ភ្នំពេញ ៖ បើទោះបីជា មានការហាមឃាត់ មិនអោយមាន ទីតាំងល្បែង ស៊ីសង ជាពិសេស ឆ្នោតវៀតណាម ពីប្រមុខរាជរដ្ឋាភិបាល ក៏ដោយ ក៏ទីតាំង ល្បែង របស់ “ចែ លី” ដែលគេស្គាល់មេឆ្នោតដ៏ធំ ប្រចាំខណ្ឌ៧មករា នៅតែបើកលេង និងកត់ បានយ៉ាងរលូន ដោយមិនរំខានអ្វីដល់ សមត្ថកិច្ចនោះទេ។
ទោះជាលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រឹងស្រែក ឲ្យមន្ត្រីក្រោមឱវាទខ្លួនបង្ក្រាបជាដាច់ខាតនូវល្បែងស៊ីសង និងបញ្ហាគ្រឿងញៀន ក្នុងមូលដ្ឋានរាជធានីភ្នំពេញអស់ក៏ដោយ ក៏គេសង្កេតឃើញថាទីតាំងឆ្នោតវៀតណាមរបស់ ចែលី នៅតែបន្តបើកដំណើរការស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋានបាននៅឡើយទេ នៅភូមិសាស្ត្រ ខណ្ឌ៧មករា ដើម្បីកើបលុយរាប់លានក្នុងមួយថ្ងៃៗពីក្រុមអ្នកញៀនល្បែងផ្សងសំណាងប្រភេទនេះ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងកត់ឆ្នោវៀតណាមរបស់ ចែ លី ជាច្រើនទីតាំងក្នុងនោះរួមមាន ទីតាំងនេះនៅក្នុងច្រកឌឿងហែមថ្មដា ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា។ ទីតាំងនេះនៅផ្លូវលេខ១០៩ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។ ទីតាំងនេះនៅក្នុងលេខ១៦៤ ខាងមុខសាលាសុវណ្ណាភូមិ ក្នុងសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា។ ទីតាំងនេះនៅក្នុងច្រកឌឿងហែម ខាងក្រោយ គុយទាវអូរឬស្សី ក្នុងសង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា។ ទីតាំងនៅផ្លូវលេខ១៦៦ (ក្នុងផ្សារបន្លែ) ក្នុងសង្កាត់អូរឬស្សី២ ខណ្ឌ៧មករា និងទីតាំងមួយកន្លែងទៀត នៅផ្លូវលេខ២១១ ក្នុងអគារបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
ប្រជាពលរដ្ឋរង់ចាំមើលថា តើប្រសាសន៍របរបសលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សាបដូចទឹកទន្លេ ឬក៏ប្រៃ អាស្រ័យលើ អាជ្ញាធរខណ្ឌ៧មករា ជាពិសេសលោកអធិការខណ្ឌ៧មករា ដែលទើបនឹងឡើងតំណែងថ្មី ហើយពេលនេះ បើទីតាំងឆ្នោតវៀតណាមរបស់ចែលី នៅតែបន្តបើកដំណើរការរាល់ថ្ងៃបែបនេះ។
ប៉ុន្តែភាពស្ងៀមស្ងាត់របស់ថ្នាក់ដឹកនាំខណ្ឌ៧មករាទាំងអាជ្ញាធរនិងសមត្ថកិច្ចនាំឲ្យពលរដ្ឋសង្ស័យថា អ្នកទាំង នោះអាចទទួលបានលាភសក្ការៈពី ចែ លី ថៅកែឆ្នោតវៀតណាម នោះឬយ៉ាងណា?បានជាមិនចុះបង្ក្រាប។
ជុំវិញនិងករណីល្បែងស៉ីសងខុសច្បាប់របស់ ចែ លី នេះលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ លោកបានប្រាប់ អ្នកសារព័ត៌មាន អោយដឹងតាមប្រព័ន្ធតេលេក្រាមយ៉ាងដូច្នេះថា កាលពីល្ងាចមិញខ្ញុំបានអោយលោកអធិការចុះធ្វើមួយកន្លែងដែរ នៅចំណុចអូរបីនិងតែមិនដឹងថាជាទីតាំងនិងឬយ៉ាងណានោះទេតែបើមិនទាន់ធ្វើទេចាំខ្ញុំយកទីតាំងនឹងជួបជាមួយលោកអធិការដើម្បីចុះធ្វើការសូមអរគុណ៕SRN