Breaking News

មេការកាងឆ្នោតវៀតណាម យីហោ «K9» ឈ្មោះ «ឆាយ» កំពុងដើរគំរាមអ្នកកត់ឆ្នោតខុសច្បាប់?

កំពត ៖ យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ដែលរស់នៅខេត្តកំពត នៅព្រឹកថ្ងៃសៅរ៍ទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃមកនេះ មានមនុស្សមួយក្រុមដឹកនាំដោយឈ្មោះ «ឆាយ» ជាមេការកាងឆ្នោតវៀតណាម យីហោ «K9» ដែលជារហ័សនាម គឺតំណាងឲ្យលោកឧកញ៉ា លឹម ប៊ុណ្ណា (ហៅខ្នា) បានដើរគំរាមកូនកញ្ច្រែងអ្នកកត់ឆ្នោតខុសច្បាប់ដូចគ្នានៅទូទាំងខេត្តកំពត យ៉ាងដាច់ខាតថា គឺត្រូវតែកត់ឆ្នោតវៀតណាម ដាក់ស្លាក «K9» ប្រសិនបើកូនកញ្ច្រែងអ្នកកត់ឆ្នោតខុសច្បាប់ដូចគ្នានោះ មិនព្រមកត់ឲ្យពួកគេនោះទេ ឈ្មោះ ឆាយ និងបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធធ្វើការបង្រ្កាបទីតាំងនេះភ្លាមៗ។ ត្រង់នេះពិតទេ បើសមត្ថកិច្ចត្រូវធ្វើតាមបញ្ជាគាត់មែន ហើយគ្មានភារៈកិច្ចជាមេកើយ លើសាមីអង្គភាពសមត្ថកិច្ចនោះ?

ជាក់ស្ដែង ទីតាំងកត់ឆ្នោតវៀតណាម យីហោ K9 ធំៗជាច្រើនកន្លែងមានដូចជា៖ ស្ថិតនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់បាយ, ភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត និងភូមិត្រពាំងធំ សង្កាត់ជុំគ្រៀល ស្រុកទឹកឈូក ខេត្តកំពត, បច្ចុប្បន្នកំពុងបើកយ៉ាងចំហ យ៉ាងអាណាធិបតេយ្យ មិនមានសមត្ថកិច្ចមូលដ្ឋាន ឬថ្នាក់ខេត្តហ៊ានចុះបង្រ្កាបនោះទេ។

បើតាមសេចក្ដីរាយការណ៍ដដែល បានបន្តថា ឈ្មោះ ឆាយ ដែលជាអ្នកកាងឆ្នោតវៀតណាម យីហោ «K9» បានប្រមូលគ្នាមកនិយាយបញ្ជុះបញ្ជូល លួងលោម គំរាមកូនកញ្ច្រែងតូចៗ ដែលជាអាជីវករកត់ឆ្នោតវៀតណាមដូចគ្នា នៅតាមតូបផ្សារ តាមផ្ទះ ក្នុងខេត្តកំពត ឲ្យមកកត់ឆ្នោតឲ្យក្រុមខ្លួនវិញ។ ហើយបើកូនកញ្ច្រែងទាំងអស់នោះ បដិសេធមិនកត់ឲ្យ ពួកគេបានគំរាមថា ខ្លួននិងឲ្យសមត្ថកិច្ចចុះចាប់ទីតាំងទាំងអស់នោះ។ មិនតែប៉ុណ្ណោះ ពួកគេអះអាងថា ពួកគេមានអំណាចអាចបញ្ជាទៅលើមន្រ្តីមានសមត្ថកិច្ចក្នុងមូលដ្ឋាន ដូចជា៖ អាជ្ញាធរមានសមត្ថកិច្ច, នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ក្នុងទីរួមខេត្ត ឲ្យមើលទីតាំងកត់ឆ្នោតណាមិនដាក់ផ្លាកពណ៌ក្រហមយីហោ «K9» ប្រសិនបើកូនកញ្ច្រែងណាយល់ព្រម គឺមិនបង្រ្កាបនោះទេ ប៉ុន្តែបើអ្នកណាមិនព្រមកត់ឲ្យពួកខ្លួននោះទេ នឹងធ្វើការបង្រ្កាបតែម្តង។

ប្រជាពលរដ្ឋបានសង្កត់ធ្ងន់ថា ការកំណត់ថ្មីរបស់ក្រុមលោកឧកញ៉ា លឹម ប៊ុណ្ណា (ហៅខ្នា)នេះ គឺថ្នាក់លើជាអ្នកកំណត់មក ចឹងហើយគឺត្រូវតែធ្វើតាមពួកគេប្រាប់ បើមិនអញ្ចឹងទេ ពួកគេនឹងឲ្យសមត្ថកិច្ចនៅតាមតំបន់ធ្វើការបង្រ្កាប។

ជុំវិញបញ្ហានេះដែរ ប្រជាពលរដ្ឋបាននាំគ្នាងាយឆ្ងល់ថា លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត គឺជាថ្នាក់ដឹកនាំមួយរូប ដែលប្រជាពលរដ្ឋស្រឡាញ់ និងកោតសរសើរក្នុងការអនុវត្តច្បាប់បានល្អ រាល់ការបង្រ្កាបបទល្មើស នឹងមានចាត់វិធានការបែបណាចំពោះក្រុមអ្នកកាងឆ្នោតវៀតណាម យីហោ«K9»នេះ ខណៈដែលកូនចៅរបស់លោកឧកញ៉ា លឹម ប៊ុណ្ណា (ហៅខ្នា) កំពុងបង្កការអុកឡុកយ៉ាងអនាធិបតេយ្យក្នុងខេត្តកំពត។

ដោយឡែកជុំវិញករណីនេះដែរ លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធតេឡេក្រាមថា៖ «ឱ្យតែកន្លែងណាដែលបើកអាជីវកម្មឆ្នោតខុសច្បាប់ ឬឆ្នោតយួន លោកត្រូវតែបង្ក្រាបទាំងអស់»។

គួររម្លឹកថា កន្លងទៅលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក៏ធ្លាប់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទដែថា៖ «ចំពោះករណីក្រុមអ្នកកាងឆ្នោតវៀតណាមយីហោ K9 ប្រសិនបើមានវិញលោកនឹងបញ្ជាកម្លាំងឲ្យបង្រ្កាបភ្លាម»។ លោកស្នងការ បានបន្ថែមថា «មួយវិញទៀត ចំពោះករណីរាល់ល្បែងស៊ីសងក្នុងមូលដ្ឋានខេត្តរបស់លោក គឺមិនថាតែការកត់កន្ទុយលេខ(ឆ្នោតវៀតណាមខុសច្បាប់) ត្រូវបង្រ្កាបទាំងអស់ សូម្បីតែល្បែងបញ្ជល់មាន់តាមប្រព័ន្ធអនឡាញ, តាមទូរទស្សន៍ (ហាងកាហ្វេ) ក៏មិនឲ្យមានដែរ»។

ដោយឡែក នៅរសៀលថ្ងៃសៅរ៍នេះដែរ អង្គភាពយើងបានទំនាក់ទំនងតាមទូរស័ព្ទទៅសុំការបំភ្លឺពីលោកឧកញ៉ា លឹម ប៊ុណ្ណា (ហៅខ្នា) ជុំវិញករណីខាងលើនេះ ប៉ុន្តែមិនអាចទំនាក់ទំនងបានទេ ព្រោះតេមិនចូល។

ចំពោះករណីខាងលើនេះដែល ប្រជាពលរដ្ឋចោទប្រកាន់ក្រុមអ្នកកាងឆ្នោតវៀតណាម ដែលមានយីហោ«K9»នេះ អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ពេលវេលា។ រីឯពលរដ្ឋរងគ្រោះសូមសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចថ្នាក់លើមានវិធានតាមច្បាប់ចំពោះក្រុមនេះផង ព្រោះបច្ចុប្បន្នកំពុងតែបង្កភាពអនាធិបតេយ្យក្នុងខេត្តកំពតផងដែរ៕ SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *