ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៧ ខែ ឧសភា នេះបានអនុញ្ញាតឱ្យ លោកវ៉ាង វិញធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវក្ដីរីករាយដែលបានជួបលោក ឯកអគ្គរដ្ឋទូត ប៉ុន្តែក៏មានអារម្មណ៍សោកស្តាយ ដោយ លោកចប់បេសកកម្ម និងត្រូវចាកចេញពីកម្ពុជា ។ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងកម្ពុជា-ចិន ក្នុងពេល លោកកាន់តំណែងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ជិត៦ ឆ្នាំ ដែលជាអំឡុងពេលរវល់ខ្លាំង និងបានធ្វើកិច្ចការរួមគ្នាជាច្រើន ប្រកបដោយជោគ ជ័យដ៏ត្រចះត្រចង់ ជាពិសេស នៅក្នុងដំណាក់កាលនៃជំងឺកូវីដ ដែលសម្តេចបានធ្វើការយ៉ាងស្និតរមួតជាមួយលោកឯកអគ្គរដ្ឋទូត ក្នុងការខិតខំទប់ ស្កាត់ការរីករាលដាលជំងឺឆ្លងនេះ ។
លោកវ៉ាង វិញធៀន បានលើកឡើងថា៖ លោកពិតជាសោកស្តាយដែលត្រូវមកជម្រាបលាសម្តេចនិងសូមថ្លែងអំណរ គុណដែល សម្តេច ឆ្លៀតពេលដ៏មមាញឹកទទួលជួបលោកនៅថ្ងៃនេះ។ លោកក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកប្រធានាធិបតី ស៊ី ជីនពីង លោក នាយករដ្ឋមន្ត្រី លី ឈាង ជូនសម្ដេចតេជោ។
លោកវ៉ាង វិញធៀន ក៏បានសម្ដែងការអបអរសាទរ ចំពោះជោគជ័យយ៉ាងត្រចះ ត្រចង់នៃការបោះឆ្នោតបន្តបន្ទាប់របស់គណបក្សប្រជាជនកម្ពុជា ជាពិសេស ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធ សភា នាខែកុម្ភៈកន្លងមក ដែលជាសក្ខីភាពនៃការទុកចិត្តរបស់ប្រជាជនកម្ពុជាចំពោះការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា។
លោក បានសង្កត់បញ្ជាក់ថា៖ ចិននិងកម្ពុជា គឺជាមិត្តប្រពៃណីនិងមិត្តដែក ថែប។ លោកមានកិត្តិយសបំផុត ក្នុងជីវិតរបស់លោក ដែលបានធ្វើជា ឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង ត្រូវបានផ្តល់ឱកាសឱ្យ ចូលរួមលើកកម្ពស់ទំនាក់ទំនងចិន-កម្ពុជា និងចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា។ លោកវ៉ាង វិញធៀន មានការពេញចិត្តបំផុតដែលបានធ្វើការជាមួយរាជរដ្ឋាភិ បាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ក្នុងនីតិកាលទី៦ និងក្រោមការដឹក នាំរបស់សម្តេចធិបតី ក្នុងនីតិកាលទី៧នៃរដ្ឋសភា ដែលបាននាំមកនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងសុខុមាលភាពជូនប្រជាជនកម្ពុជា ។ លោក បានអបអរសារកម្ពុជា ដែលមានការផ្ទេរអំណាចដោយរលូនដល់ថ្នាក់ដឹកនាំជំនាន់ក្រោយ និង អបអរសាទរសម្តេច ដែលបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
លោកវ៉ាង វិញធៀន មានមោទកភាពបំផុត ដែលនៅឆ្នាំ២០១៩ ចិន និងកម្ពុជា បានចុះហត្ថលេខា មុនគេបង្អស់ លើអនុស្សរណយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងជាឯកច្ឆន្ទក្នុងការកសាងសហគមន៍ជោគ វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ។ លោកចាត់ទុកថា៖ទំនងចិន-កម្ពុជា គឺជាគម្រូនៃទំនាក់ទំនងអន្តរជាតិបែបថ្មី ។ ចិនចាត់ទុកកម្ពុជា ជាប្រទេសអាទិភាព ក៏បានប្តេជ្ញាសហការក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងខិតខំជំរុញច្រករបៀងមច្ឆា និងអង្ករ ឧស្សាហ កម្ម និងបច្ចេកវិទ្យា ឱ្យមានការរីកចម្រើនដើម្បីផលប្រយោជន៍ទៅវិញទៅមក។ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ចិន និងកម្ពុជា បានសហការប្រែក្លាយក្រុងព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងកសាងហេដ្ឋរចនាសម្ព័ន្ធជាច្រើន ជា ពិសេស តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ពហុកីឡាដ្ឋានមរតតេជោ ។ ជាលទ្ធផលនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរី (FTA) ចិន-កម្ពុជា ទំហំពាណិជ្ជ កម្មនៃប្រទេសទាំងពីរបានកើនឡើងសន្ធឹកសន្ធាប់។
លោកវ៉ាង វិញធៀន ក៏បានរំលឹកផងដែរអំពីភាពជោគជ័យរបស់កម្ពុជាក្នុងការ រៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ជាប្រធានអាស៊ាន និង ការរៀបចំការប្រកួតកីឡា ស៊ីហ្គេម ដែលបានលើកកម្ពស់កម្ពុជានៅក្នុងឆាកអន្តរជាតិ ព្រមទាំង ភាពជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយមានការចូលរួមចំណែករបស់ប្រទេសនិងប្រជាជនចិន។ នេះគឺសក្ខីភាពបញ្ជាក់ពីការរួមសុខរួមទុក្ខរបស់ចិន ជាមួយកម្ពុជា។
លោកបានថ្លែងអំណរគុណសម្តេច និងរាជរដ្ឋាភិបាលកម្ពុជាដែលរក្សាជំហរយុត្តិ ធម៌ស្តីពីសមុទ្រចិនខាងត្បូង បញ្ហាកោះតៃវ៉ាន់ និងតំបន់ស៊ីងជាំង សំដៅការពារផលប្រយោជន៍ចិន-កម្ពុជានិងផល ប្រយោជន៍អាស៊ាន-ចិន។ ស្ថានការណ៍ពិភពលោកប្រែប្រួល ទំនាក់ទំនងចិន- កម្ពុជា មិនប្រែប្រួលទេ ។
លោកវ៉ាង វិញធៀន បានលើកឡើងថា៖ ប្រជាជនចិននឹងមានក្តីរំភើបទទួលទស្សន កិច្ចរបស់សម្តេច តេជោ នៅប្រទេសចិននាពេលខាងមុខ ។
ជាការឆ្លើយតប សម្ដេចតេជោ បានអរគុណចំពោះ លោកវ៉ាង វិញធៀន ដែលបានពាំនាំនូវការផ្ដើមផ្ញើសួរសុខទុក្ខពី សំណាក់ លោកប្រធានាធិបតីចិន ស៊ី ជីនពីង និងលោក នាយករដ្ឋមន្ត្រី លី ឈាង។ សម្តេច បានមានប្រសាសន៍ថា៖ ការបែកគ្នា គឺជាពេលដែលពិបាក ក៏ប៉ុន្តែ គឺជាកាតព្វកិច្ចការទូតដែលចៀសមិនផុត។
សម្ដេចតេជោ បានគូសបញ្ជាក់ថា៖ ទំនាក់ ទំនងកម្ពុជា-ចិនដែលជាទំនាក់ទំនងប្រវត្តិ សាស្ត្រយូរអង្វែង បានរីកចម្រើនរហូតដល់កម្រិតដែលមិនអាចបំបែកបាន។ ទំនាក់ទំនងនេះ ស័ក្តិសមនឹងគុណតម្លៃនៃការជឿទុកចិត្តគ្នា ជាពិសេសទំនុកចិត្តខាង នយោបាយ ។ ជំនួយរបស់ប្រទេសចិន ដល់ប្រទេសកម្ពុជា មិនត្រឹមតែជួយអភិវឌុ្ឍសង្គម, សេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែម ទាំង ជួយពង្រឹងឯករាជ្យភាពខាងនយោ បាយរបស់កម្ពុជាទៀតផង។
សម្ដេច បានបញ្ជាក់សាជាថ្មីថា៖ ទោះមាន ការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីនៅកម្ពុជាក៏ដោយ ក៏ពុំមានការផ្លាស់ ប្ដូរគោលជំហរក្នុងទំនាក់ទំនងកម្ពុជាជា មួយចិននោះឡើយ និងជូនពរមិត្តភាព កម្ពុជា-ចិន ស្ថិតស្ថេរជាអមតៈ ។
ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការទប់ ស្កាត់ជំងឺកូវីដ១៩ សម្ដេចតេជោ បានសម្ដែងនូវការអរគុណចំពោះមិត្តចិន ដែលធ្វើឱ្យកម្ពុជាអាចទប់ទល់នឹងជំងឺនេះបានប្រកបដោយភាពជោគជ័យ។
សម្ដេចតេជោ ក៏បានកោតសរសើរ លោក ឯកអគ្គរដ្ឋទូត ដែលបានជួយដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ កន្លងទៅនេះ។
សម្ដេចតេជោប្រធានព្រឹទ្ធសភា បានសុំឱ្យ លោកឯកអគ្គរដ្ឋទូត ពាំនាំនូវការផ្ដាំផ្ញើសួរ សុខទុក្ខពីសំណាក់សម្ដេច ទៅកាន់ លោកប្រធានាធិបតីចិន ស៊ី ជីនពីង លោក នាយក រដ្ឋមន្ត្រី លី ឈាង និងថ្នាក់ដឹកនាំចិនដទៃទៀត និងសូមជូនពរ លោកឱ្យមានសុខភាពល្អ បន្តនូវភាពជោគជ័យជាបន្តបន្ទាប់ទៀត និងសង្ឃឹមថា៖ លោកនឹងត្រឡប់មកប្រទេសកម្ពុជា និងមានវត្តមាននៅកម្ពុជា នាពេលខាងមុខ ៕SRN