Breaking News

ចូលកាន់តំណែងភ្លាមលោកគួច ចំរើន ព្រមានដាក់ទណ្ឌកម្មមន្ត្រីដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ និងរំលោភអំណាច

កណ្តាល៖ លោកគួច ចំរើន អភិបាលខេត្តកណ្តាល បានព្រមានចាត់វិធានការម៉ឺងម៉ាត់ ក្នុងការដាក់ទណ្ឌកម្មចំពោះមន្ត្រីណាដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬរំលោភអំណាចក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន។ ការព្រមានបែបនេះរបស់លោកគួច ចំរើន បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤នេះ បន្ទាប់ពីអភិបាលខេត្តថ្មីរូបនេះ ត្រូវបានលោកស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាសចូលកាន់មុខតំណែងជាអភិបាលខេត្តកណ្តាល កាលពីថ្ងៃទី០១កក្កដា ឆ្នាំ២០២៤។

ជាមួយគ្នានេះដែរ លោកគួច ចំរើន អភិបាលខេត្តកណ្ដាលថ្មី បានជំរុញនិងលើកទឹកចិត្តដល់មន្ត្រីរាជការនៃរដ្ឋបាលខេត្តកណ្ដាល ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសការផ្តល់សេវាសាធារណៈ ដែលជាកិច្ចការអាទិភាពចម្បង ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលត្រូវបន្តលើកកម្ពស់ទាំងគុណភាពនិងប្រសិទ្ធភាព គឺធ្វើឱ្យបានកាន់តែរហ័ស និងងាយស្រួល សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមគោលការណ៍ ស្តង់ដា បែបបទ និង នីតិវិធីជាធរមាន។

ពាក់ព័ន្ធការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ និងភាពស្អាតស្អំរបស់មន្ត្រី ក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ លោកអភិបាលខេត្តកណ្ដាល បានព្រមានចាត់វិធានការម៉ឺងម៉ាត់ ក្នុងការដាក់ទណ្ឌកម្មចំពោះមន្ត្រីណា ដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬរំលោភអំណាចក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន។ បន្ថែមពីនេះ លោកអភិបាលខេត្តរូបនេះ បានណែនាំឱ្យយកចិត្តទុកដាក់ពិនិត្យនូវរាល់បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយ និងឆ្លើយតប ឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងយុត្តិធម៌ ។

យ៉ាងណាមិញ លោក គួច ចំរើន ក៏បានណែនាំដល់កងកម្លាំងទាំង៣ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ជាពិសេសសកម្មភាពលួច, ឆក់, ប្លន់, ការប្រើប្រាស់និងការជួញដូរគ្រឿងញៀនខុសច្បាប់, ល្បែងស៊ីសងខុសច្បាប់, ការជួញដូរមនុស្សតាមគ្រប់ទម្រង់ និងសកម្មភាពក្មេងទំនើង ព្រមទាំងគិតគូរត្រៀមវិធានការ និងមធ្យោបាយនានា ក្នុងការបង្ការនិងពន្លត់អគ្គិភ័យ។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលខេត្តកណ្តាល កាលពីថ្ងៃទី០១ ខែកក្កដា លោក គួច ចំរើន បានប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រើប្រាស់សមត្ថភាព លះបង់កម្លាំងកាយចិត្ត និងបទពិសោធន៍ក្នុងការដឹកនាំ ការគ្រប់គ្រងកិច្ចការរដ្ឋបាល ការអភិវឌ្ឍសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីរួមគ្នាបន្តអភិវឌ្ឍនូវសមិទ្ធផលនិងស្នាដៃថ្មី
ៗបន្ថែមទៀតផងដែរ៕ដោយ៖ សិរី នាគ

Check Also

សេចក្តីបំភ្លឺព័ត៌មាន!ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបតបបំភ្លឺជូនសាធារណជនទៅនឹងគេហទំព័រ ព័ត៌មាន រស្មីកោះធំធីវី

Leave a Reply

Your email address will not be published. Required fields are marked *