Breaking News

សម្តេចក្រឡាហោម ស ខេង ណែនាំដល់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ត្រូវលុបបំបាត់គ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

បាត់ដំបង៖ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង សម្តេចក្រឡាហោម ស ខេង បានធ្វើការណែនាំដល់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមសហការគ្នា ដើម្បីលុបបំបាត់គ្រឿងញៀន ក្រុមក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយធ្វើយ៉ាងម៉េចត្រូវលុបបំបាត់គ្រឿងញៀន កុំឱ្យវារីកសាយភាយមកក្នុងជនបទ ឬក្នុងភូមិរបស់យើង ការលុបបំបាត់ក្រុមក្មេងទំនើង ដែលនាំឱ្យមានការកាប់ចាក់ អំពើហឹង្សា លួចប្លន់ និងការ លុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ដូចជាល្បែងជល់មាន់ ល្បែងបៀរ អាប៉ោង ឬកន្ទុយលេខ ជាដើម ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា កន្លងទៅមានច្រើនមកហើយ ខាងលើមិនបានរំលឹក ដាស់តឿន ខាងក្រោមក៏ភ្លេចដែរ ទាល់តែរដ្ឋាភិបាលស្រែកទើបនាំគ្នាធ្វើបន្តិចទៅ ។ សម្តេចបានបន្តទៀតថា គោលការណ៍មានហើយ ដូចយើងដឹងហើយច្បាប់ទម្លាប់ល្បែងស៊ីសងខុសច្បាប់គេមិនឱ្យមាននោះទេ ហើយសមត្ថកិច្ចកុំចិញ្ចឹមពួកហ្នឹង ដែលនេះគឺបង្កើតឱ្យមានបញ្ហាបែកបាក់ក្រុមគ្រួសារ មានបញ្ហាអំពើហឹង្សា ឬក៏លួច ឆក់ប្លន់ជាដើម ជាមួយគ្នានោះគ្រោះថ្នាក់ចរាចរណ៍ ក៏ជាបញ្ហាសំខាន់ ត្រូវតែយកចិត្តទុកដាក់ ហើយត្រូវរួមគ្នាខិតខំធ្វើម៉េច ដើម្បីឱ្យអ្នកប្រើប្រាស់ផ្លូវយល់ហើយគោរពច្បាប់ មិនត្រូវពឹងផ្អែកតែលើសមត្ថកិច្ចប៉ូលិសទេ គោលបំណងធំគឺការអប់រំ ផ្សព្វផ្សាយ ធ្វើឱ្យគាត់គោរពច្បាប់ជាការសំខាន់ ដោយឡែកគ្រឿងញៀនក៏ដូចគ្នាដែរ ត្រូវអប់រំផ្សព្វផ្សាយបន្តទៀតកុំឱ្យប្រើប្រាស់គ្រឿងញៀន ហើយមិនមែនជាភារកិច្ចរបស់អ្នកណាម្នាក់នោះទេ ។ ការពិតហើយ រដ្ឋាភិបាល និងសមត្ថកិច្ចដើរតួសំខាន់ ប៉ុន្តែសម្រាប់យើងទាំងអស់គ្នាជាប្រជាពលរដ្ឋ ក៏យើងត្រូវតែចូលរួមទាំងអស់គ្នាដែរ ដើម្បីយ៉ាងហោចណាស់ការពារកូនចៅយើងកុំឱ្យគ្រឿងញៀនវាវាយលុកចូល ។

ការណែនាំរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅក្នុងពិធីរម្លឹកខួបទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨មិថុនា១៩៥១-២៨មិថុនា ២០២៤ នៅសាលសុភមង្គល ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ក្រោមវត្តមានចូលរួមពីថ្នាក់ដឹកនាំ សំខាន់ៗ និងសមាជិក សមាជិកានៃអង្គពិធីយ៉ាងច្រើនកុះករ ។

សូមបញ្ជាក់ថា នៅក្នុងសុន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ក្នុងការបម្រើបុព្វហេតុដ៏ឧត្តុង្គឧត្តមបំផុតរបស់ជាតិ និងប្រជាជន ឆ្លងកាត់ដំណាក់កាលធំៗរបស់ប្រទេសជាតិប្រកបដោយវីរភាព គឺការតស៊ូប្រយុទ្ធ ដើម្បីឯករាជ្យជាតិ ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ការតស៊ូ រំដោះជាតិ ការសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ការការពារ ស្តារ និងកសាងប្រទេសឡើងវិញ និងការថែរក្សាសន្តិភាព ប្រឆាំងបដិវត្តន៍ពណ៌ និងការអភិវឌ្ឍ ។

ការប្រារព្ធទិវានេះឡើង ក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបុព្វការីជន ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ៗជំនាន់ ដែលបានតស៊ូពុះពារធ្វើពលិកម្មយ៉ាងធំធេង ដើម្បីប្រទេសជាតិនៅគ្រប់ដំណាក់កាល ដែលធ្វើឱ្យកម្ពុជាស្ថិតស្ថេរគង់វង្ស និងមានអ្វីៗនៅថ្ងៃនេះ ហើយក្នុងរយៈពេល៧៣ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានស្ថិតនៅរួមរស់ផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ទោះបីសភាពការណ៍ជាតិមានការវិវត្តដ៏ស្មុគស្មាញយ៉ាងណាក្តី ហើយ គណបក្សបានរក្សាខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និង សន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះ ប្រទេសជាតិ ការពារមាតុភូមិ ការពារសមិទ្ធផលនៃសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *