ថ្លែងក្នុងឱកាសបើកសន្និសទីសារព័ត៌មាននារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បណ្ឌិត ទូច សុឃៈ ជំនួយការឯកឧត្តមអភិសន្តិបណ្ឌិត និងជាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា គោលបំណងចម្បងនៃការរៀបចំសន្និសីទរបស់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នាពេលនេះ គឺដើម្បីផ្សព្វផ្សាយជូនសាធារណៈជនអំពីលទ្ធផលការងារ និងទិសដៅអាទិភាពរបស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ លើការអនុវត្តយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិទាំងបីថ្នាក់ គឺថ្នាក់រាជធានី ខេត្ត ថ្នាក់ក្រុង ស្រុក ខណ្ឌ និងថ្នាក់ឃុំ សង្កាត់។ បើតាមបណ្ឌិត ទូច សុឃៈ ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នឹងរៀបចំសនិ្នសីទសារព័ត៌មានលើប្រធានបទផ្សេងទៀតដែលពាក់ព័ន្ធនឹងការងាររបស់អគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងក្របខណ្ឌការងារស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ។
គួរកត់សម្គាល់ថា ក្នុងឱកាសអញ្ជើញជាវាគ្មិន នៃសន្និសីទសារព័ត៌មានលើដំបូងនេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់អំពីសាវតា វឌ្ឍនភាព និងទិសដៅបន្តសម្រាប់ការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ និងបានបន្តទៀតថា ក្នុងនាមជាសេនាធិការជូនក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាល លើការការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ អគ្គនាយកដ្ឋានរដ្ឋបាល បានសិក្សា និងរៀបចំផែនការអនុវត្តប្រកបដោយភាពប្រុងប្រយ័ត្ន ដើម្បីធានាថាការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយនៅថ្នាក់ក្រោមជាតិ អាចដំណើរការដោយរលូន និងទទួលបានជោគជ័យ។
ឯកឧត្តម បានបន្ថែមថា បច្ចុប្បន្នយន្តការច្រកចេញចូលតែមួយ ត្រូវបានរៀបចំ និងដាក់ឱ្យដំណើរការនៅគ្រប់ថ្នាក់រដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំង៣ថ្នាក់ រួមមាន៖ អង្គភាពច្រកចេញចូលតែមួយនៅថ្នាក់រាជធានី ខេត្ត ការិយាល័យច្រកចេញចូលតែមួយនៅថ្នាក់ក្រុង ស្រុក ខណ្ឌ និង យន្តការច្រកចេញចូលតែមួយនៅថ្នាក់ឃុំ សង្កាត់ ដើម្បីលើកកម្ពស់ការផ្តល់សេវារដ្ឋបាល តាមរយៈការកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនានា ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិសាមីនីមួយៗ និងផ្តល់លទ្ធផលសម្រេចនៅកន្លែងតែមួយ តាមនីតិវិធីសាមញ្ញ ប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព គណនេយ្យភាព និងបរិយាបន្ន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ទន្ទឹមនឹងការដាក់ឱ្យដំណើរការយន្តការច្រកចេញចូលតែមួយ ឯកឧត្តមអគ្គនាយក បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក៏សម្រេចបង្កើតឱ្យមានយន្តការដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការមួយ ដែលមានឈ្មោះថា “ការិយាល័យប្រជាពលរដ្ឋ”។ ការិយាល័យប្រជាពលរដ្ឋនេះគឺជាយន្តការអព្យាក្រឹត្យមួយ សម្រាប់ទទួលនិងសម្រុះសម្រួលដោះស្រាយបណ្តឹងតវ៉ានានារបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ។
នៅចុងបញ្ចប់នៃសន្និសីទសារព័ត៌មាន បណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ថា ការផ្តល់សេវាតាមច្រកចេញចូលតែមួយពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ពិសេសគឺការខិតខំធ្វើឱ្យនីតិវិធីកាន់តែសាមញ្ញ មានតម្លាភាព និងឆាប់រហ័ស ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាជន ស្របតាមគោលបំណងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាពិសេសគឺការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារ ស្របតាមការវិវត្ត និងតម្រូវការក្នុងសង្គម ដើម្បីបង្កភាពងាយស្រួល និងធានានូវភាពពេញចិត្តរបស់ប្រជាពលរដ្ឋ៕