Breaking News

ប្រធានសហព័ន្ធគុនខ្មែរ ប្រកាសមិនស្វាគមន៍កីឡាករ Dave Leduc ឡើងសង្វៀននៅកម្ពុជាឡើយ និងអំពាវនាវឲ្យអ្នកគាំទ្រកុំចាប់អារម្មណ៍បុគ្គលនេះទៀតផង

ភ្នំពេញ៖ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសមិនស្វាគមន៍កីឡាករ Dave Leduc ឡើងសង្វៀននៅកម្ពុជាឡើយ ហើយក៏គ្មានថ្ងៃធ្វើការជាមួយកីឡាករ Lethwei របស់មីយ៉ាន់ម៉ានេះដែរ បន្ទាប់ពីលោកបានមើលឃើញពីទង្វើមិនគប្បីម្ដងជាពីរដង ស្ទើរតែនាំឲ្យខូច និងប៉ះពាល់ដល់កម្មវិធីគុនខ្មែរថែមទៀត ជាក់ស្ដែងដូចជាការប្រកួតជាមួយ ព្រំ សំណាង កាលពីចុងឆ្នាំ២០២៣ និងកម្មវិធីគុនខ្មែរ ដែលមានវត្តមានស្ដេចប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសកាលពីថ្មីៗ ។

ប្រធានសហព័ន្ធខាងលើ បានបញ្ជាក់ថា «ចំពោះខ្ញុំ យើងគាំទ្រដែលមានកីឡាករបរទេសមកជួយផ្សព្វផ្សាយគុនខ្មែរ ប៉ុន្ដែចំពោះបុគ្គល Dave Leduc មួយ អ្វីដែលខ្ញុំបានឃើញសំណេររបស់គាត់ គឺខ្ញុំមិនគាំទ្រទេ ដោយសារគាត់សរសេរ ទី១-គាត់ទាមទារលក្ខខណ្ឌទឹកប្រាក់ ១លានដុល្លារ ។ នេះមិនមែនជាការផ្សព្វផ្សាយគុនខ្មែរទេ គឺជាការទាមទារលក្ខខណ្ឌសម្រាប់ប្រយោជន៍របស់គាត់ ។ ទី២-គាត់និយាយពីបញ្ហាគុនខ្មែរ និង Mauy Thai ខ្ញុំគិតថា ក្នុងនាមសហព័ន្ធ យើងអត់ចង់មានការបែងចែក យើងអត់ចង់មានអុជអាល នាំឲ្យមានការរើសអើងពូជសាសន៍ទេ ព្រោះទង្វើនេះ នាំឲ្យមានការឈ្លោះគ្នា ហើយយើងអត់ត្រូវការទេសង្គ្រាម ក្នុងនាមប្រទេសមួយដែលមានសន្ដិភាព យើងអត់ត្រូវការការឈ្លោះគ្នាឈានទៅរកការស្អប់គ្នា ឬសង្គ្រាមទេ» ។

លោក ខូវ ឆាយ សង្កត់ធ្ងន់ថា «ចំពោះបុគ្គល Dave Leduc ខ្ញុំនិយាយឲ្យត្រង់ ដរាបណាខ្ញុំនៅជាប្រធានសហព័ន្ធ ខ្ញុំអត់ស្វាគមន៍គាត់ឡើងសង្វៀននៅកម្ពុជាទេ ដោយសារបុគ្គលនេះ បង្កបញ្ហាម្ដងមកហើយ កាលពីប្រកួតជាមួយ ព្រំ សំណាង ឡើងមុន ។ ខ្ញុំនៅក្នុងទិដ្ឋភាពនោះផ្ទាល់ គឺគាត់ (Dave Leduc) ពេលមកដល់ព្រមព្រៀងគ្នាហើយថា ប្រកួតពាក់ហ្គង់ តែដល់ម៉ោងប្រកួត គាត់ទាមទារប្រកួតអំបោះឆៅវិញ នាំឲ្យពន្យាពេលកម្មវិធីដល់ជាង ១ម៉ោង ។ ពេលហ្នឹង ដោយសារយើងបង្ខំឲ្យ ព្រំ សំណាង ព្រមទទួលយកការប្រកួតហ្នឹង បើមិនអ៊ីចឹងខូចកម្មវិធីទាំងមូល ។ យើងឃើញថា កីឡាករហ្នឹង(Dave Leduc) គាត់មិនច្បាស់លាស់ ក្រឡេចក្រឡុចច្រើន ។ ក្នុងនាមសហព័ន្ធ ខ្ញុំអត់ស្វាគមន៍ ដរាបណាខ្ញុំនៅជាប្រធានសហព័ន្ធ Dave Leduc មិនអាចឡើងសង្វៀននៅកម្ពុជាទេ បើគាត់នៅចង់ឡើងសង្វៀននៅកម្ពុជា ខ្ញុំគិតថា គាត់ចាំរហូតដល់ខ្ញុំចុះចេញសិន» ។

បន្ថែមលើនេះ ប្រធានសហព័ន្ធដដែល បានសម្ដែងការមិនពេញចិត្តជាខ្លាំង កំឡុងកម្មវិធីគុនខ្មែរ ដែលមានវត្តមានស្ដេចប្រដាល់ ម៉ានី ប៉ាគីអាវ ចូលរួមនៅកោះពេជ្រ កាលពីថ្មីៗ បែរជា Dave Leduc ឆ្លៀតឱកាសនោះ ដើម្បីផ្សព្វផ្សាយពីក្បាច់គុន Lethwei ទៅវិញ ។

លោក ខូវ ឆាយ បន្ដថា «ខ្ញុំអត់គាំទ្រទេ បុគ្គលនេះ ដែលយើងឃើញហើយ ម្ដងជាពីរដង ទី១-គឺការប្រកួតជាមួយ ព្រំ សំណាង ទី២-គឺកម្មវិធីគុនខ្មែរថ្ងៃមុន ដែលលោក ប៉ាគីអាវ គាត់អញ្ជើញចូលរួម ឆ្លៀតក្នុងកម្មវិធីរបស់គុនខ្មែរយើង បែរជាគាត់((Dave Leduc) ទៅបង្ហាញក្បាច់គុន Lethwei ដោយបង្គាប់ឲ្យ ប៉ាគីអាវ ធ្វើតាមគាត់ ។ នេះគឺជារឿងមួយ ដែលយើងអត់ពេញចិត្ត ហើយអត់គាំទ្រទេ ។ យើងឃើញទង្វើរបស់គាត់ បុគ្គលនេះ មិនអាចយកជាគ្នាបានទេ ។ អ៊ីចឹងក្នុងនាមសហព័ន្ធ យើងនឹងមិនធ្វើការជាមួយគាត់ទេ ព្រោះអីយើងអត់ដឹងពេលធ្វើការជាមួយគាត់ទៅមានរឿងអ្វីកើតឡើងទេ មិនស្រួលដល់ម៉ោងវ៉ៃ ពេលឡើងសង្វៀន គាត់អាចមានការប្រែក្រឡាស់ទៀត ។ បុគ្គលដែលមិនអាចយកជាគ្នាបាន មានន័យថា គាត់អាចធ្វើអ្វីបានទាំងអស់ គាត់អាចប្រែប្រួលបាន ដល់ចឹងយើងអត់អាចទុកចិត្តធ្វើការជាមួយគាត់បានទេ ខូចកម្មវិធីគេអស់» ។

ទន្ទឹមជាមួយគ្នា លោកបានចាត់ទុកវត្តមាន Dave Leduc នៅកម្ពុជា គ្រាន់តែជាការអស់ផ្លូវដើរប៉ុណ្ណោះ ។ លោកថា «ខ្ញុំគិតថា បុគ្គល Dave Leduc គាត់មកកម្ពុជាសព្វថ្ងៃនេះ ដោយសារគាត់អស់ផ្លូវហើយ ។ កាលពីមុនគាត់នៅថៃ ចេញពីថៃ ទៅមីយ៉ាន់ម៉ា ហើយឥលូវគាត់កំពុងនៅកម្ពុជា ដើម្បីស្វែងរកការជ្រកកោណ ឬអាចថា ស្វែងរកការគាំទ្រដើម្បីចូលសញ្ជាតិអីខ្ញុំអត់ដឹងទេ ផែនការរបស់គាត់ តែតាមគំនិតរបស់ខ្ញុំផ្ទាល់ខ្លួន ខ្ញុំគិតថាអ៊ីចឹង» ។

ក្នុងនាមសហព័ន្ធ លោកបានសំណូមពរដល់អ្នកគាំទ្រគុនខ្មែរ និងប្រជាពលរដ្ឋខ្មែរ ឈប់ចាប់អារម្មណ៍លើ Dave Leduc បន្ដទៀត ដ្បិតបុគ្គលនេះ មិនមែនជាមនុស្សស្មោះត្រង់ ដែលស័ក្ខិសមនឹងទទួលបានការកោតសរសើរ រឹតតែមិនមែនជា Idol របស់ប្រជាពលរដ្ឋខ្មែរថែមទៀត ។ មិនតែប៉ុណ្ណោះ លោកបានផ្ដាំទៅ Dave Leduc ទៀតថា «បើចង់ផ្តួលកីឡាករមួយថៃ អ្នកអាចទៅប្រកួតនៅសង្វៀនប្រទេសថៃ ឬទៅប្រកួតនៅភូមាស្រុកអ្នកឯងចុះ។ គុនខ្មែររបស់កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការយកឈ្នះគូប្រកួតគ្រប់ជាតិសាសន៍ មិនត្រូវការពឹងពាក់អ្នកឯងទេ» ៕

Check Also

ឯកឧត្តម សួស យ៉ារ៉ា ជួបពិភាក្សាការងារជាមួយលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *