ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា២០២៤ ចូលរួមកិច្ចប្រជុំត្រីភាគីតាមរយៈកម្មវិធី ZOOM ស្តីពីការរៀបចំសេចក្តីថ្លែងការណ៍ (UN Resolution )សម្រាប់កិច្ចប្រជុំពេញអង្គរបស់អង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
កិច្ចប្រជុំនេះដែរ មានការចូលរួមពី ភាគីប្រទេសអាល្លឺម៉ង់ ដែលជាប្រធានកិច្ចប្រជុំរដ្ឋភាគីលើកទី២១ ឆ្នាំ២០២៣ (21MSP) ភាគីប្រទេសជប៉ុន ដែលជាប្រធានកិច្ចប្រជុំរដ្ឋភាគីលើកទី២២ ឆ្នាំ២០២៥ (22MSP) និងអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា(ISU)។
កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើការកៀរគរការគាំទ្រពីរដ្ឋភាគីនៃអនុសញ្ញា រដ្ឋមិនមែនភាគី និងទីភ្នាក់ងារអង្គការសហប្រជាជាតិនានាប្រចាំទីក្រុងញូវយ៉ក ក្នុងការបោះឆ្នោតគាំទ្រសេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ ដែលគ្រោងប្រព្រឹត្តទៅនៅដេីមខែតុលា ឆ្នាំ២០២៤ ក្នុងអង្គសន្និបាតអង្គការសហប្រជាជាតិ៕SRN