កណ្តាល៖ លោកហួត សីហា ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុកគៀនស្វាយ ចំណុះស្នងការដ្ឋននគរបាលខេត្តកណ្តាល ដែលមានរឿងអាស្រូវ ជំរិតទារប្រាក់ពីយុវជនបីនាក់ ចំនួន៣៥០០ ដុល្លារ ជាថ្នូរនឹងការដោះលែង កន្លងមកពេលនេះ ត្រូវ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែង ឲ្យមកជាមន្ត្រី និងទម្លាក់ពីវរសេនីយ៍ត្រីអោយមកត្រឹមអនុសេនីយ៍ឯក។
យោងតាមសេចក្តីសម្រេច សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ដែលអង្គភាពយើងទើបទទួល បានបញ្ជាក់ថា “ ត្រូវបានអនុវត្តវិន័យចំពោះវរសេនីយ៍ត្រី ហួត សីហា អត្ថលេខ ៥៨១១១ក្រោមរូបភាពដកហូតមុខតំណែងពីរនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ចំណុះស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ឲ្យមកជាមន្ត្រី និងបន្ថយឋានន្តរសក្កិចំនួន១ថ្នាក់ ឲ្យមកនៅត្រឹមថ្នាក់អនុសេនីយ៍ឯក ។ មូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ” ។
ទាក់ទងបញ្ហានេះ មានប្រភពមួយចំនួនបានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នគរបាលរដ្ឋបាលសំរោងធំ បានចាប់ករណីគ្រឿងញៀន ដោយមានយុវជនចំនួន៣នាក់ នៅចំណុចភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយបានទារប្រាក់ពីយុវជនទាំងបីនាក់ចំនួន៣៥០០ជាថ្នូរនឹងការដោះលែង។
ក្រោយពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យការិយាល័យបុគ្គលិកចុះស្រាវជ្រាវ។ បន្ទាប់ពីចុះស្រាវជ្រាវ និងសួរនាំបានឲ្យដឹងថា លោកវរសេនីយ៍ត្រី ហួត សីហា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានអនុវត្តខុសនីតិវិធី ហើយត្រូវបានសួរនាំ និងអនុវត្តវិន័យ នៅការិយាល័យបុគ្គលិក រង់ចាំការសម្រេចពីគណៈស្នងការ និងធ្វើរបាយការណ៍សុំគោលការណ៍បន្ថែមទៅថ្នាក់ជាតិ ដើម្បីពិនិត្យសម្រេច។ពេលនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដកហូតមុខតំណែងលោក ហួត សីហា ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុកគៀនស្វាយ ចំណុះស្នងការដ្ឋននគរបាលខេត្តកណ្តាល ។ ក្រៅពីដកតំណែងពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ លោកហួត សីហា ក៏ត្រូវបានបន្ថយឋានន្តរស័ក្តិពីវរសេនីយ៍ត្រីអោយមកត្រឹមអនុសេនីយ៍ឯក៕SRN