Breaking News

កំពង់ផែពហុបំណងកំពតត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីសម្តេចធិបតី ហ៊ុន ម៉ាណែត

កំពត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។

កំពង់ផែពហុបំណងកំពត មានទីតាំងភូមិសាស្ត្រស្ថិតនៅ ភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យបង្កើតឡើង នៅក្នុងអំឡុងឆ្នាំ២០០៥ និងត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនផ្តល់លិខិតអនុញ្ញាត ឱ្យធ្វើការអភិវឌ្ឍសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅក្នុងអំឡុងឆ្នាំ២០១២ នៅលើផ្ទៃដីទំហំ សរុប ២០៧ហិកតា ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកំពតផត។គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត ដំណាក់កាលទី១នេះ បានចំណាយថវិកា សាងសង់សរុបប្រមាណ ១៤០លានដុល្លារអាម៉េរិក ដែលជាទុនវិនិយោគរបស់ក្រុមហ៊ុនកំពតផត ។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត នៅក្នុងដំណាក់កាលទី១ បានបញ្ចប់ការ សាងសង់ជាស្ថាពរស្របតាមលក្ខណៈបច្ចេកទេសនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមាន៖ ចំណតនាវា មានបណ្តោយប្រវែង ៤៥០ម៉ែត្រ និងទទឹងប្រវែង ៦០ម៉ែត្រ មានបង្គោលចងពួរ សម្រាប់នាវាចូលចតែអែបចំណតនាវា និងរបាំងការពារការប៉ះទង្គិចនាវា, ការសាងសង់ទីលាន កុងតឺន័រ មានទំហំផ្ទៃសរុប ៥៥ ០០០ម៉ែត្រការ៉េ, ឃ្លាំងស្តុកទំនិញមានទំហំសរុប ៨ ៨០០ ម៉ែត្រការ៉េ, អគារត្រួតពិនិត្យទំនិញ មានទំហំ ១ ៣៣០ម៉ែត្រការ៉េ, ការសាងសង់ច្រកទ្វារចូល- ចេញផ្នែកខាងមុខ មានរបាំងប៉ុស្តិ៍យាមហុំព័ទ្ធដោយរបងជុំវិញ និងរោងម៉ាស៊ីនភ្លើងចំនួន ២កន្លែង រួមទាំងការសាងសង់អគាររដ្ឋបាល កម្ពស់ ៣ជាន់ មានទំហំសរុប ១ ៦៨៩ម៉ែត្រការ៉េ សម្រាប់ជាការិយាល័យបំពេញការងាររបស់បុគ្គលិកកំពង់ផែ មន្ត្រីគយ និងរដ្ឋាករកម្ពុជា មន្ត្រី សុខាភិបាល មន្ត្រីអន្តោប្រវេសន៍ និងការិយាល័យរបស់មន្ត្រីមេបញ្ជាការផែ និងកណ្ណធារ និងការ រៀបចំត្រៀមនូវបន្ទប់សម្រាប់ប្រើប្រាស់ជាមណ្ឌលត្រួតពិនិត្យចរាចរណ៍នាវា ដែលធ្វើប្រតិបត្តិការ ចូល-ចេញតាមផ្លូវទឹកផងដែរ។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ចំពោះដែនទឹករបស់កំពង់ផែ គឺជាសម្បត្តិរបស់រដ្ឋដែលរាជរដ្ឋាភិបាលបានកំណត់ផ្តល់ សិទ្ធិប្រើប្រាស់ក្នុងទំហំសរុប ៦៧៨ហិកតា រួមជាមួយនឹងការស្ថាបនាប្រឡាយនាវាចរណ៍ មាន បណ្តោយ ២៦០០ម៉ែត្រ ទទឹងប្រវែង ១៧០ម៉ែត្រ និងជម្រៅទឹក -១០ម៉ែត្រ ដែលអាចអនុញ្ញាត ឱ្យនាវាចំណុះ ១០ ០០០តោន ឬស្មើនឹង ៦៦៦TEU ចូលចតបាន។ ផ្លូវនាវាចរណ៍នេះ ក៏មានរៀបចំនូវកន្លែងអាងបត់សម្រាប់នាវាធ្វើចលនាបត់ ដែលមានអង្កត់ផ្ចិត ១ ០០០ម៉ែត្រ និងការ បំពាក់នូវពោងសញ្ញាជំនួយនាវាចរណ៍ ប្រកបដោយសន្តិសុខ និងសុវត្ថិភាព។ ដែលអាចអនុញ្ញាតឱ្យនាវាធ្វើប្រតិបត្តិការដឹកជញ្ជូនសម្រាប់ផ្នែកប្រតិបត្តិការផ្ទេរផ្ទុក និងលើកដាក់ទំនិញ, កំពង់ផែក៏បានបំពាក់នូវគ្រឿងចក្រ និងឧបករណ៍គ្រប់គ្រាន់សម្រាប់ធានាដល់ប្រតិបត្តិការ រួមមាន៖ គ្រឿងចក្រលើកដាក់ចល័ត គែមផែប្រភេទ PORT QCS ចំនួន ៣គ្រឿង ដែលមួយគ្រឿងមានសមត្ថភាពលើកដាក់រហូតដល់ ៤៥តោន, គ្រឿងចក្រលើកដាក់កុងតឺន័រចល័តនៅទីលាន ប្រភេទ RTG ចំនួន ៣គ្រឿង និង ការបំពាក់សម្ភារបរិក្ខារផ្សេងៗទៀតដែលបម្រើដល់សកម្មភាពប្រតិបត្តិការរបស់កំពង់ផែ រួមទាំង ការបំពាក់នូវប្រព័ន្ធតាមដានសុវត្ថិភាព សន្តិសុខ ដែលគ្របដណ្តប់លើដែនគោក និងដែនទឹក របស់កំពង់ផែផងដែរ៕SRN

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *