Breaking News

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ និងលោកស្រី Alissar Chaker បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ប្រចាំឆមាសទី១ ឆ្នាំ២០២៤

(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោកស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ប្រចាំឆមាសទី១ ឆ្នាំ២០២៤។

កិច្ចប្រជុំនេះ មានការចូលរួមពី លោកស្រី Chintana Vongpaseuth លេខាទី១នៃស្ថានទូតអូស្រ្តាលី, លោក Mun Bae-um លេខាទី២នៃស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា, លោក Matthew Allen លេខាទូតទី១ នៃស្ថានទូតណូវែលហ្សឺឡង់ប្រចាំកម្ពុជា ថៃ និងឡាវ និងលោក Shin YongHwa នាយករងភ្នាក់ងារ KOICA ប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីក្រុមការងាររៀបចំផែនការសកម្មភាពមីនខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណសម្រាប់ការគាំទ្រប្រកបដោយទឹកចិត្តសប្បុរសជូនចំពោះអង្គការ UNDP រាជរដ្ឋាភិបាលនិងប្រជាជននៃប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ និងណូវែលហ្សឺឡង់ ក្នុងចំណោមប្រទេស និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដែលបានចូលរួមគាំទ្រការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤(២០២០-២០២៥) បានផ្តោតលើខេត្តចំនួន ៣ គឺបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងបានពង្រីកការបោសសម្អាតមីនបន្ថែមនៅក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ មានថវិកាសរុប ២៣,៨៥ លានដុល្លារអាមេរិក បានមកពីរាជរដ្ឋាភិបាលកម្ពុជា ប្រទេសអូស្ត្រាលី នូវែលហ្សេឡង់ សាធារណៈរដ្ឋកូរ៉េ(KOICA) និងUNDP។ គម្រោងនេះ គាំទ្រលើសកម្មភាពចំនួន ៣ រួមមាន ទី១៖ ប្រតិបត្តិការបោសសម្អាតមីន ទី២៖ ការអប់រំការយល់ដឹងពីមីន ការជួយជនរងគ្រោះ ការបញ្ជ្រាបយេនឌ័រ ការធ្វើឱ្យប្រសើរឡើងនូវការវិភាគ ការប្រមូល ការផ្សព្វផ្សាយទិន្នន័យ និងទី៣៖ ពង្រឹងសមត្ថភាពមន្ត្រីអាជ្ញាធរមីន។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ចាប់ពីឆ្នាំ២០០៦ ដល់ឆមាសទី១ ឆ្នាំ២០២៤ ការបោសសម្អាតមីនក្រោមគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល សម្រេចបាន ៣៦០ គីឡូម៉ែត្រការ៉េ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាជាង១,២ លាននាក់ នៅតាមបណ្តាខេត្តភាគខាងលិចប្រទេសកម្ពុជា។ មីនប្រឆាំងមនុស្ស ៧៦ ៦៥៤ គ្រាប់ មីនប្រឆាំងរថក្រោះ ១ ៥៣១ គ្រាប់ និងយុទ្ធភ័ណ្ឌគ្រឿងផ្ទុះដទៃទៀត ២១៩ ៣៨៥ ត្រូវបានរកឃើញ និងកម្ទេចចោល។ ដោយឡែកសម្រាប់ឆមាសទី១ ឆ្នាំ២០២៤ ការបោសសម្អាតមីនសម្រេចបាន ៧,៦ គីឡូម៉ែត្រការ៉េ ស្របតាមផែនការ និងគ្រោងបោសសម្អាត ១០,៤ គីឡូម៉ែត្រការ៉េទៀត សម្រាប់ឆមាសទី២ឆ្នាំ២០២៤។ ការងារផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីននិងយុទ្ធភ័ណ្ឌគ្រឿងផ្ទុះ ការងារបង្កើនសមត្ថភាព ការងារសង្គ្រោះជនរងគ្រោះដោយសារមីន ការងារបញ្ជា្របយេនឌ័រ និងការងារផ្សេងៗទៀត ទទួលបានលទ្ធផលល្អប្រសើរតាមផែនការ។

ជាមួយគ្នានោះ ក្នុងនាមជាប្រធានកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី បានរាយការណ៍ជូនអង្គប្រជុំនូវវឌ្ឍនភាពការងារដោយផ្តោតទៅលើ អាទិភាពចំនួនបី៖ ១.ជំរុញសកលភាវូបនីយកម្មនៃអនុសញ្ញា ២.ពង្រឹងការអនុវត្តមាត្រា៥(ការបោសសម្អាតមីន) និង ៣.ជួយជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងនោះក៏មានការលើកឡើងអំពីការធានាភាពជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា ផងដែរ។

ក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលទាំងអស់ បានសម្តែងនូវការគាំទ្រ និងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ភាពជោគជ័យ ក្នុងការដឹកនាំ និងដោះស្រាយបញ្ហាសកម្មភាពមីនរយៈពេលជាង ៣០ឆ្នាំកន្លងនេះ ព្រមទាំងប្តេជ្ញាបន្តរៀបចំផែនការរយៈពេលវែងរបស់ខ្លួន ក្នុងការគាំទ្រដល់ផែនការយុទ្ធសាស្រ្តសកម្មភាពមីនរបស់រាជរដ្ឋាភិបាលកម្ពុជា តទៅមុខទៀត ដើម្បីអាចឱ្យកម្ពុជាអស់ការគំរាមពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

សូមបញ្ជាក់ថា រយៈពេល៣១ឆ្នាំ (១៩៩២-២០២៣) កម្ពុជា រំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន ៣ ០២៤ គីឡូម៉ែត្រការ៉េ រកឃើញនិងកំទេចចោលមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់លានគ្រាប់ និងមានអ្នកទទួលផលជាច្រើនលាននាក់។ ទន្ទឹមនឹងនោះ កម្ពុជា បានដាក់ផែនការរំដោះផ្ទៃដីមានមីនទំហំ ២០០គីឡូម៉ែត្រការ៉េ សម្រាប់ឆ្នាំ២០២៤-២០២៥។ កម្ពុជា ស្ថិតក្នុងចំណោមប្រទេសក្នុងពិភពលោកដំបូងគេ ដែលធ្វើការបោសសម្អាតមីនមនុស្សធម៌ជាទ្រង់ទ្រាយធំ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ជាប្រទេសឈានមុខគេក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *