Breaking News

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់បញ្ជាម៉ឺងម៉ាត់ក្នុងកិច្ចប្រជុំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដំណើរទស្សនកិច្ចខេត្តបន្ទាយមានជ័យ

ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កិច្ចប្រជុំស្ដាប់របាយការណ៍ និងផ្ដល់អនុសាសន៍លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំឡើងក្នុងបរិវេណបញ្ជាការដ្ឋានវរៈនគរបាលការពារព្រំដែនគោក លេខ៨០៧ ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ក្បែរព្រំដែនកម្ពុជា ថៃ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះមានការចូលរួមពីប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបន្ទាយមានជ័យ តំណាងសាលាដំបូងខេត្ត និងថ្នាក់ដឹកនាំកងកម្លាំងចម្រុះ ដែលប្រចាំការតាមបណ្ដាច្រកទ្វារ និងកម្លាំងការពារព្រំដែន។ 

ក្នុងកិច្ចប្រជុំនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានធ្វើរបាយការណ៍អំពីវឌ្ឍនភាពការងារពាក់ព័ន្ធនឹងកិច្ចការពង្រឹងសន្តិសុខ ពិសេសការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ទាំងគ្រប់មូលដ្ឋានក្រុងស្រុកនៃខេត្ត និងដោយឡែកក្រុងស្រុកទាំង៥ ដែលជាប់ព្រំដែនកម្ពុជា-ថៃ ដែលក្នុងនោះគិតចាប់ពីដើមឆ្នាំ២០២៤ មក កម្លាំងនគរបាលក្នុងខេត្តបន្ទាយមានជ័យ បានបង្ក្រាបករណីគ្រឿងញៀន សរុបចំនួន ១៧៥លើក និងមានករណីទ្រង់ទ្រាយធំចំនួន ៣ ខណៈកម្លាំងកងរាជអាវុធហត្ថខេត្ត បង្ក្រាប បានចំនួន ៣៨លើក។

ប្រតិបត្តិការនេះ កម្លាំងចម្រុះបានឃាត់ខ្លួនជនសង្ស័យសរុបជាង ២០០នាក់ និងគ្រឿងញៀនចម្រុះមួយចំនួនទៀត។ ក្រៅពីលទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងញៀន ឯកឧត្តមអភិបាលខេត្ត ក៏បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងលើការងារផ្សព្វផ្សាយអប់រំ វិធានការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ក្នុងនោះ មានជនរងគ្រោះដោយសារធាតុញៀន នៅមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ជិត ១ ០០០នាក់ ស្រី ៥០នាក់។ ចំណែកការធ្វើតេស្តរកសាធាតុញៀនលើមន្ត្រីនិងកម្លាំង រដ្ឋបាលខេត្តអនុវត្តបានចំនួន ៤  ៤១៥នាក់ ដោយទទួលបានលទ្ធផលអវិជ្ជមានទាំងអស់ និងកំពុងបន្តការធ្វើតេសនេះបន្ថែមទៀត។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមឯកឧត្តម នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធសម្រេចបាន ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ ក្នុងគោលដៅបង្កើនប្រសិទ្ធភាពការងារនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ និងដាក់បទបញ្ជាម៉ឺងម៉ាត់ទៅកាន់រដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ ដោយផ្ដោតលើមុខព្រួញ ២ គឺការពង្រឹងការងារក្នុងសមត្ថកិច្ចផ្ទៃក្នុងខេត្ត និងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរថៃ ជាប់ព្រំដែនកម្ពុជា។

ក្នុងក្របខណ្ឌផ្ទៃក្នុងខេត្ត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យបន្តយកចិត្តទុកដាក់ធានាឱ្យបានជាដាច់ខាតលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងចំណោមមន្រ្តី និងកងកម្លាំង ស្របតាមទិសស្លោកដឹកនាំសម្អាតផ្ទះយើង របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ប្រមុខក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ដូចបានអនុវត្តតាំងពីដើមនីតិកាលទី៧ មក មន្ត្រីក្រសួងមហាផ្ទៃ ទាំងរាជការសុីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ គឺត្រូវតែបណ្ដេញចេញពីក្របខ័ណ្ឌរដ្ឋ ដោយគ្មានការយោគយល់អ្វីទាំងអស់ ប្រសិនបើរកឃើញមានសាធាតុញៀន ឬពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ 

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ រួមទាំងស្នងការដ្ឋាននគរបាលខេត្ត ចាត់វិធានការស្រាវជ្រាវ និងបង្ក្រាបឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះទីតាំងជួលទាំងឡាយណា ដែលមានលក្ខណៈអំណោយផលដល់ការប្រព្រឹត្តបទល្មើសលួចលាក់កែច្នៃគ្រឿងញៀន និងរៀបចំបណ្ដាញស៊ើបអង្កេតឈានទៅបង្ក្រាឱ្យអស់នូវខារ៉ាអូខេ ក្លិបកម្សាន្ត ព្រមទាំងបៀហ្គាដិន ដែលនិន្នាការចុងក្រោយនេះ កំពុងក្លាយជាគោលដៅនៃការបង្កប់ លួចលាក់ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា មន្ត្រី ឬជនទាំងឡាយណាដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន នឹងមានវាសនាមិនខុសពីផ្សែងដែលចេញពីក្រដាសខ្ចប់ភ្លើងនោះឡើយ។ ជាមួយគ្នានេះឯកឧត្តមអភិសន្តិបណ្ឌិត បានព្រមានចេញពីកិច្ចប្រជុំនេះទៅតែម្ដង ប្រសិនបើមានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែណាមួយត្រូវបានរកឃើញទោះដោយសម្ងាត់ ឬជាចំហក្ដីថាមានករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ឬមានអ្នកជាប់ឃុំណាមួយអាចទៅពាក់ព័ន្ធដោយផ្ទាល់នឹងបទល្មើសនៅខាងក្រៅ រួមទាំងបទល្មើសគ្រឿងញៀន ដោយប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនោះនឹងទទួលខុសត្រូវមុនគេ ចំពោះបញ្ហាដែលបានកើតឡើង។

ដោយឡែក សម្រាប់កិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនជាមួយអាជ្ញាធរថៃជាប់ព្រំដែនកម្ពុជា ពិសេសការបង្ក្រាបការចរាចរណ៍ឆ្លងកាត់ទៅវិញទៅមក ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំឱ្យរដ្ឋបាលខេត្ត ក៏ដូចជាក្រុងស្រុកទាំង៥ រួមទាំងវរៈនគរបាលការពារព្រំដែនគោក ត្រូវបង្កើនការផ្លាស់ប្ដូរព័ត៌មានឱ្យបានលឿនរហ័ស និងជិតស្និទ្ធជាមួយភាគីថៃ ពិសេសលើការងារស្រាវជ្រាវស៊ើបអង្កេត និងការផ្លាស់ប្ដូរបទពិសោធ ពីព្រោះបញ្ហាគ្រឿងញៀន គឺសុទ្ធតែជាភារកិច្ចស្នូលដែលប្រទេសទាំងពីរ មានគោលដៅរួមដូចគ្នា។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្ដាំផ្ញើឱ្យបញ្ចូលរបៀបវារៈស្ដីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនទៅក្នុងកិច្ចសហប្រតិបត្តិការគ្រប់កម្រិតជាមួយអាជ្ញាធរថៃ ជាប់ព្រំដែនកម្ពុជា។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដឹកនាំប្រតិភូ បន្តដំណើរទៅសួរសុខទុក្ខកងកម្លាំង និងពិនិត្យច្រកទ្វារព្រំដែនតំបន់បឹងត្រកួន ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក និងច្រកទ្វារព្រំដែនអូរបីជាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។ ច្រករបៀងទាំងពីរនេះ បាននិងកំពុងស្ថិតក្នុងបរិយាកាសសន្តិសុខយ៉ាងល្អប្រសើរ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗរវាងឈ្មួញ និងប្រជាជនទាំងសងខាង។ ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានមានប្រសាសន៍លើកទឹកចិត្តកងកម្លាំងដែលប្រចាំការតាមច្រកទ្វារ បង្កើនការយកចិត្តទុកដាក់បង្ក្រាបករណីចរាចរណ៍ឆ្លងកាត់គ្រឿងញៀនផងដែរ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ សមត្ថកិច្ច បាន​​​បង្ក្រាបករណី​គ្រឿងញៀន​ បានប្រមាណ ៣តោន ថយចុះជាង ៨០ភាគរយ ធៀបនឹងឆ្នាំ២០២២ ដែលមានជាង ១៤តោន។ ដោយឡែកចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច បានបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ៣ ៦២០ករណី ឃាត់ខ្លួន ៨ ៩២៥នាក់។ ចាប់តាំងពីដើមនីតិកាលទី៧ មក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកំណត់យកការងារអាទិភាព ចំនួន ៦ ក្នុងនោះដំបូងគេ ទី១. គឺការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងចុងក្រោយគេ ទី៦. គឺការពង្រឹងសន្តិសុខតាមបណ្ដាព្រំដែនគោក និងទឹក៕SRN

 

 

Check Also

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ“ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *