Breaking News

សូមកុំយល់ច្រលំ! ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បញ្ជាក់ថា អ្នកដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ដាច់ដោយឡែក ដែលមិនភ្ជាប់ជាមួយបណ្តាញក្នុងផ្ទះ ដែលជាបណ្តាញអគ្គិសនីរបស់រដ្ឋ គឺមិនតម្រូវឱ្យធ្វើស្វ័យប្រកាសនោះទេ

ភ្នំពេញ៖ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា អ្នកដែលដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ដាច់ដោយឡែក (ដូចជាអំពូលភ្លើងសូឡា ឆ្នាំងដាំបាយ និងម៉ូទ័របូមទឹកជាដើម) ដែលមិនពាក់ព័ន្ធជាមួយនឹងបណ្តាញក្នុងផ្ទះ ដែលជាប្រព័ន្ធបណ្ដាញអគ្គិសនីរបស់រដ្ឋ ហើយអនុភាពមិនលើសពី១០គីឡូវ៉ាត់ ឬ៥០អំពែ គឺមិនតម្រូវឲ្យធ្វើស្វ័យប្រកាសនោះទេ។

ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា អ្នកដែលត្រូវធ្វើស្វ័យប្រកាស គឺជាអ្នកដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ហើយភ្ជាប់ជាមួយបណ្តាញក្នុងផ្ទះ ដែលភ្ជាប់បណ្តាញអគ្គិសនីរបស់រដ្ឋ និងអ្នកដែលដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ដាច់ដោយឡែក ដែលមានអនុភាពលើសពី១០គីឡូវ៉ាត់ ឬ៥០អំពែ។

លោក យឹម វិសិដ្ឋ បានបញ្ជាក់ដូច្នេះ ក្នុងឱកាសដែលអាជ្ញាធរអគ្គិសនីកម្ពុជា រៀបចំសន្និសីទសារព័ត៌មាន ដើម្បីបំភ្លឺពាក់ព័ន្ធការធ្វើស្វ័យប្រកាសពីការដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ។

លោកបញ្ជាក់ថា ការតម្រូវឱ្យធ្វើស្វ័យប្រកាសនេះ គឺដើម្បីដឹងថា ការដំឡើងនិងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ នៅក្នុងប្រទេសកម្ពុជា មានចំនួនប៉ុន្មាន មានអនុភាពប៉ុន្មាន និងនៅតំបន់ណាខ្លះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងដើម្បីបញ្ជៀសផលប៉ះពាល់ ដល់បណ្តាញអគ្គិសនីរបស់រដ្ឋ។

សូមរំលឹកថា អាជ្ញាធរអគ្គិសនីកម្ពុជា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្តីអំពាវនាវជាថ្មី ដល់អ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដែលពុំមានការអនុញ្ញាត អញ្ជើញដាក់ពាក្យស្វ័យប្រកាស។

ជាមួយគ្នានេះ អាជ្ញាធរបានណែនាំដល់អ្នកកាន់អាជ្ញាបណ្ណ ធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនី ត្រូវធ្វើការផ្សព្វផ្សាយ និងត្រៀមទទួលការធ្វើស្វ័យប្រកាស អំពីការប្រើប្រាស់ ប្រព័ន្ធ ថាមពលពន្លឺព្រះអាទិត្យលើដំបូលរបស់អ្នកប្រើប្រាស់ ឋិតក្នុងតំបន់ផ្គត់ផ្គង់របស់ខ្លួន។

ជាការកត់សម្គាល់ ក្រោយមានសេចក្តីជូនដំណឹងនេះ ធ្វើឱ្យមានមតិយល់ច្រលំមួយចំនួន ពីសំណាក់ប្រជាពលរដ្ឋ ថាអ្នកដែលដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យទាំងអស់ ត្រូវតែធ្វើស្វ័យប្រកាស, ដូច្នេះទើបអាជ្ញាធរអគ្គិសនីកម្ពុជា បានរៀបចំសន្និសីទនេះឡើង ដើម្បីធ្វើការបំភ្លឺ។

សូមជម្រាបថា អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញលិខិតជូនដំណឹងម្តងរួចទៅហើយ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការធ្វើស្វ័យប្រកាសអំពីការដំឡើង និងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ នៅលើដំបូល ដែលពុំមានការអនុញ្ញាត អញ្ជើញទៅដាក់ពាក្យប្រកាស អំពីការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួន នៅទីស្នាក់ការរបស់អគ្គិសនីកម្ពុជា ឬទីស្នាក់ការរបស់អ្នកផ្គត់ផ្គង់អគ្គិសនីឯកជន ដែលឋិតនៅក្នុងតំបន់របស់ខ្លួន កំពុងប្រើប្រាស់អគ្គិសនី ហើយចាប់តាំងពីពេលជូនដំណឹងនោះមក មានអ្នកចូលទៅធ្វើស្វ័យប្រកាស ត្រឹម៩៤នាក់ប៉ុណ្ណោះ ដែលជាចំនួនតិចតួចនៅឡើយ ទើបអាជ្ញាធរធ្វើការជូនដំណឹងជាលើកទី២ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ ដើម្បីជាការរំលឹកឱ្យចូលទៅធ្វើស្វ័យប្រកាស៕SRN

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *