ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជា បានចាប់អាម្មរណ៍លើការប្រើប្រាស់សេវាអត្តសញ្ញាណកម្មសាធារណៈតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលដែលមានភាពលឿនរហ័ស និងនវានុវត្តន៍ ស្របតាមបរិបទសកលលោក នាពេលបច្ចុប្បន្ននេះ។ ជាក់ស្តែង រយៈពេលមួយឆ្នាំ ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែសីហា ឆ្នាំ២០២៤ ប្រជាពលរដ្ឋកម្ពុជា ជាពិសេសគឺយុវជនជាង ៦ម៉ឺននាក់បានទាញយកកម្មវិធីសេវាកម្មអត្តសញ្ញាណកម្ម GDI eServices ដើម្បីយកទៅប្រើប្រាស់តាមទូរស័ព្ទដៃឆ្លាតវៃក្នុងប្រព័ន្ធ Android និង IOS ដោយឥតគិតថ្លៃ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលផ្តោតជាពិសេសលើបច្ចេកវិទ្យាឌីជីថល។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ(សុខៈ)។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានកត់សម្គាល់ថា អត្រាកំណើនការប្រើប្រាស់សេវាសាធារណៈតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលបង្ហាញពីកម្រិតចំណេះដឹង ការអប់រំ និងគុណភាពជីវិតខ្ពស់របស់ប្រជាពលរដ្ឋកម្ពុជា នាពេលបច្ចុប្បន្ន ស្របនឹងគោលនយោបាយជំរុញបច្ចេកវិទ្យាឌីជីថលប្រកបដោយចក្ខុវិស័យវែងឆ្ងាយច្បាស់លាស់របស់រាជរដ្ឋាភិបាល។
លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ខ្ពស់លើការជំរុញបច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ ដើម្បីជំរុញការផ្តល់សេវាសាធារណៈលឿន រហ័ស តម្លាភាព និងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋទូទាំងប្រទេសក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ក្នុងនោះ ចំពោះការងារនវានុវត្តន៍បច្ចេកវិទ្យាឌីជីថលក្នុងការផ្តល់សេវាអត្តសញ្ញាណកម្មតែមួយ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ បានធ្វើទំនើបកម្មបច្ចេកវិទ្យាលើកម្មវិធីសេវាកម្មអត្តសញ្ញាណកម្ម GDI eServices ។
បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ រយៈពេលមួយឆ្នាំនេះ មានប្រជាពលរដ្ឋចំនួន ៣២,៤០០នាក់ បានទាញយកកម្មវិធីតាមប្រព័ន្ធទូរស័ព្ទ Android និងតាមប្រព័ន្ធទូរសព្ទ IOS ចំនួន ៣៣,៣១៧នាក់ ដែលជាអត្រាកំណើនមួយគួរឱ្យកត់សម្គាល់។ ហើយ បើគិតចាប់ពីពេលដំណើរការបង្កើតកម្មវិធីនេះមកដល់បច្ចប្បន្នវិញ មានទិន្ន័យទាញយកទៅប្រើប្រាស់សរុបចំនួនប្រមាណ ១៩ម៉ឺននាក់ ក្នុងនោះ ប្រព័ន្ធទូរសព្ទ Android មានចំនួនរហូតដល់១០៨,០០០នាក់ និងតាមរយៈប្រព័ន្ធទូរសព្ទ IOS មានចំនួន ៨០,៦០៨នាក់។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បានបង្កើត App GDI eServices ឡើង ក្នុងគោលបំណងផ្តល់ភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការស្វែងរកអត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន ឬឯកសារផ្សេងៗដែលបានបាត់។ កម្មវិធីនេះក៏អាចជួយពិនិត្យមើលថាតើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបានថតរួច ធ្វើហើយឬនៅ ក្រៅពីនេះ ក៏បានបញ្ចូលនូវព័ត៌មានជាច្រើនពាក់ព័ន្ធនឹងការផ្តល់សេវាអត្តសញ្ញាណកម្មគ្រប់ប្រភេទ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ សូមទាញយកកម្មវិធី GDI eServices ឱ្យបានគ្រប់គ្នា ដើម្បីជាប្រយោជន៍លឿនរហ័ស និងតម្លាភាពក្នុងការទទួលបានសេវាអត្តសញ្ញាណកម្មសាធារណៈ។
គួរបញ្ជាក់ថា កម្មវិធីសេវាកម្មអត្តសញ្ញាណកម្ម (GDI eServices) គឺជាកម្មវិធីទូរស័ព្ទវៃឆ្លាតដែលមានអត្ថប្រយោជន៍ ដូចជា ១. ប្រជាពលរដ្ឋទទួលបានព័ត៌មានស្ដីអំពីសេវាកម្មអត្តសញ្ញាណកម្មទាំងអត្រានុកូលដ្ឋាន ស្ថិតិប្រជាពលរដ្ឋ អត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែន ២. ប្រជាពលរដ្ឋអាចប្រកាសផ្សាយឯកសារអត្តសញ្ញាណកម្មដែលបាត់បង់ឬរើសបាន ៣. សួរនាំពីបញ្ហា ឬចម្ងល់ផ្សេងៗ ព្រមទាំងទទួលបានចម្លើយពីមន្រ្តីជំនាញប្រចាំការពាក់ព័ន្ធសេវាកម្មអត្តសញ្ញាណកម្ម ៤. តាមដានដំណើការឯកសារបន្ទាប់ពីស្នើសុំ ៥. ស្គែនកូដឯកសារអត្តសញ្ញាណកម្ម និង៦. ស្វែងរកទីតាំងផ្ដល់សេវាអត្តសញ្ញាណកម្ម៕ដោយ៖ សេង បូលីន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យ