជញ្ជូន។

ទន្ទឹមនឹងនេះ សម្តេចតេជោ បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់សូមមើលឲ្យហួសពីផលប្រយោជន៍សេដ្ឋកិច្ច និងសង្គម ទៅជាផលប្រយោជន៍ខាងនយោបាយនៃឯករាជ្យភាពដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដែលនឹងទទួលបានពីគម្រោងព្រែកជីកហ្វូណនតេជោ។ ហើយសម្តេចតេជោ បានគូសបញ្ជាក់ជាថ្មីថា កម្ពុជាត្រូវតែអនុវត្តគម្រោងព្រែកជីកនេះឱ្យខាងតែបាន។
សូមបម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចំណាយទុនប្រមាណ ១.៧០០លានដុល្លារអាម៉េរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *