ស្វាយរៀង៖ អាជ្ញាធរមានសមត្ថកិច្ច បានឲ្យដឹងនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នេះថាបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ត្រូវបានសមត្ថកិច្ចស្រុកស្វាយទាបសហការជាមួយកម្លាំងជំនាញខេត្តធ្វើឃាត់ខ្លួនក្នុងករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់ ទម្ងន់ជិត១០គីឡូក្រាម។
សមត្ថកិច្ច បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ព្រមទាំងមានការសម្របសម្រួលផ្ទាល់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២៣:៣០នាទីយប់ នៅចំណុចភូមិ អូតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមនោរម្យ សហការជាមួយកម្លាំងប្រជាការពារភូមិ និងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដឹកនាំដោយលោកវរសេនីយ៍ទោ សោម សារ៉ន អធិការនគរបាលស្រុកបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់០១ករណី។
ប្រភពបានបន្តទៀតថាជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ជនជាតិនីហ្សេរីយ៉ាដែលមានឈ្មោះ MADU DANIEL SOPURUភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិនីហ្សេរីយ៉ា កាន់លិខិតឆ្លងដែនលេខA06478250(ហួសសុពលភាព)មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។
សមត្ថកិច្ចបានបញ្ចាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបនោះសមត្ថកិច្ចបានដកហូតបានសម្ភារវត្ថុតាងរួមមាន
សារធាតុញៀនប្រភេទហេរ៉ូអ៊ីនទម្ងន់សុទ្ធ ៦៩៥៤,៦៨ក្រាម(៦គីឡូ៩៥៤.៦៨ក្រាម)
, សារធាតុញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់សុទ្ធ ២៨៦៨,០៩ក្រាម(២គីឡូ៨៦៨.០៩ក្រាម)។ សរុបសារធាតុញៀនទាំង២ប្រភេទទម្ងន់សុទ្ធ ៩៨២២,៧៧ក្រាម(៩គីឡូ៨២២.៧៧ក្រាម), លិខិតឆ្លងដែន០១ក្បាល, ទូរសព្ទ័ដៃ០២ គ្រឿង
និង កាបូបស្ពាយពណ៌ខ្មៅដាក់គ្រឿងញៀន០១។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕SRN