Breaking News

លោកជំទាវ ពេជ ចន្ទមុន្នី ឱ្យបេក្ខជនចូលរួមកម្មវិធី​ អ្នកដឹកនាំយុវជនអាស៊ី ២០២៤ នៅជប៉ុន ប្រកាន់ខ្ជាប់ក្រមសីលធម៌ គោរពវិន័យ ពង្រឹងសាមគ្គីភាពជាក្រុម

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានធ្វើការណែនាំ និងចង្អុលបង្ហាញ ដល់យុវជនវ័យក្មេងចំនួន ៨រូប ដែលត្រូវចូលរួមកម្មវិធីអ្នកដឹកនាំយុវជនអាស៊ី ២០២៤ នៅប្រទេសជប៉ុន ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យ ពង្រឹងសាមគ្គីភាពជាក្រុម បញ្ចេញសមត្ថភាព និងត្រូវរៀនសូត្រពីមិត្តមកពីបណ្តាប្រទេស។

ការណែនាំរបស់លោកជំទាវបណ្ឌិតខាងលើនេះ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូយុវជនវ័យក្មេងចំនួន ៨រូប ចូលជួបសម្ដែងការគួរសម និងសំណេះសំណាលនាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ មុននឹងចេញដំណើរទៅចូលរួមកម្មវិធី​ អ្នកដឹកនាំយុវជនអាស៊ី ២០២៤ នៅប្រទេសជប៉ុន។

ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអបអរសាទរដល់ប្រតិភូយុវជនទាំង ៨រូប ដែលត្រូវបានជ្រើសរើសចូលរួម​ នៅក្នុងកម្មវិធីអ្នកដឹកនាំយុវជនអាស៊ី ២០២៤ នៅប្រទេសជប៉ុន ដើម្បីលើកកម្ពស់មិត្តភាពអន្តរជាតិ តាមរយៈការផ្លាស់ប្តូរវប្បធម៌ និងការយោគយល់គ្នា រវាងយុវជនមកពីបណ្តាប្រទេសផ្សេងៗ មានដូចជា ចិន ម៉ាទ្បេស៊ី ឥណ្ឌូនេស៊ី ថៃ ជប៉ុន វៀតណាម ទ្បាវ និងមីយ៉ាន់ម៉ា។

ក្នុងនោះលោកជំទាវបណ្ឌិត មានប្រសាសន៍ថា “ការចូលរួមរបស់ប្អូនៗទាំង ៨ រូប គឺតំណាងឱ្យប្រទេសកម្ពុជា ទាំងមូល ដូច្នេះត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យ ពង្រឹងសាមគ្គីភាពជាក្រុម បញ្ចេញសមត្ថភាព និងត្រូវរៀនសូត្រពីមិត្តមកពីបណ្តាប្រទេស ដើម្បីយកចំណេះដឹងទាំងនោះមកចែករំលែក និងអនុវត្តនៅប្រទេសរបស់ខ្លួន” ។

បន្ថែមលើនេះ លោកជំទាវបណ្ឌិត បានចែករំលែកនូវបទពិសោធន៍​ អំពីភាពជាអ្នកដឹកនាំដល់ប្អូនៗយុវជន ព្រមទាំងបានណែនាំឱ្យសិក្សាឈ្វេងយល់ ពីសមិទ្ធផលដែលកម្ពុជាសម្រេចបាន ដើម្បីជាទុនក្នុងការបង្ហាញអត្តសញ្ញាណជាតិ ទៅដល់បណ្តាប្រទេសជាមិត្តដ៏ទៃទៀត។

ជាមួយគ្នានេះប្រតិភូយុវជនទាំង ៨រូប បានគោរពថ្លែងអំណរគុណដល់លោកជំទាវបណ្ឌិត ដែលអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ល្អៗ ជាទុនគំនិតដ៏សំខាន់ ក្នុងការត្រៀមខ្លួនចេញទៅបង្ហាញសមត្ថភាព ជាអ្នកដឹកនាំជាមួយបណ្ដាយុវជន មកពីប្រទេសចំនួន៨ ទៀតនៅក្នុងតំបន់អាស៊ី៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *