សៀមរាប៖ សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានជំរុញដល់អាជ្ញាធរខេត្តសៀមរាប ត្រូវខិតខំពន្លឿនការស្វែងរកទីតាំងសមរម្យណាមួយ ដើម្បីសាងសង់សួនសម្តេចតេជោសន្តិភាព និងសាងសង់វិមានឈ្នះ ឈ្នះ ឲ្យបានមុនការប្រារព្ធខួប៣០ឆ្នាំ នៃនយោបាយឈ្នះឈ្នះ។
សម្តេចពិជ័យសេនាទៀ បាញ់ បានធ្វើការជំរុញយ៉ាងដូច្នេះ នៅក្នុងពិធីអបអរសាទរខួបទី៧៣ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នៅក្រុងសៀមរាប នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ។ សម្តេចពិជ័យសេនា បានលើកឡើងថា នៅឆ្នាំ២០២៨ ខាងមុខជាខួប៣០ឆ្នាំ នៃនយោបាយឈ្នះ ឈ្នះ ដូច្នេះការសាងសង់សាងសង់សួនសម្តេចតេជោសន្តិភាព និងសាងសង់វិមានឈ្នះ ឈ្នះ នៅទីតាំងតំបន់ប្រជុំជនណាមួយ ជាការស្តែងឲ្យឃើញនូវសក្ខីភាពដ៏ល្អសម្រាប់បង្ហាញដល់កូនខ្មែរបានយល់ បានដឹងអំពីគោលនយោបាយរបស់សម្តេចតេជោ ដែលឈានទៅដល់ការពន្លត់ភ្លើងសង្គ្រាមនៅកម្ពុជា។
សម្តេចពិជ័យសេនា ក៏បានលើកឡើងបន្ថែមថា ការសាងសង់ សួនសម្តេចតេជោសន្តិភាព និងសាងសង់វិមានឈ្នះ ឈ្នះ នេះ មិនមានគោលការប្រើប្រាស់ថវិកាជាតិនោះទេ ប៉ុន្តែអាជ្ញាធរត្រូវខិតខំស្វែងរកប្រភពថវិកា តាមរយៈការកៀគរការចូលរួមពីភាគីនានា។
សូមជម្រាបថា ក្នុងខ្លឹមសារនៃសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងឱកាសមីទ្ទីញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា អានដោយសម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ក្នុងរយៈពេលជាង៤៥ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ សម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើន តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឲ្យប្រជាជាតិរស់ឡើងវិញ រហូតទទួលបានសន្តិភាពពេញលេញ មានឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ហើយកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ។ ក្នុងស្មារតីចងចាំនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់យុទ្ធជន យុទ្ធនារី និងអ្នក ស្នេហាជាតិគ្រប់ជំនាន់ ដែលបានប្រយុទ្ធធ្វើពលិកម្មយ៉ាង អង់អាចបំផុតដើម្បីបុព្វហេតុជាតិនិងប្រជាជន និងក្នុងស្មារតីលើកកម្ពស់ប្រពៃណីស្នេហាជាតិ សាមគ្គីកសាង និង ការពារមាតុភូមិ អង្គការចាត់តាំងគណបក្សនៅគ្រប់ថ្នាក់ សមាជិកសមាជិកាគណបក្ស និងបងប្អូនជនរួមជាតិតែងបានចូលរួមយ៉ាងក្លៀវក្លា អធិកអធម ក្នុងពិធីរឭកខួបកំណើតគណ បក្សជារៀងរាល់ឆ្នាំ ។
ទោះបីជាក្នុងពេលកន្លងមកនេះ សភាពការណ៍ប្រទេសជាតិត្រូវប្រឈមនឹងការលំបាកថ្មីដ៏ធំ ដែលបណ្ដាលមកពីជម្ងឺកូវីដ-១៩ បានរាតត្បាតជាសាកលនៅគ្រប់ប្រទេសយ៉ាងណាក៏ដោយ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងប្រមូលផ្តុំការខិតខំជម្នះដោះស្រាយនូវផលវិបាកនេះ រហូតទប់ស្កាត់បានទាន់ពេលវេលា និងបើកដំណើរការប្រទេសមានប្រក្រតីភាពឡើងវិញទាំងការស្តារសេដ្ឋកិច្ច សង្គម មានភាពល្អប្រសើរមកដល់ពេលបច្ចុប្បន្ននេះ។ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ក៏ទទួលបានជោគជ័យលើការបោះឆ្នោតអសកល ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និង បោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ។
គណបក្សប្រជាជនកម្ពុជា គាំទ្រពេញទំហឹងដល់គម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបើកការដ្ឋានស្ថាបនានៅក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលជាចលនាជាតិដ៏ខ្លាំងក្លាមួយទៀតរបស់ប្រជាជនទាំងមូល ដូចទៅនឹងចលនាជាតិការពារអធិបតេយ្យ បូរណភាពទឹកដី និងចលនាជាតិការពារខឿនសុខ ភាពប្រជាជននាពេលកន្លងមក ។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមកើតចេញពី មនសិការ និងឆន្ទៈរបស់កម្ពុជាសុទ្ធសាធ ដែលនឹងផ្តល់ផលចំណេញយ៉ាងធំដល់កម្ពុជា ដូចជាការ ចំណេញចម្ងាយផ្លូវដឹកជញ្ជូន, ចំណេញខាងការប្រកួតប្រជែងតម្លៃ, បង្កើនប្រព័ន្ធស្រោចស្រព និងការរំដោះទឹកជំនន់, ជួយពង្រីកការដាំដុះនៅភាគនិរតី,ទទួលបានផលនេសាទ និង ពីវារីវប្បកម្ម ព្រមទាំងជម្រុញដល់វិស័យទេសចរណ៍ផងដែរ ។ ជាមួយគ្នានេះ ព្រែកជីកហ្វូណនតេជោ នឹងជួយឱ្យកម្ពុជាពង្រឹងនូវ ឯករាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក។ ព្រែកជីកនេះនឹងមិនបង្កផលប៉ះពាល់ដល់ បរិស្ថាននិងរំហូរទឹកទន្លេមេគង្គ ឡើយ ។
ក្នុងនោះដែរសម្តេចពិជ័យសេនា ក៏បានជម្រុញដល់អាជ្ញាធរខេត្ត លើការរៀបចំកាសងនូវសួនច្បារតេជោសន្តិ ភាព នៅទីប្រជុំជននៃក្រុងសៀមរាប ដើមី្បលើកនូវសោភណ្ឌភាពក្រុងទេសចរណ៍មួយនេះ និង បានធ្វើការផ្តាំផ្ញើ ដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា រួមសាមគ្គី គ្នាក្នុងការថែរក្សា ការពារនូវសុខសន្តិភាព ឲ្យបានគង់វង្សយូអង្វែង និង ប្រឆាំងដាច់ខាតនូវរាល់ការប៉ុងប៉ងរបស់ក្រុមជន អកតិ ដើមី្បបំផ្លាញនូវសុខសន្តិភាព របស់ប្រជាជន និង ប្រទេសជាតិទាំងមូល ៕SRN