Breaking News

សាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីថ្លែងការណ៍ ស្តីពីការផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លៃ របស់គេហទំព័រ RFA Khmer និងបណ្តាញសង្គមមួយចំនួន

ភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញ សេចក្តីថ្លែងការណ៍ស្តីពី ការផ្សព្វផ្សាយព័ត៌មានមិនពិត របស់គេហទំព័រ RFA Khmer និងបណ្តាញសង្គមនានា កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ មានគេហទំព័រ RFA Khmer និងបណ្តាញសង្គមនានា បានផ្សព្វផ្សាយ និងបានសរសេរបង្ហោះរៀបរាប់តៗគ្នាថា “បើដឹងថាគ្រាន់តែគាត់មិនទៅគាំទ្រព្រែកជីកនេះ រហូត ដល់ថ្នាក់ចាប់ខ្លួន ខ្ញុំឱ្យគាត់ទៅហើយ”។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនជ្រាបថា សាលាដំបូងរាជធានីភ្នំពេញ បានកំពុងចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤៨៦១ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដែលមានជនត្រូវចោទ ឈ្មោះ សាន អឿន និងបក្ខពួក ត្រូវបានចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់ បទល្មើសព្រហ្មទណ្ឌដែលមាន ចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ជនត្រូវចោទឈ្មោះ សាន អឿន ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់តុលាការ តាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ១២២៣ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ របស់ ចៅក្រមស៊ើបសួរ។ ចំពោះការលើកឡើងរបស់ឈ្មោះ សាន គន្ធា ត្រូវជាកូនស្រីរបស់ឈ្មោះ សាន អឿន ថា “បើដឹងថាគ្រាន់តែគាត់មិនទៅគាំទ្រព្រែកជីកនេះ រហូតដល់ថ្នាក់ចាប់ខ្លួន ខ្ញុំឱ្យគាត់ទៅហើយ” និងការបង្ហោះ របស់គេហទំព័រ RFA Khmer និងបណ្តាញសង្គមនានា ដែលមានខ្លឹមសារដូចបញ្ជាក់ខាងលើនេះ គឺជាព័ត៌មានមិនពិត និងធ្វើឱ្យសាធារណជនមានការយល់ច្រឡំ ចំពោះការអនុវត្តច្បាប់នៅក្នុងសំណុំរឿងនេះ។ ដូចនេះ គេហទំព័រ RFA Khmer និងបណ្តាញសង្គមនានា ត្រូវបញ្ឈប់ការផ្សព្វផ្សាយនូវព័ត៌មានមិនពិតបន្តទៀត។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់បន្ថែមថា ការនាំខ្លួនឈ្មោះ សាន អឿន គឺជាការ អនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងអង្គហេតុ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដូចបានបញ្ជាក់ខាងលើ គឺ មិនពាក់ព័ន្ធ នឹងការមិនចូលរួមគាំទ្រព្រែកជីកហ្វូណនគេជោនោះទេ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *