ភ្នំពេញ៖ បន្ទាប់ពីលោកឧកញ៉ា អែល សារ៉ុម បានដាក់ពាក្យប្តឹង នៅសាលាដំបូងរាជធានីភ្នំពេញ ប្តឹងបុរីមនោរម្យព្រែកតាទែន ដែលមានអ្នកឧកញ៉ា ផាត់ ប៊ុន ជាអគ្គនាយក ដើម្បីទាមទារឱ្យភាគី បុរីគោរពតាមកិច្ចសន្យា កាលពីថ្ងៃទី២៣ កញ្ញា ២០២៤ កន្លងមកដែលមានមហាជន ជាច្រើនកំពុងរង់ចាំមើលនោះ ពេលនេះសាលាដំបូងចេញដីកាកោះហៅហើយ គឺឱ្យសាមីខ្លួនចូលបំភ្លឺនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពោលគឺរយៈពេល២ថ្ងៃទៀតនេះ។ នេះបើយោងតាមដីកាកោះចុះថ្ងៃទីថ្ងៃទី១១ តុលា ឆ្នាំ២០២៤ ដែលចុះហត្តលេខា ដោយ ចៅក្រម សាយ សម្ភស្សសេរី ក្នុង«នីតិវិធីត្រៀម»។
យោងតាមដីកាកោះរបស់ចៅក្រម សាយ សម្ផស្សសេរី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលអង្គភាពយើងទទួលបាននៅថ្ងៃ២៨ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ថា,យើង ចៅក្រម សាយ សម្ភស្សសេរី សូមអញ្ជើញឈ្មោះ អែល សារ៉ុម ភេទប្រុស កើតឆ្នាំ១៩៨៨ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ជាដើមចោទ អាសយដ្ឋានស្ថិតនៅផ្ទះលេខ១០១ហ្សិត ផ្លូវលេខ៣៦៤ ភូមិ៤ សង្កាត់ច្រាំងចំរោះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ប្ដឹងសុំសាលក្រមទាមទារប្រាក់ សំណុំរឿងក្តីលេខ ២២៤៦ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ។
ដោយដើមចោទឈ្មោះ អែល សារ៉ុម ភេទប្រុស កើតឆ្នាំ១៩៨៨ ជនជាតិខ្មែរ ។ និងចុងចម្លើយ ក្រុមហ៊ុន B&BM Development Co,Ltd តំណាងដោយលោក លី អេរ៉ូ ។ ប៉ុន្តែតំណាងក្រុមហ៊ុន B&BM Development Co,Ltd លោក លី អេរ៉ូ បានដាក់ពាក្យសុំប្តូរកាលបរិច្ឆេទនីតិវិធីត្រៀមសម្រាប់ទាញយកហេតុផលរបស់សាលាដំបូងរាជធានីភ្នំពេញ ទៅថ្ងៃក្រោយវិញដោយសារតែលោកមានភារកិច្ចចាំបាច់ត្រូវចូលរួមប្រជុំនៅក្រុមហ៊ុន នេះបើតាមយោងលិខតសុំប្តូរកាលបរិច្ឆេទរបស់ឈ្មោះ លី អេរ៉ូ ជាតំណាងក្រុមហ៊ុនចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។ យើងចាំមើលថាតើតុលាកានិងមានចំណាត់ការបន្តយ៉ាងណាទៀតក្នុងសំណុំរឿងរដ្ឋប្បវេណីនេះ។
សូមរំលឹកផងដែរថា,យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អែល សារ៉ុម បានទាមទារដូចខាងក្រោម÷
១-សូមទាមទារប្រាក់ពិន័យសាងសង់ផ្ទះយឺតយ៉ាវចំនួន ១២% (ដប់ពីរភាគរយ) ក្នុងមួយឆ្នាំ ទៅលើការ ប្រគល់ផ្ទះយឺតចំនួន ២៧ ខែដែលស្មើនឹងទឹកប្រាក់សរុបចំនួន USD ២២,៤៩៨ (ពីរម៉ឺនពីរពាន់បួនរយ កៅសិបប្រាំបី ដុល្លារអាមេរិក) ដោយគិតចាប់ពីថ្ងៃទី ០៩ ខែ មីនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០២៤ ។
២-សូមឲ្យចុងចម្លើយចុះបញ្ជីបំបែកក្បាលដី និងប្រគល់ប្លង់បំបែកក្បាលដីជូនដើមចោទ ។
៣-សូមទាមទារសំណងនៃការខាតបង់ពេលវេលា សេវាមេធាវី និងចំណាយផ្សេងៗចំនួន ៦០,០០០,០០០ ៛ (ហុកសិបលានរៀល)។
៤-ប្រាក់ប្រដាប់ក្តី ជាបន្ទុករបស់ភាគីចុងចម្លើយ។ លោក អែល សារ៉ុម បានសង្កត់ធ្ងន់ថា ខ្ញុំបាទដែលជាអ្នកទិញផ្ទះចំណាយទ្រព្យធន ដែលបានសន្សំខំតក បានអនុវត្តកាតព្វកិច្ចរបស់ខ្លួនរួចរាល់ហើយ ជាពិសេសពាក់ព័ន្ធនឹងការបង់ ប្រាក់ថ្លៃទិញ ប៉ុន្តែភាគីចុងចម្លើយមិនបានប្រគល់ផ្ទះតាមកាលកំណត់នោះទេ ពោលគឺលើសរយៈពេលដល់ទៅ ២៧ខែ (ប្រគល់ផ្ទះនៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ២០២៤) ។ ហើយចំពោះប្រាក់ពិន័យដែលបានព្រមព្រៀងគ្នាក្នុង កិច្ចសន្យាវិញ ក៏ភាគីចុងចម្លើយមិនបានអនុវត្តផងដែរ ។ ផ្អែកប្រការ ៥.៣ នៃកិច្ចសន្យាទិញលក់ផ្ទះ និងដី ដដែល បានចែងថា “ភាគី (ក) ទទួលបន្ទុកធ្វើប័ណ្ណ បំបែកក្បាលដីផ្តល់ជូនភាគី (ខ) បន្ទាប់ពីភាគី (ខ) បានបង់ប្រាក់ថ្លៃទិញផ្ទះ និងដីតាមតារាងកាលវិភាគបង់ប្រាក់ ចាប់ពី ៣០ខែ ឡើងទៅ។ ប័ណ្ណបំបែកក្បាលដី ដែលជាច្បាប់ដើមត្រូវរក្សាទុកនៅភាគី (ក) ហើយច្បាប់ថតចម្លង ត្រូវប្រគល់ជូនភាគី (ខ)។ អង្គភាពយើងនិងធ្វើការផ្សព្វផ្សាយបន្តទៀតបើសិនជាមានព័ត៌មានថ្មីបន្ថែមពីភាគីពាក់ព័ន្ធក្នុងរឿងនេះ សូមអរគុណ៕SRN