Breaking News

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» មិនមែនជាឧបករណ៍រឹតបន្តឹងសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មានទេ តែជាការតម្រង់ទិសតាមច្បាប់ និងរក្សាគុណតម្លៃ សណ្តាប់ធ្នាប់ល្អក្នុងវិស័យសារព័ត៌មាន

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងថា «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» ដែលប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ មិនមែនសម្រាប់បំបិទសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាន ហើយក៏មិនមែនជាឧបករណ៍ដើម្បីទៅរឹតបន្តឹងសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាននោះទេ តែជាការតម្រង់ទិសអ្នកសារព័ត៌មានប្រកបវិជ្ជាជីវៈស្របតាមច្បាប់ និងរក្សាគុណតម្លៃ សណ្តាប់ធ្នាប់ល្អក្នុងវិស័យសារព័ត៌មាន។

ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា»​ នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ក្រោយពីបានចំណាយពេលតាក់តែងចងក្រងជាង៤ខែ, ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា ​«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» មានគោលដៅតម្រង់ទិសអ្នកសារព័ត៌មានកុំឱ្យដើរហួសដែនកំណត់នៃច្បាប់ ព្រោះលោកបានសង្កេតឃើញកន្លងមកថា កម្រិតគុណភាពសារព័ត៌មាននៅកម្ពុជាធ្លាក់ចុះ។ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជានឹងជួយលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈរបស់សមាគមសារព័ត៌មាន អង្គភាព ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានឱ្យគោរព និងប្រតិបត្តិគោលការណ៍ក្រមសីលធម៌ឱ្យបានត្រឹមត្រូវ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងយ៉ាងដូច្នេះថា៖ «ដែលខ្ញុំចង់ថា ភាពចាំបាច់ដែលធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន ដែលរៀបចំឡើងមកនេះ គឺមិនមែនសម្រាប់ទៅបំបិទសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាននោះទេ ហើយក៏មិនមែនជាឧបករណ៍ដើម្បីទៅរឹតបន្តឹងនូវអ្វីដែលបងប្អូនអនុវត្តន៍នោះដែរ ប៉ុន្តែ ជាការតម្រង់ទិសនៅក្នុងក្របខ័ណ្ឌវិជ្ជាជីវៈមួយដែលស្របតាមច្បាប់ ស្របតាមអ្វីដែលជាគោលការណ៍ចែងនៅក្នុងច្បាប់ និងអនុវត្តន៍នៅក្នុងក្រខ័ណ្ឌដែលប្រទេសកម្ពុជា ជានីតិរដ្ឋ គោរពទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ មិនមែនជាភាពអនាធិបតេយ្យក្នុងការបញ្ចេញនូវសេរីភាពរបស់យើងក្នុងការបញ្ចេញមតិទេ»។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» នេះ គឺជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាននៅកម្ពុជាដើម្បីរក្សាគុណតម្លៃ និងសណ្តាប់ធ្នាប់ល្អក្នុងវិស័យសារព័ត៌មាន។ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» ក៏មិនមែនជារនាំងការពារអ្នកកាសែតណាដែលប្រព្រឹត្តិខុសក្រមសីលធម៌ ឬហួសព្រំដែនវិជ្ជាជីវៈសារព័ត៌មានដែលអាចចាត់ចូលជាបទល្មើសច្បាប់។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា៖ «បច្ចុប្បន្ននេះ អ្នកសារព័ត៌មានមួយចំនួនមិនទាន់ទទួលបានការបណ្តុះបណ្តាលពេញលេញ ឬសមត្ថភាពផ្នែកព័ត៌មាននៅមានកម្រិតនៅឡើយ។ បញ្ហាទាំងនេះហើយបានបង្កើតឱ្យមានបញ្ហាប្រឈមទៅលើការផ្សព្វផ្សាយព័ត៌មាន អ៊ឹចឹងកង្វះខាតនូវលិខិតបទដ្ឋានគតិយុទ្ធបានតម្រូវឱ្យក្រសួងព័ត៌មាន ត្រូវចាំបាច់សម្រួបសម្រួលរៀបចំនូវកិច្ចការងារធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន ដែលជាក្រមសីលធម៌កំពូល នៅលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដែលសមាគម និងអង្គភាពសារព័ត៌មាននីមួយៗបានរៀបចំ»។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» នេះ មិនមែនជាក្រមសីលធម៌ធម្មតានោះទេ ប៉ុន្តែ វាជាមូលដ្ឋានគ្រឹះនៃការពង្រីកបន្ថែមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដែលសមាគម និងអង្គភាពសារព័ត៌មានអាចយកជាមូលដ្ឋាន។ ចំណុចនេះជាមូលដ្ឋានរួមដែលមិនអាចនរណាម្នាក់បកស្រាយផ្សេងពីគ្នាបាននោះទេ ប៉ុន្តែ ត្រូវឈរនៅលើមូលដ្ឋានគោលការណ៍រួមតែមួយ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ចំពោះអ្នកផ្សព្វផ្សាយព័ត៌មាន មិនត្រូវធ្វើអ្វីតាមតែការនឹកឃើញរបស់ខ្លួននោះទេ ប៉ុន្តែ ត្រូវគោរពច្បាប់ជាធរមាន ដូច្នេះ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» ជាផ្នែកមួយចាំបាច់ខ្លាំងណាស់ សម្រាប់ជាមូលដ្ឋានរបស់អ្នកសារព័ត៌មាន ដោយឈរលើគោលការណ៍មានសំឡេងរួមតែមួយ ពីព្រោះកើតចេញពីអ្វីដែលជាឆន្ទៈរួមរបស់អ្នកសារព័ត៌មាន និងសមាគមអ្នកសារព័ត៌មាន ត្រូវការចាំបាច់នូវមូលដ្ឋាននេះ។

«ហើយតទៅមុខអ្នកសារព័ត៌មានដែលទើបប្រកបអាជីពថ្មីៗ គាត់មានធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះជាគ្រឹះសម្រាប់សិក្សា ដើម្បីឱ្យដឹងថា តើដើម្បីឱ្យក្លាយជាអ្នកសារព័ត៌មាន មួយមានគុណភាព សារព័ត៌មានមួយដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ តើគាត់ត្រូវមានចំណុចអ្វីខ្លះ តើគាត់ត្រូវគោរពអ្វីខ្លះ គាត់ត្រូវចៀសវាងអ្វីខ្លះ ហើយគាត់អាចធ្វើអ្វីខ្លះ នៅក្នុងតួនាទីរបស់គាត់ជាអ្នកសារព័ត៌មាន»។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម នេត្រ ភក្ត្រា។

សូមបញ្ជាក់ថា «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» បានផ្តើមរៀបចំចងក្រងកាលពីខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមផ្តល់មតិយោបល់ពីអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន អង្គការ UNESCO និងអ្នកពាក់ព័ន្ធផ្សេងទៀត។ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» នេះ មានកម្រាស់ ១៤ទំព័រ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជាបែងចែកជា ៤ជំពូកធំៗ និងមាន៧ផ្នែកក្នុងជំពូកទី២ ដែលនិយាយពីគោលការណ៍គ្រឹះជាមូលដ្ឋាននៃវិជ្ជាជីវៈសារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *