Breaking News

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់សម្តេចធិបតី

កំពង់ចាម៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះតាងនាម ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម បានអញ្ជើញបើកវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា។

ក្នុងអង្គវេទិកានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលសម្តេចតែងតែចាត់ទុកសុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់សម្តេច ហើយចង់ឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបាននូវផលប្រយោជន៍ពីកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។

ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីគោលដៅនៃការរៀបចំវេទិកាសាធារណៈ គឺដើម្បីផ្សព្វផ្សាយពីកម្មវិធីនយោបាយ និងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍជាតិមាតុភូមិ ជាពិសេសការកសាងនូវទំនាក់ទំនងរវាងរាជរដ្ឋាភិបាល អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពស្និទ្ធស្នាល និងយោគយល់គ្នា។

ក្នុងនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវហ៊ានលើកឡើងនូវរាល់បញ្ហា ក្តីកង្វល់ និងសំណូពរនានានៅគ្រប់វេទិកាទាំងអស់ ក្នុងគោលដៅដើម្បីបម្រើនូវផលប្រយោជន៍រួមនៅតាមសហគមន៍ និងមូលដ្ឋានរបស់ខ្លួន ហើយរាល់បញ្ហា ក្តីកង្វល់ និងសំណូពរ នឹងត្រូវបានដោះស្រាយតាមដំណាក់កាល និងតាមវិស័យ ដោយមិនត្រូវបានទុកចោលឡើយ។

ក្នុងអង្គវេទិកានេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលតាមភូមិ ក្នុងឃុំតាំងក្រាំង ស្រុកបាធាយ ព្រមទាំងបានថ្លែងអំណរគុណដល់សមាជិកក្រុមការងារទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ និងផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាលនិងប្រជាជន៕ដោយ៖ សិរី នាគ

Check Also

លោកឧត្តមសេនីយ៍ទោខាន់ លីណា ត្រូវបានបន្ថយឋានន្តរស័ក្តិ មកត្រឹមពលបាលត្រី

Leave a Reply

Your email address will not be published. Required fields are marked *