ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នឹងអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អឺរ៉ុបលើកទី១ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងកិច្ចប្រជុំពាក់ព័ន្ធនៃអនុសញ្ញាអូតាវ៉ា នៅទីក្រុង Ljubljana ប្រទេសស្លូវេនី
ក្នុងនាមកម្ពុជា ជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីន ប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន (អនុសញ្ញាអូតាវ៉ា) ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជា អនុប្រធានទី១ អាជ្ញាធរមីន តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន នឹងដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួម កិច្ចប្រជុំថ្នាក់តំបន់អឺរ៉ុបលើកទី១ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៃដំណើរឆ្ពោះទៅកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន និងចូលរួមកិច្ចប្រជុំ ពាក់ព័ន្ធនៃអនុសញ្ញាអូតាវ៉ា ចាប់ពីថ្ងៃទី២៥-៣០ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Ljubljana ប្រទេសស្លូវេនី។
ក្នុងដំណើរបេសកកម្មនៅប្រទេសស្លូវេនី ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នឹងចូលរួមក្នុងសកម្មភាពសំខាន់ៗ រួមមាន៖
– ថ្លែងសុន្ទរកថាក្នុងកម្មវិធីបើកកិច្ចប្រជុំថ្នាក់តំបន់អឺរ៉ុបលើកទី១ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម
– ដឹកនាំកិច្ចប្រជុំពិភាក្សាលើផែនការសកម្មភាពសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩ ដើម្បីប្រមូល ធាតុចូលពីកិច្ចប្រជុំថ្នាក់តំបន់អឺរ៉ុបលើកទី១
– ជួបប្រជុំទ្វេភាគីជាមួយរដ្ឋមិនមែនភាគីនៃអនុសញ្ញាអូតាវ៉ា រួមមាន៖ ប្រទេសចិន ឥណ្ឌា អេហ្ស៊ីប និងហ្សកហ្ស៊ី
– ទស្សនកិច្ចសាកលវិទ្យាល័យជាតិស្តារលទ្ធភាពពលកម្មប្រទេសស្លូវេនី
– សហការរៀបចំអាហារស្វាមគន៍ ក្នុងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ា ជាមួយក្រសួងការបរទេស និងកិច្ចការអឺរ៉ុបនៃប្រទេសស្លូវេនី ដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់តំបន់អឺរ៉ុប ជូនដល់អ្នក ចូលរួមកិច្ចប្រជុំ និងអង្គទូតនានាប្រចាំប្រទេសស្លូវេនី។
បន្ថែមលើសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី នឹងជួបពិភាក្សាការងារជាមួយក្រុមការងារអង្គភាពគាំទ្រការ អនុវត្តអនុសញ្ញាអូតាវ៉ា (ISU) ក្រសួង ស្ថាប័នពាក់ព័ន្ធ នៃប្រទេសស្លូវេនី និងឯកអគ្គរាជទូត/រដ្ឋទូតនានាប្រចាំនៅ ប្រទេសស្លូវេនី និងសហភាពអឺរ៉ុប ដើម្បីជម្រាបជូនអំពីវឌ្ឍនភាពការងារក្នុងនាមកម្ពុជាជាប្រធាននិងម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងការរៀបចំសេចក្តីថ្លែងការណ៍សម្រាប់កិច្ចប្រជុំពេញអង្គរបស់អង្គការ សហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅដើមខែតុលា ឆ្នាំ២០២៤ ដើម្បីកៀរគរធនធាន និង ស្វែងរកការគាំទ្រដល់វិស័យសកម្មភាពមីនសកល៕ដោយ៖ សិរី នាគ