Breaking News

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុញ្ញាតឱ្យ លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងជានាយកប្រចាំប្រទេសនៃ ធនាគារមេយប៊ែង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគម្រោង R.I.S.E នៃមូលនិធិធនាគារមេយប៊ែង

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន អនុញ្ញាតឱ្យលោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងជានាយកប្រចាំប្រទេសនៃ ធនាគារមេយប៊ែង (May Bank Cambodia) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគម្រោង R.I.S.E (Reach Independence and Sustainable Entrepreneurship) នៃមូលនិធិធនាគារមេយប៊ែង។

តំណាងធនាគារមេយប៊ែង លោកស្រី ហ្កាសរីន ចានអាប់ឌុលឡា នាយិកានាយកដ្ឋានគ្រប់គ្រងប្រតិបត្តិការ បានលើកឡើងអំពីវឌ្ឍនភាពរបស់គម្រោង R.I.S.E ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និងមូលនិធិធនាគារមេយប៊ែង កាលពីខែធ្នូ ឆ្នាំ២០២៣។ គម្រោង R.I.S.E បានផ្តល់នូវវគ្គបណ្តុះបណ្តាលចំនួន ៥ ដោយជោគជ័យ ជូនដល់ជនមានពិការភាព និងក្រុមងាយរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ចំនួន ១៩៤នាក់ ដោយផ្តោតសំខាន់លើជំនាញសហគ្រិន ការលក់ប្រកបដោយភាពឆ្នៃប្រឌិត និងអនុវត្តការគ្រប់គ្រងអាជីវកម្មប្រកបដោយប្រសិទ្ធភាព។

មូលនិធិធនាគារមេយប៊ែង មានផែនការរៀបចំគម្រោង R.I.S.E សម្រាប់ឆ្នាំ២០២៤ ដែលគ្រោងនឹងចាប់ផ្តើមក្នុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ ដោយផ្តោតលើក្រុមគោលដៅចំនួន ១០០០នាក់ ស្ថិតក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃកម្មវិធី និងផលប៉ះពាល់នៅតាមសហគមន៍។ ទន្ទឹមនឹងនោះ តំណាងធនាគារមេយប៊ែង បានស្នើសុំឱ្យមានកិច្ចសហការពីខាងអាជ្ញាធរមីន ដើម្បីឱ្យដំណើរការអនុវត្តគម្រោង R.I.S.E ឆ្នាំ២០២៤ ឱ្យទទួលបានជោគជ័យ។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណជូនចំពោះធនាគារមេយប៊ែង ដែលបានសម្រេចចិត្តក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា ផ្តល់នូវឱកាសការងារ និងចូលរួមលើកកម្ពស់ដល់ជីវភាពរបស់ប្រជាពលរដ្ឋខ្មែរតាមតម្រូវការឱ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ ការរួមចំណែករបស់ធនាគារមេយប៊ែង ក្នុងសកម្មភាពមីនមនុស្សធម៌តាមរយៈគម្រោង R.I.S.E នឹងចូលរួមជួយលើកកម្ពស់ការយល់ដឹងលើជំនាញសហគ្រិនដល់ជនមានពិការភាព និងសហគមន៍ងាយរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាបង្កើតនូវឱកាសយ៉ាងល្អសម្រាប់សិក្ខាកាម និងដៃគូក្នុងការកសាងនូវបណ្តាញ និងសហគមន៍គាំទ្រ ក្នុងគោលដៅពង្រឹង និងពង្រីកសកម្មភាពសេដ្ឋកិច្ច-សង្គម។

ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត លី ធុជ បានណែនាំឱ្យតំណាងមូលនិធិធនាគារមេយប៊ែង បន្តសហការយ៉ាងជិតស្និទ្ធ និងធ្វើការជាមួយក្រុមការងារបច្ចេកទេសអាជ្ញាធរមីន ដើម្បីគាំទ្រផែនការដែលបានស្នើឡើងសម្រាប់ឆ្នាំ២០២៤ បង្កើនប្រសិទ្ធភាព និងនិរន្តរភាពនៃការអនុវត្តគម្រោង R.I.S.E នៅកម្ពុជា ឱ្យទទួលបានជោគជ័យ៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *