ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន សន្យាបន្តរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ដោយគ្រោងផ្តល់ហិរញ្ញប្បទានប្រមាណ ៨.០០០លានយ៉េន (ប្រហែលជិត ៥០លានដុល្លារអាមេរិក) សម្រាប់ការពង្រីកបណ្តាញអគ្គិសនីនៅរាជធានីភ្នំពេញ។
ការបញ្ជាក់បែបនេះរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុន ក្នុងជំនួបជាមួយលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោកស្រី ខាមីខាវ៉ា យ៉ូកុ (KAMIKAWA Yoko) រដ្ឋមន្ត្រី ការបរទេសជប៉ុន បានមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៥ ដល់៦ ខែកក្កដា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកស្រីរដ្ឋមន្ត្រី បានចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅមុនមានជំនួបទ្វេភាគីជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា។
ក្នុងជំនួបទ្វេភាគី លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រី ខាមីខាវ៉ា បានឯកភាពគ្នាថា ទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងជប៉ុន មានភាពកាន់តែរឹងមាំ ព្រមទាំងបានផ្លាស់ប្តូរយោបល់ក្នុងការបន្តលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា ដែលមានសក្តានុពល និងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។
ភាគីទាំងពីរបានឯកភាពជំរុញការប្រាស្រ័យទាក់ទង និងផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិតជាញឹកញាប់ ដើម្បីរួមចំណែកកសាងមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ហើយបានឯកភាពបន្តរៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់អនុរដ្ឋមន្ត្រីការបរទេសនៃ ប្រទេសទាំងពីរ ឱ្យបានទៀងទាត់ ដោយកិច្ចប្រជុំលើកទី២ គ្រោងរៀបចំក្នុងឆ្នាំនេះនៅកម្ពុជា។
រដ្ឋមន្ត្រីទាំងពីរ បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងសកម្មក្នុងវិស័យការពារជាតិ និងសន្តិសុខ និងបានអបអរសាទការរៀបចំកិច្ចសន្ទនាថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ជប៉ុន លើកទី១ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងនគរបាលជើងទឹកកម្ពុជា ជាមួយឆ្នាំសមុទ្រណាចក្រកម្ពុជា-ជប៉ុន ហើយភាគីជប៉ុនបានសន្យាផ្តល់នាវាល្បាតដល់នគរបាលជាតិកម្ពុជាផងដែរ។
រដ្ឋមន្ត្រីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំតាមរយៈការវិនិយោគរបស់ក្រុមហ៊ុនធំៗ ជប៉ុននៅកម្ពុជា ហើយលោកស្រី ខាមីខាវ៉ា សន្យាថា នឹងជួយជំរុញអ្នកវិនិយោគជប៉ុន មកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។ ក្នុងឱកាសជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការកសាងសន្តិភាពនៅកម្ពុជា និងបានផ្តល់ជំនួយជាច្រើនសម្រាប់ការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។
ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ លោកឧបនាយករដ្ឋមន្ត្រី បានអរគុណមិត្ត ជប៉ុនដែលក្នុងនាមជាសហប្រធាន ICC-Angkor បានជួយដល់កិច្ចការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ ដែលជាដួងព្រលឹងរបស់កម្ពុជា ហើយភាគីជប៉ុនបានបញ្ជាក់ពីសារសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យនេះផងដែរ។
ក្នុងនាមរាជរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណមិត្តជប៉ុន ដែលបានរៀបចំអភិក្រមថ្មី (New Cooperation Approach) សម្រាប់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដែលផ្តោតលើវិស័យសំខាន់ៗ ចំនួន៣ដូចខាងក្រោម៖
ទី១. ការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គមរួមមាន ទឹកស្អាត ប្រព័ន្ធចម្លោះទឹកកខ្វក់ ឌីជីថល និងសន្តិសុខសាយប័រ ដោយក្នុងនោះ លោកស្រីរដ្ឋមន្ត្រី បានបញ្ជាក់ថា ជប៉ុននឹងបន្តជួយលើផ្នែកទឹកស្អាតនៅទីក្រុងភ្នំពេញ ព្រមទាំងពង្រីកបន្តទៅតាមបណ្តាខេត្ត។ ជប៉ុនក៏នឹងបន្តជួយលើការរៀបចំប្រព័ន្ធចម្លោះទឹកកខ្វក់នៅទីក្រុងភ្នំពេញផងដែរ។ ជាមួយគ្នានេះ ភាគីទាំងពីរបានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល ដែលជាអាទិភាពមួយនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ទី២. ការតភ្ជាប់សមុទ្រដែលផ្តោតសំខាន់លើការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយក្នុងនោះ ភាគីជប៉ុននឹងបន្តជួយអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីប្រែក្លាយទៅជាកំពង់ផែស្នូល និងមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់។
ទី៣. វិស័យដោះមីន ដែលក្នុងនោះភាគីជប៉ុននិងកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការលើវិស័យនេះ ដើម្បីបម្រើដល់បុព្វហេតុមនុស្សធម៌ និងសន្តិភាពក្នុងតំបន់ និងពិភពលោក។ លោកស្រី រដ្ឋមន្ត្រី ក៏បានបង្ហាញពីការត្រៀមសហការជាមួយកម្ពុជា ដែលជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាបានប្រសិទ្ធនាមថា «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន» នៅខែវិច្ឆិកា ខាងមុខផងដែរ។
ភាគីទាំងពីរក៏បានពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ក្នុងក្របខ័ណ្ឌពហុភាគី ព្រមទាំងផ្លាស់ប្តូរទស្សនៈគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម។
បន្ទាប់ពីជំនួបប្រកបដោយផ្លែផ្កាខាងលើ លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រី ខាមីខាវ៉ា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពី (១) ការផ្តល់ហិរញ្ញប្បទានឥតសំណង ប្រមាណ ២,៧ លានដុល្លារអាមេរិក សម្រាប់ការអនុវត្តគម្រោងអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស និង (២) ការផ្តល់ឥណទានសម្បទានប្រាក់យ៉េន (ប្រមាណ ៥៩,៦ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ (ធ្លាម្អម- បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) (III)៕ SRN