Breaking News

ក្រសួងមុខងារសាធារណៈ ចេញសេចក្តីប្រកាសព័ត៌មាន «កម្ពុជាទទួលធ្វើជាប្រធានប្តូរវេនកិច្ចសហប្រតិបត្តិការអាស៊ាន លើកទី២៣ និង អាស៊ានបូកបី លើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ»

ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ មានក្តីសោមនស្សរីករាយសូមប្រកាសអំពីការទទួលធ្វើជាប្រធានប្តូរវេន -កិច្ចសហប្រតិបត្តិការអាស៊ាន លើកទី២៣ និងអាស៊ានបូក៣ លើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ សម្រាប់អាណត្តិឆ្នាំ២០២៤-២០២៦ ក្រោមមូលបទ «នវានុវត្តន៍ ក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែ ប្រសើរ។

ថ្លែងក្នុងពិធីផ្ទេរតំណែងជាប្រធាន ACCSM ប្តូរវេន នៅរាជធានីបង់ដាសេរីបេកាវ៉ាន់ ប្រទេសប្រ៊ុយណេ ជារូហ្សាឡាម លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានប្រកាសពី មូលបទខាងលើ និងបានលើកឡើងថា “កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ (ASEAN Cooperation on Civil Service Matters – ACCSM) ជាអត្តសញ្ញាណ នៃកិច្ចសហប្រតិបត្តិការ នវានុវត្តន៍ និងដំណើរវិវឌ្ឍ វិស័យមុខងារសាធារណៈក្នុងតំបន់អាស៊ាន។ វេទិកានេះ បានដើរតួនាទីក្នុងការ ជំរុញឱ្យសម្រេចបានគំនិតផ្តួចផ្តើមជាច្រើនសំដៅដល់ការពង្រឹងគុណភាព វិជ្ជាជីវៈ និងប្រសិទ្ធភាពនៃការផ្តល់ សេវាសាធារណៈ។” […] “ក្នុងនាមជាប្រធាន ACCSM ប្តូរវេន កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការពង្រឹង និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ និង ប្រទេសជាដៃគូផ្សេងទៀត ដើម្បីបន្តដឹកនាំសម្របសម្រួលការងារតាមមូលដ្ឋានដ៏ជោគជ័យរបស់ ACCSM កន្លងទៅ។ ការងារទាំងនេះ គឺសំដៅដល់ការសម្រេចបានចក្ខុវិស័យការងារប្រកបដោយថាមវន្ត ក្នុងវិស័យ មុខងារសាធារណៈ ដើម្បីប្រជាជនជាចម្បង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែម។ ក្នុងនាមជាប្រធាន ACCSM សម្រាប់អាណត្តិឆ្នាំ២០២៤-២០២៦ ព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំ កិច្ចប្រជុំធំៗសំខាន់ៗរួមមាន៖
(១) កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (Senior Officials Meeting) ស្តីពី កិច្ចការមុខងារសាធារណៈ ក្នុងខែឧសភា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ

(២)កិច្ចប្រជុំ សហប្រតិបត្តិការ អាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២៣ និងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានបូកបី ស្តីពីមុខងារ សាធារណៈ លើកទី៨ ក្នុងខែសីហា ឆ្នាំ២០២៦ នៅខេត្តសៀមរាប

(៣) ការបន្ត និងដាក់អនុវត្តគម្រោង នានា រួមទាំង(៤)ការរៀបចំកិច្ចប្រជុំ និងវេទិកាអមផ្សេងៗទៀត។ បន្ថែមលើនេះ ក្នុងដំណាក់កាលដែល កម្ពុជាធ្វើជាប្រធានចាប់ពីពេលនេះតទៅ កម្ពុជាមានភារកិច្ចដឹកនាំសម្របសម្រួលការងារផ្សេងៗ ក្នុងក្របខណ្ឌ នៃវិស័យមុខងារសាធារណៈអាស៊ាន ដូចជាការងារចំពោះមុខគឺការតាក់តែងផែនការសកម្មភាពរួមរបស់ អាស៊ាន ២០២៦-២០៣០ ជាដើម។

គួររម្លឹកថា កាលពី២០ឆ្នាំមុន កម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះម្តងរួចមកហើយ ពោលគឺ ក្នុងឆ្នាំ២០០៤-២០០៦ ក្រោមមូលបទ “ការគ្រប់គ្រងធនធានមនុស្ស ក្នុងសេវាសាធារណៈ ជាដៃគូយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍជាតិ៖ គំរូថ្មីសម្រាប់បរិបទអាស៊ាន។ សម្រាប់ពេលនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះប្តូរវេន សាជាថ្មីម្តងទៀត ដោយបានកំណត់មូលបទថ្មី ដែលសម្របតាមបរិបទនៃដំណើរវិវឌ្ឍរបស់សង្គមកម្ពុជា និង សហគមន៍អាស៊ានក្នុងពេលបច្ចុប្បន្ន។

សូមជម្រាបថា កិច្ចសហប្រតិបត្តិការវិស័យមុខងារសាធារណៈក្នុងចំណោមប្រទេសអាស៊ាន បានចាប់ផ្តើម ក្នុងឆ្នាំ១៩៨០ ក្នុងនាមជាសន្និសីទ អាស៊ានស្តីពីកំណែទម្រង់មុខងារសាធារណៈ (ACRCS)។ បន្ទាប់មក សន្និសីទអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ (ACCSM) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨១ ព្រមទាំង បានបញ្ចូលរដ្ឋជាសមាជិកអាស៊ាន ទាំង១០ នៅក្នុងឆ្នាំ១៩៩៩។ រហូតមកដល់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ សន្និសីទអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ ត្រូវបានផ្លាស់ប្តូរឈ្មោះទៅជា «កិច្ចប្រជុំ សហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ ដោយនិរន្តរភាពរវាងរដ្ឋជាសមាជិកអាស៊ានទាំងអស់៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *