សៀមរាប៖ ក្រោយពីមានពាក្យបណ្តឹងប្ដឹងលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ពីសំណាក់លោកស្រី លី អ៊ុំអេង និងមានសារព័ត៌មានមួយចំនួនបានចុះផ្សាយពីលោក នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញនេះបានឆ្លើយតបនៅតាមបណ្ដាញសង្គមហ្វេសប៊ុកថា៖ ដោយមានការចោទប្រកាន់ជាសាធារណៈ និងមានពាក្យបណ្តឹងទៅកាន់អយ្យការអមសាលាដំបូងខេត្តសៀមរាបមកលើរូបខ្ញុំ និងដើម្បីបញ្ជាក់ពីភាពស្អាត ស្អំក្នុងការបំពេញតួនាទីបម្រើប្រជាពលរដ្ឋរបស់ខ្ញុំ។
លោក ឃឹម ហ្វីណង់ បានបន្តថា ខ្ញុំគ្មានជម្រើសអ្វីក្រៅពីធ្វើការបំភ្លឺជាបឋមនៅទីនេះក្នុងនាមបុគ្គល ដោយឡែករបាយការណ៍ផ្លូវការលម្អិតមួយទៀតនឹងត្រូវបានរៀបចំដើម្បីប្រគល់ទៅកាន់សាលាដំបូង និងរដ្ឋបាលខេត្តសៀមរាបនៅពេលក្រោយ។
មិនតែប៉ុណ្ណោះ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានបដិសេធទាំងស្រុងចំពោះការប្រឌិតរឿងឡើងពីសំណាក់លោកស្រី លី អ៊ុំអេង ដើម្បីចោទប្រកាន់មកលើរូបលោក លើករណីដីធ្លីនៅក្នុងស្រុកបន្ទាយស្រី។ លោកបន្តថា ការដោះស្រាយទំនាស់ដីធ្លីគឺជាការបំពេញតួនាទីរបស់ខ្ញុំជាអភិបាលស្រុក ដោយឈរលើគោលការណ៍ច្បាប់ ភាពមិនលម្អៀង និងតម្លាភាព។ តំបន់ដែលមានវិវាទដូចដែលបានលើកឡើងនេះ គឺជាតំបន់ដែលស្ថិតនៅក្រោមគម្របព្រៃឈើឆ្នាំ២០០២ ដែលនៅតែជាដីសាធារណៈរបស់រដ្ឋនៅឡើយ មិនមែនជាកម្មសិទ្ធិឯកជននោះទេ បើទោះជាមានការកាន់កាប់អាស្រ័យផលជាក់ស្តែងក៏ដោយ។ តំបន់ទាំងនេះតែងមានការទាមទារត្រួតគ្នា ឯកសារជាន់គ្នា ព្រំប្រទល់មិនច្បាស់លាស់ សម្បូរទៅដោយវិវាទ និងមានភាពស្មុគស្មាញខ្លាំង ដែលទាមទារឱ្យមានការប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ មុននឹងការដោះស្រាយទំនាស់អាចដំណើរការទៅបាន។
ការដោះស្រាយវិវាទលើដីសាធារណៈរបស់រដ្ឋបែបនេះ ច្បាប់មិនអនុញ្ញាតឱ្យធ្វើឡើងតាមប្រព័ន្ធតុលាការបាននោះទេ ហើយក៏មិនទាន់មានការសម្រេចណាមួយរបស់តុលាការប្រគល់កម្មសិទ្ធិទៅឱ្យភាគីណាមួយនៅឡើយដែរ មិនគួរយកពាក្យ«តុលាការ»មកប្រើប្រាស់ ដែលនាំឱ្យប៉ះពាល់ដល់កិត្តយសរបស់ស្ថាប័នតុលាការឡើយ ពោលគឺមានតែការសម្របសម្រួលក្រៅប្រព័ន្ធតុលាការតែប៉ុណ្ណោះដែលអាចធ្វើទៅបាន។ ការសម្រេចរបស់តុលាការទៅលើករណីព្រហ្មទណ្ឌនានានៅក្នុងតំបន់នេះ មិនមែនជាការប្រគល់កម្មសិទ្ធិដីរដ្ឋទៅឱ្យបុគ្គលណាមួយគ្រប់គ្រងនោះទេ និងមិនត្រូវបកស្រាយពន្លើសឡើយ ហើយមានតែការធ្វើអនុបយោគ និងការទទួលបានប្រទានកម្មដោយអនុក្រឹត្យតែមួយគត់ទើបអាចធ្វើដូច្នេះបាន។
លោកអភិបាលស្រុកដ៏មានប្រជាប្រិយ៍ភាពរូប នេះបានបន្តឲ្យដឹងថា រដ្ឋបាលស្រុកបន្ទាយស្រីបានប្រកាសជាចំហ និងបានជូនដំណឹងជាសាធារណៈតាំងពីថ្ងៃទី១១ខែមករាឆ្នាំ២០២២ ទៅដល់គ្រប់ម្ចាស់ដីទាំងអស់នៅក្នុងតំបន់ដែលតែងតែមានវិវាទខាងលើ រួមទាំងលោកស្រី លី អ៊ុំអេង ឱ្យផ្តល់ឯកសារពាក់ព័ន្ធនឹងការកាន់កាប់អាស្រ័យផលលើដីរបស់ខ្លួន ទោះបីគិតថាមាន ឬគ្មានវិវាទក៏ដោយ ដើម្បីផ្តល់ជាមូលដ្ឋានឱ្យរដ្ឋបាលស្រុកមានទិន្នន័យពេញលេញជាលក្ខណៈប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយ ក្នុងពិនិត្យដោះស្រាយបញ្ចប់វិវាទទាំងឡាយនៅក្នុងតំបន់ដែលមានភាពស្រពិចស្រពិលមួយនេះ មុននឹងបញ្ចូនករណីទាំងនេះទៅរាជរដ្ឋាភិបាលស្នើសុំការកាត់ឆ្វៀលចេញពីគម្រប់ព្រៃឈើ និងសម្រេចថាតើអាចធ្វើប្រទានកម្មជូនដីដែលដោះស្រាយទំនាស់ចប់ហើយនេះបានឬយ៉ាងណា។ ការប្រមូលទិន្នន័យដើម្បីដោះស្រាយវិវាទគឺជាសិទ្ធិស្របច្បាប់របស់អាជ្ញាធរមូលដ្ឋាន ជាពិសេស ប្រសិនបើដីទាំងនោះគឺជាដីសាធារណៈរបស់រដ្ឋនៅឡើយ មិនមែនជាការញុះញ៉ុងដូចការចោទប្រកាន់នោះទេ ហើយក៏មិនមែនជាការប្រពឹត្តផ្ទុយពីការសម្រេចណាមួយរបស់តុលាការនោះដែរ។
លោក ឃឹម ហ្វីណង បានបញ្ជាក់ច្បាស់ៗថា ក្នុងតួនាទីខ្ញុំជាអភិបាលស្រុក ខ្ញុំពុំមានសិទ្ធិកំណត់ទីតាំងព្រំប្រទល់ភូមិ ឬធ្វើការផ្លាស់ប្តូរឈ្មោះភូមិដោយអត្តនោម័តិឡើយ ហើយរឹតតែមិនអាចអនុញ្ញាតឱ្យបុគ្គលណាម្នាក់មកបង្គាប់ឱ្យអាជ្ញាធរមូលដ្ឋានទទួលស្គាល់ទីតាំងភូមិណាមួយខុសពីទិន្នន័យដែលមានស្រាប់នោះដែរ។ ក្នុងអំឡុងពេលជាង២ឆ្នាំក្នុងតួនាទីរបស់ខ្ញុំ ក៏មិនដែលមានករណីផ្លាស់ប្តូរព្រំប្រទល់ភូមិនៅក្នុងស្រុកបន្ទាយស្រីនោះទេ។
លោកបានបន្តថា រាល់ការចោទប្រកាន់ខាងលើ ទាំងលើការញុះញ៉ុង ការមិនគោរពសេចក្តីសម្រេចរបស់តុលាការ ការរំលោភលើកម្មសិទ្ធិឯកជន ឬការផ្លាស់ប្តូរទីតាំងភូមិ សុទ្ធតែជាការប្រឌិត និងជាការចោទប្រកាន់គ្មានមូលដ្ឋាន ដែលខ្ញុំសូមបដិសេធចោលទាំងស្រុង ហើយដែលខ្ញុំអាចមានសិទ្ធិប្តឹងតបវិញបាន។
ទោះបីជាយ៉ាងណាក៏ដោយ លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា ក្នុងន័យការពារកិត្តិយសមន្ត្រីរាជការដែលកំពុងបម្រើប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ខ្ញុំសូមស្វាគមន៍ការបើកស៊ើបអង្កេត និងការធ្វើអធិការកិច្ចលើករណីនេះពីសំណាក់រដ្ឋបាលខេត្ត ឬស្ថាប័នមានសមត្ថកិច្ចណាមួយ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្ញុំ និងផ្តល់យុត្តិធម៌ដល់ការបំពេញតួនាទីរដ្ឋបាលរបស់មន្ត្រីរាជការទាំងអស់ ហើយខ្ញុំត្រៀមខ្លួននឹងចាកចេញពីតួនាទីរបស់ខ្ញុំ និងទទួលខុសត្រូវគ្រប់បែបយ៉ាងចំពោះមុខច្បាប់ ប្រសិនបើរកឃើញថាមានកំហុស និងបានប្រព្រឹត្តដូចការចោទប្រកាន់របស់លោកស្រី លី អ៊ុំអេង ពិតមែន៕SRN